អ្នកម្តាយគួរប្រុងប្រយ័ត្នក្បាលដោះបៀមលេងរបស់ទារកពិតជាគ្រោះថ្នាក់
ក្បាលដោះបៀមលេងរបស់ទារកហាក់បីដូចជារបស់ដែលគ្មានអ្វីគ្រោះថ្នាក់ឡើយ ព្រោះវាអាចជួយបន្ធូរអារម្មណ៍ខឹង ឬយំរបស់ទារកបាន។ និយាយឲ្យខ្លីទៅគឺមានប្រយោជន៍ណាស់។ តាមពិតទៅ វាមិនប្រាកដថាមានប្រយោជន៍ទាំងអស់ឡើយបើសិនជាប្រើវាមិនបានត្រឹមត្រូវ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ទារកបាន។
មានការបង្ករោគនៅមាត់
ក្បាលដោះបៀមលេងមានលក្ខណៈដូចគ្នានឹងច្រាស់ដុសធ្មេញអញ្ចឹងដែរ។ ការដែលប៉ះពាល់នឹងមាត់ជាប់រហូតងាយនឹងធ្វើឲ្យវាលូតលាស់មេរោគណាស់។ ដូច្នេះបើសិនជាមិនបានលាងសម្អាតវាល្អទេ វាទំនងជាអាចបង្ករោគក្នុងមាត់ទារកបាន។
មានបញ្ហានឹងការបំបៅដោះ
បើសិនជាអ្នកចង់បំបៅដោះកូន ចូរចៀសវាងឲ្យគេបៀមក្បាលដោះលេងក្នុងរយៈពេល ៦ខែដំបូង។ កាលណាឲ្យគេឆាប់ប្រើពេក វានឹងរំខានដល់ការចង់បៅដោះបាន។
ទំនាក់ទំនងកាន់តែឆ្ងាយពីម្តាយ
ការបំបៅដោះកូនគឺជាវិធីដ៏ល្អមួយក្នុងការបង្កើនទំនាក់ទំនងរវាងទារកនិងម្តាយ។ ប៉ុន្តែចូរចាំថា ក្បាលដោះបៀមលេងនឹងកាត់បន្ថយទំនាក់ទំនងនេះបាន។ មានន័យថា កាលណាអ្នកឲ្យគេប្រើកាន់តែច្រើន អ្នកពិតជាមិនសូវមានពេលនៅជាមួយគ្នាឡើយ។
មានបញ្ហាក្នុងការនិយាយ
ក្បាលដោះបៀមលេងមិនគួរណាប្រើលើក្មេងអាយុចាប់ពី ៣ឆ្នាំឡើងទៅឡើយ ព្រោះវាអាចរំខានដល់ការលូតលាស់ធ្មេញរបស់គេ ហើយក៏ងាយនឹងមានបញ្ហាដល់ការនិយាយដែរ។

ប្រឈមនឹងការពុកធ្មេញ
បញ្ហាពុកធ្មេញនេះកើតឡើងយ៉ាងគួរឲ្យភ្ញាក់ផ្អើលជាងការដែលទារកជញ្ជក់ម្រាមដៃទៅទៀត។ នេះដោយសារតែក្បាលដោះបៀមលេងអាចនឹងមានមេរោគទុំច្រើន។
អាឡែហ្ស៊ី
ជាតិជ័ររបស់ក្បាលដោះបៀមលេងក៏អាចបណ្តាលឲ្យកើតបញ្ហាអាឡែហ្ស៊ីដល់ទារកបានដែរ។ រោគសញ្ញារបស់វាមានដូចជា ការរលាកនៅច្រមុះ មាត់ និងភ្នែក។ ដល់ពេលដែលបំពង់ករហើម វានឹងបង្កជាបញ្ហាដល់ការដកដង្ហើមថែមទៀត។
ចូរចាំថា កុំព្រោះតែផលរំខានទាំងអស់នេះ អ្នកលែងឲ្យកូនបៀមក្បាលដោះនោះទេ ព្រោះវាក៏អាចជួយដល់ពួកគេធូរស្រាលក្នុងអារម្មណ៍បានដែរ។ តាមការស្រាវជ្រាវបានឲ្យដឹងទៀតថា ក្បាលដោះបៀមលេងអាចបន្ថយការប្រឈមនឹងការស្លាប់ភ្លាមៗរបស់ទារកទើបនឹងកើតបាន (Sudden Infant Death Syndrome, SIDS)៕