ចំណុចទាំង១២ធ្វើឪ្យកែប្រែសុខភាពរបស់អ្នកមានផ្ទៃពោះ

ការមានគភ៌ជាដំណាក់កាលធម្មជាតិដ៏ល្អមួយដែលគួរតែត្រូវបានទទួលនូវសុខមាលភាព  និងសុខភាពហើយជាដំណាក់កាលដែលបង្ហាញនូវការប្រែប្រួលខ្លះៗដែលស្ត្រីត្រូវតែត្រៀមខ្លួនក្នុងជីវិតថ្មី​ដើម្បីបំពេញនូវតម្រូវការរបស់ទារកសម្រាប់ការលូតលាស់ក្នុងផ្ទៃ។ ដូច្នេះក្នុងពេលមានផ្ទៃពោះស្រ្តីគប្បីយល់ដឹងនូវការប្រែប្រួលមួយចំនួនក្នុងពេលមានផ្ទៃពោះដូចខាងក្រោមនេះ៖

១- ការចង្អោរ និងក្អួត៖ ជាទូទៅវាកើតមានឡើងនៅក្នុងត្រីមាសទី១ហើយច្រើនតែពេលព្រឹក។ វាបណ្តាលមកពីការផ្លាស់ប្តូរអ័រម៉ូននៅពេលមានគភ៌។

២- ក្តៅក្នុងទ្រូង ភើរ៖ មានឈឺ ឬក៏ក្តៅក្នុងទ្រូងឋិតត្រង់ក្រោយឆ្អឹងសន្ទះទ្រូង ឬក៏នៅចុងដង្ហើមដែលអាចឈឺខ្លាំងនៅពេលដែលស្ត្រីស្ថិតក្នុងស្ថានភាពដេករាប។ ជាទូទៅវាកើតឡើង នៅក្នុងត្រីមាសទី២ និងទី៣។ វាកើតឡើងបណ្តាលមកពីជាតិអាស៊ីតក្នុងក្រពះដែលច្រាលត្រលប់ទៅបំពង់ករវិញពីព្រោះពេលនោះស្បូនបានរុញទៅលើទល់នឹងក្រពះ។ ហើយជាតិអាស៊ីតក្នុងក្រពះក៏អាចមានច្រើនជាងធម្មតាផងដែរដែលបណ្តាលមកពីមានការផ្លាស់ប្តូរអ័រម៉ូននៅក្នុងខ្លួន។

៣- ការទល់លាមក៖ ដោយសារទំហំស្បូនចេះតែធំឡើងៗធ្វើឱ្យមានការរុញសង្កត់ទៅលើពោះ វៀនដែលនាំឱ្យមានការទល់លាមក។

៤-​ ឈាមច្រមុះ៖ បណ្តាលមកពីការប្រែប្រួលអ័រម៉ូននៅពេលមានគភ៌។ ប្រសិនស្ថានភាពនៃការឈាមច្រមុះនេះមិនធូរស្រាលទេ គួរតែទៅពិភាក្សាជាមួយគ្រូពេទ្យពីបញ្ហានេះ។

៥- ការរីកសរសៃរឈាមវ៉ែន៖ ករណីនេះគឺបណ្តាលមកពីការកើនឡើងនៃអ៊ីស្រ្តូហ្សែន និង ប្រ៉ូហ្សេស្តេរ៉ូន ក៏ដូចជាធ្វើឱ្យកើនឡើងនូវបរិមាណឈាម។ ការកើនឡើងនូវការសង្កត់របស់ស្បូនទៅលើ សរសៃរឈាមវ៉ែននៅក្នុងតំបន់អាងត្រគាកក៏អាចជាមូលហេតុនេះដែរ។ ស្ត្រីអាចមានការឈឺចាប់ រោយ ជើង រមួលក្រពើរនៅពេលយប់ និងហើម។

៦- ឫសដូងបាត៖ ភាគច្រើនវាបណ្តាលមកពីការទល់លាមក និងដោយសារការប្រឹងពេលសម្រាលកូន។

៧- ឈឺ និងឡើងដោះ៖ បណ្តាលមកពីការប្រែប្រួលអ័រម៉ូន។

៨- ហើមជើង៖ បណ្តាលមកពីការរីកធំនៃសរសៃរឈាមវ៉ែនដែលនាំឱ្យមានជ្រាបចេញនៅទឹក ឬសារធាតុរាវទៅក្រៅសរសៃរវ៉ែនចូលទៅក្នុងចន្លោះកោសិការបស់ជើង។ ការហើមជើងបន្តិចបន្តួចនៅក្នុងចុងខែនៃគភ៌គឺជារឿងធម្មតា ប៉ុន្តែវាក៏អាចជាសញ្ញារបស់បម្រុងក្រឡាភ្លើងផងដែរ។

៩-​ ឈឺក្បាល៖ ជាទូទៅច្រើនកើតនៅក្នុងត្រីមាសទី១ តែជួនកាលនៅខែចុងក្រោយនៃការមាន គភ៌ផងដែរ។

១០- ឈឺចង្កេះ៖​ ពីព្រោះស្ត្រីមានផ្ទៃពោះបានផ្លាស់ប្តូរទម្រង់នៃក្នុងការឈរ ឬធ្វើចលនា ធ្វើ​ឱ្យសាច់ដុំខ្នងរបស់គាត់រោយហើយឈឺចាប់។

Frequent Urination During Pregnancy: Causes and Tips To Deal With It

១១- ឈឺពោះ៖ ស្រ្តីខ្លះឈឺរមួលសាច់ដុំក្នុងខែចុងក្រោយនៃគភ៌ត្រង់ម្តុំពោះចាក់ទៅក្រលៀន។ ការឈឺចាប់នេះបណ្តាលមកពីសរសៃរពួររបស់ស្បូនត្រូវបានទាញសន្ធឹង។ វាជាករណីធម្មតាតែត្រូវ បែងចែកឱ្យដាច់ពីការឈឺពោះកើតកូនមិនគ្រប់ខែ។

១២- នោមញឹក៖ ដោយសារស្បូនកាន់តែរីកធំឡើងៗ ប្លោកនោមដែលនៅជាប់នឹងស្បូននោះក៏ដោលឡើងដែរ នេះគឺជាករណីធម្មតា តែបញ្ហានេះក៏អាចទាក់ ទងទៅនឹងការករោគនៅលើប្រព័ន្ធតម្រងនោមផងដែរ។

ការប្រែប្រួលខាងលើនេះមួយចំនួនគឺជាការប្រែប្រួលធម្មតា ហើយស្រ្តីមានផ្ទៃមានពោះគប្បីទៅទទួលការថែទាំផ្ទៃពោះយ៉ាងហោចណាស់ឱ្យបាន៤ដងយ៉ាងតិចក្នុងអំឡុងពេលមានផ្ទៃពោះគឺលើកទី ១ នៅពេលមានផ្ទៃពោះ   លើកទី ២ នៅសប្តាហ៍ទី ២០ដល់ ២៤ លើកទី ​៣ នៅសប្តាហ៍ទី ២៨ ដល់ ​៣២ និងលើកទី ៤ ​នៅ ៤ សប្តាហ៍មុនស​ម្រាល។