វិធីបំបាត់ការឈឺក្បាលនៅពេលមានផ្ទៃពោះ
នៅពេលដែលអ្នកមានផ្ទៃពោះ ហើយមានជំងឺកើតឡើងមិនថាធ្ងន់ ឬស្រាល អ្នកមិនអាចប្រើថ្នាំផ្តេសផ្តាសឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពកូនខ្លាំងណាស់ ដូចនេះបើអ្នកឈឺក្បាលនៅពេលមានផ្ទៃពោះ ក្រៅពីប្រើថ្នាំ ស្រ្តីអាចសាកវិធីទាំង ៥ ចំណុច
1# ស្អំកន្សែងក្តៅ ឬត្រជាក់
អ្នកអាចយកកន្សែងត្រជាក់មកស្អំលើថ្ងាសរបស់អ្នកចំនួន២០នាទីបាន នោះវានឹងធ្វើឲ្យឈាមនៃខួរក្បាលអ្នកដើរបានស្រួល ហើយសរសៃនៃខួរក្បាលមិនសូវកន្ត្រាក់ នោះវានឹងមិនសូវធ្វើឲ្យអ្នកឈឺខ្លាំងនោះទេ តែក្រោយពេលដែលអ្នកស្អំរួច អ្នកត្រូវតែយកកន្សែងស្ងួតមកជូតឲ្យស្ងួតទើបបាន អ្នកក៏អាចប្រើកន្សែងក្តៅមកស្អំបានដែរ នោះវានឹងជួយឲ្យខួរក្បាលអ្នកមិនសូវមានសំពាធ ដូចនេះអ្នកនឹងមិនមានអាការៈឈឺក្បាលទៀតទេ ប៉ុន្តែកន្សែងមិនត្រូវក្តៅពេកទេ វានឹងអាចធ្វើឲ្យអ្នករលាកបាន។
2# ងូតទឹកក្តៅ
នៅពេលដែលអ្នកឈឺក្បាល អ្នកអាចងូតទឹកក្តៅបាន ព្រោះវាអាចធ្វើឲ្យសរសៃឈាមអ្នកដើរបានស្រួល ជាងនេះទៅទៀតវាអាចជួយបន្ធូរសាច់ដុំនៃរាងកាយអ្នកមិនសូវតឹងបាន ដូចនេះអ្នកនឹងអាចបាត់នូវអាការៈឈឺក្បាលនេះបាន ប៉ុន្តែអ្នកមិនត្រូវងូតច្រើនដង ហើយយូរពេកទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពកូន និងអ្នកខ្លាំងណាស់។
3# ហាត់ប្រាណ
អ្នកអាចសាកល្បងដើរទៅសួរច្បារបាន ព្រោះនៅពេលដែលអ្នកដើរទៅសួរច្បារ អ្នកអាចស្រូបយកខ្យល់អាកាសបរិសុទ្ធបាន មិនត្រឹមតែប៉ុណ្ណោះ អ្នកអាចគយគន់ផ្កា និងធម្មជាតិបានទៀតផង ដូចនេះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយមិនឈឺក្បាលទៀតទេ ជាងនេះទៅទៀត អ្នកអាចហាត់ប្រាណដោយប្រើចលនាផ្សេងៗបាន នោះវានឹងជួយអ្នកបំបាត់នូវអាការៈនោះដូចគ្នា។
4# បរិភោគបង្អែមខ្លះ និងផឹកទឹកឲ្យច្រើន
នៅពេលដែលអ្នកមានផ្ទៃពោះ ហើយកម្រិតជាតិស្ករក្នុងរាងកាយអ្នកទាប វាអាចធ្វើឲ្យអ្នកឈឺក្បាលដូចគ្នា ដូចនេះអ្នកអាចបរិភោគបង្អែមបន្តិចបាន តែមិនត្រូវច្រើនទេ ជាងនេះទៅទៀតអ្នកត្រូវតែផឹកទឹកឲ្យច្រើន អាចផឹកទឹកដោះគោ ទឹកទំពាំងបាយជូរ ឬទឹកផ្លែឈើស្រស់ វាសុទ្ធតែអាចធ្វើឲ្យអ្នកមានសុខភាពល្អ និងកូនអាចមានសុខភាពល្អដូចគ្នា។
5# គេងឲ្យគ្រប់
អ្នកត្រូវតែគេងឲ្យគ្រប់ មិនត្រូវនឿយហត់ពេកទេ ហើយអ្នកមិនត្រូវអង្គុយយូរពេកទេ ត្រូវតែងើបឡើងមកដើរខ្លះ ដើម្បីឲ្យឈាមដើរបានស្រួល ទើបមិនងាយឈឺក្បាល ហើយថែមទាំងអាចធ្វើឲ្យកូនអ្នកមានសុខភាពល្អទៀតផង៕