វិធីងាយៗថែទាំស្បែកទារក នៅក្នុងរដូវរងានេះ
ចូលមកដល់ខែធ្នូនេះ រដូវរងាបានរំកិលមកដល់ ដែលអាចនិយាយបានថារដូវរងានេះអាចបណ្តាលឲ្យស្បែកស្បែក បែកស្រកា និងមានបញ្ហាផ្សេងៗទៅលើសុខភាពស្បែក ។ ថ្ងៃនេះយើងលើកយកតិចនិកមួយចំនួនទាក់ទងទៅ និងការថែទាំស្បែកទារកនៅរដូវរងាវិញម្តង ខាងក្រោមនេះជាវិធីសាស្ត្រនៅក្នុងការ ការពារ៖
១. លាបក្រែម ឬឡេផ្តល់សំណើមដល់ស្បែក ៖ ខ្យល់ត្រជាក់ធ្វើឲ្យស្បែកប្រែទៅជាស្ងួត ហើយបើធ្ងន់ធ្ងរខ្លាំងទៅជាប្រេះ ពិសេសស្បែកមុខ ដៃ ជើង ហើយត្រូវនឹងស្បែកកូនក្មេងនៅខ្ចីទៀត ទៅជាក្រហម រលាកស្បែកក៏មាន។ អ៊ីចឹងហើយម៉ាក់ៗគួរទិញក្រែមមកលាបមុខ និងឡេសម្រាប់លាបដងខ្លួន ដៃជើងកូន ដើម្បីជួយផ្តល់សំណើមដល់ស្បែកកូន ហើយត្រូវលាបនៅពេលងូតទឹករួច គឺនៅពេលព្រឹក ថ្ងៃ និងពេលយប់។

២. ស្លៀកពាក់ខោអាវក្រាស់ៗឲ្យកូន ៖ ការស្លៀកក្រាស់ៗអាចការពារស្បែកកូនពីខ្យល់ស្ងួតផង ថែមជួយឲ្យកូនមានភាពកក់ក្តៅទៀត តែទោះយ៉ាងណាម៉ាក់ៗត្រូវប្រាកដថាខោអាវទាំងនោះមិនរមាស់ ស្កៀប ធ្វើឲ្យកូនពិបាកទ្រាំ ឬបង្កទៅជាកន្ទួលរមាស់ស្បែកកូនទៀត។ បន្ថែមពីលើសម្លៀកបំពាក់វែងៗ ក្រាស់ៗ ម៉ាក់ៗកុំភ្លេចពាក់ស្រោមដៃស្រោមជើងឲ្យកូនផង។

៣. ងូតទឹកកូនឲ្យបានទៀងទាត់ ៖ ម៉ាក់ប៉ាខ្លះ ពេលអាកាសធាតុត្រជាក់ខ្លាំងពេក មិនហ៊ានងូតទឹកឲ្យនោះទេ សុខចិត្តជូតខ្លួនកូនជំនួសវិញ។ តែការធ្វើបែបនេះមិនល្អនោះ ទោះជាអាកាសប្រែប្រួលយ៉ាងណាក៏ដោយ យើងត្រូវងូតទឹកឲ្យកូនធម្មតា ដោយគ្រាន់តែប្តូរទម្លាប់ពីការងូតទឹកត្រជាក់ មកងូតទឹកក្តៅឧណ្ហៗវិញ ។
៤. ប្រើសាប៊ូដែលមានក្លិនស្រាល មិនសូវមានជាតិអាល់កុល ៖ ការប្រើសាប៊ូដែលមានក្លិនក្រអូបខ្លាំង ឬមានជាតិអាល់កុល ធ្វើឲ្យស្បែកកូនរឹតតែស្ងួត និងស្តើងខ្លាំង អ៊ីចឹងហើយម៉ាក់ៗត្រូវជ្រើសរើសសាប៊ូណាដែលមានក្លិនស្រាលៗវិញ ទើបមិនធ្វើឲ្យឆួលខ្លាំងប៉ះពាល់ផ្លូវដង្ហើមកូន៕