តើអ្នកម្តាយត្រូវដឹងអ្វីខ្លះកំឡុងពេលមានផ្ទៃពោះ?
រាជធានីភ្នំពេញ ៖ សុខភាពអ្នកម្តាយ និងទារក គឺមានសារៈសំខាន់ណាស់ ដូចនេះនៅពេលអ្នកកំពុងពរពោះ អ្វីដែលចាំបាច់នោះ គឺអ្នកត្រូវមកធ្វើការតាមដានផ្ទៃពោះឱ្យបានទៀងទាត់ តែត្រូវចាំថា អ្នកមិនមែនជាអ្នកជំងឺទេ។ នេះជាការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ឈឹម គារ៉ែនណា ផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែត ។
លោកស្រីវេជ្ជបណ្ឌិត ឈឹម គារ៉ែនណា លើកឡើងទៀតថា ៖ អ្វីដែលអ្នកត្រូវធ្វើក្នុងអំឡុងពេលមានផ្ទៃពោះ រួមមាន៖
ក-ពិនិត្យផ្ទៃពោះ ៖
១) ការពិនិត្យផ្ទៃពោះក្នុងអំឡុងត្រីមាសទី១ គឺដើម្បីបញ្ជាក់ថា៖
– តើអ្នកមានកូនមែន ឬអត់?
– កូនចាប់កំណើតថ្ងៃណា?
– គ្រប់ខែថ្ងៃណា?
– អ្នកមានកត្តាប្រឈម គ្រោះថ្នាក់ឬទេ?
២) ការពិនិត្យក្នុងអំឡុងត្រីមាសទី២ ៖
- តើទារកក្នុងផ្ទៃលូតលាស់ សមស្របតាមអាយុរបស់គេ ដែរឬទេ?
– តើអ្នកមានជំងឺអ្វីកើតឡើងទេ អំឡុងពេលពរពោះ? (ឧ. លើសឈាម,ទឹកនោមផ្អែម, បេះដូង…)
– តើកូនអាចប្រឈមកើតមុនខែឬទេ?
៣) ការពិនិត្យក្នុងត្រីមាសទី៣ ៖
– មើលការលូតលាស់របស់ទារក
– ដើម្បីវាយតម្លៃ និងរៀបចំទុកជាមុន ថាតើកូនរបស់អ្នកអាចកើតបានតាមធម្មជាតិ ឬក៏ត្រូវការអន្តរាគមន៌វះកាត់បែបវេជ្ជសាស្ត្រ។
– ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុង ការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។
ខ) ការពិនិត្យឈាម និងទឹកនោម ៖
១. នៅពេលចាប់ផ្តើមមានកូន ៖
– ការពិនិត្យរកក្រុមឈាម គ្រាប់ឈាម និងជំងឺផ្សេងៗ
– ពិនិត្យជាតិស្ករ ក្នុងឈាម ខ្វះជាតិស្ករ ទឹកនោមផ្អែមពេលមានទំងន់?
២. នៅពេលជិតសម្រាល ៖ ការពិនិត្យឈាមនៅរយៈពេលនេះមានសារៈសំខាន់ សម្រាប់ត្រៀមនៅពេលសម្រាល (សម្រាលដោយធម្មជាតិ ឬវះកាត់)។
គ) ការពិនិត្យរោគស្ត្រី ៖
– រលាកមាត់ស្បូន រលាកទ្វាមាស
– ធ្លាក់ស បង្កដោយមេរោគ (មេរោគអាចបណ្តាលឲ្យកូនលូតលាស់មិនសមស្រប បែកទឹកភ្លោះខុសប្រក្រតី ឬ កូនកើតមិនគ្រប់ខែ)
ឃ) ការចាក់វ៉ាក់សាំង ៖ ក្នុងអំឡុងពេលមានផ្ទៃពោះ វ៉ាក់សាំងសំខាន់ចាំបាច់ដែលត្រូវចាក់ និងគ្មានផលប៉ះពាល់ដល់ទារកក្នុងផ្ទៃ។
ង) ការទទួលថ្នាំជាតិដែក acide folique និង វីតាមីនផ្សេងៗដើម្បីឲ្យទារកក្នុងផ្ទៃ លូតលាស់បានល្អគ្រប់គ្រាន់ និងត្រឹមត្រូវ ព្រមទាំងអាចបង្ការពីជំងឺផ្សេងៗមួយចំនួនទៀតផង ។
ហើយអ្នកម្តាយត្រូវធ្វើការពិនិត្យសុខភាពជារៀងរាល់ខែ ទៅតាមការណាត់របស់គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាលម៉ែត។ ក្នុងករណីមានភាពមិនធម្មតា (ឧ. ធ្លាក់ឈាម ឈឺពោះ ឫមានសញ្ញាអ្វីមួយមិនប្រក្រតី …) អ្នកត្រូវមកជួបគ្រូពេទ្យជាបន្ទាន់កុំរង់ចាំថ្ងៃណាត់ជួប។
លោកស្រីវេជ្ជបណ្ឌិត ឈឹម គារ៉ែនណា, វេជ្ជបណ្ឌិតផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យកាល់ម៉ែតបានរំលឹកថា ៖ ការគោរពបានទៅតាមតំបូន្មានគ្រូពេទ្យជំនាញ និងការពិនិត្យសុខភាពបានទៀងទាត់ជាកត្តាដែលនាំឱ្យអ្នកម្តាយ និងបុត្រធីតាជៀសផុតពីគ្រោះថ្នាក់ក្នុងកំឡុងពេលសម្រាល ៕