អត្តបទគួរអាន៖ វិធីដើម្បីកុំឱ្យទារកក្អែរ ឬក្អួត ក្រោយពេល
ទារកអាយុក្រោម ៧ខែ បើម្ដាយបំបៅដោះច្រើន នោះទារកនឹងឆ្អែតខ្លាំង ហើយមានអាការៈក្អួត ឬក្អែចេញមកវិញ។ សូមកុំព្រួយបារម្ភ គឺគ្រាន់តែជាទម្លាប់ធម្មតាដែលទារកបៅទឹកដោះច្រើនពេក ទើបក្អែចេញមកក្រៅវិញ ដែលបង្កជាការរំខានបន្តិចបន្តួច។
បើទោះបីជា ទារកមិនអាចប្រាប់ឱ្យយើងដឹងថា ខ្លួនគេបៅដៅឆ្អែតក៏ដោយ តែអ្នកម្ដាយ ឬអាណព្យាបាលគ្រប់រូបអាចដឹងបាន ក្នុងរយៈពេលចន្លោះពី ១០ ទៅ ១៥ នាទី គឺទារកអាចបៅទឹកដោះឆ្អែត ឬគ្រប់គ្រាន់ល្មមសម្រាប់ពួកគេហើយ។ ក៏ប៉ុន្តែ នៅពេលណាដកវាយំ មានន័យថា វានៅត្រូវការ។ ប៉ុន្តែ នៅពេលណាដកវាស្ងាត់ បានន័យថា វាគ្រប់គ្រាន់។
ដើម្បីធានាថា បរិមាណចំណុះទឹកដោះគោគ្រប់គ្រាន់សម្រាប់កុមារក្នុងមួយថ្ងៃ គឺត្រូវយកទម្ងន់ខ្លួនរបស់កុមារ គុណនឹងចំណុះទឹកដោះគោ ១០០ មីល្លីលីត្រ និងក្នុងមួយពេលត្រូវបៅ ១០០មីល្លីលីត្រ។ ក្នុងករណីខ្លះ កុមារអាចបៅញឹកជាងនេះ ប្រសិនបើគាត់ត្រូវការ។ ប៉ុន្តែ មិនអាចតិចជាងហ្នឹងទេ។
អាហារមួយមុខ ដែលសំខាន់បំផុតសម្រាប់កុមារអាយុចាប់ពេលកើតរហូតដល់បាន ៦ ខែ គឺមានតែទឹកដោះប៉ុណ្ណោះ ព្រោះពួកគេមានក្រពះនៅខ្ចីណាស់។
ករណីនេះ សូមកុំឱ្យកុមារបរិភោគបបរនៅអាយុ ២ ឬ៣ ខែទេ ព្រោះខ្លួនសារពាង្គកាយ និង ក្រពះរបស់ពួកគេ ព្រមទាំងសារជាតិចិញ្ចឹមនៅក្នុងខ្លួនកុមារ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការកិនកម្ទេចអាហារបានទេ ពីព្រោះអាហារ ដែលបរិភោគទៅ មានសារជាតិច្រើនចេញមកជួយរំលាយ។ បម្រាមនេះ គឺអាចការពារកុមារកុំឱ្យកើតជំងឺក្រពះពោះវៀនជាដើម។
សូមចំណាំផងដែរថា កុមារដែលមិនបានបំបៅដោយដោះ ឬបំបៅមិនគ្រប់គ្រាន់ ច្រើនកើតមានជំងឺរាករូស និងជំងឺដង្កាត់ផ្សេងៗ ទៀត។ ផលប្រយោជន៍សម្រាប់ម្ដាយបំបៅដោះកូនវិញ គឺជួយបន្ថយអត្រាកើតជំងឺលើសឈាម ជំងឺទឹកនោមផ្អែម មានសារធាតុខ្លាញ់កូលេស្ទើរ៉ូល (Cholesterol) ទាប និងមិនសូវធាត់។
ឪពុកម្ដាយ ឬអាណាព្យបាល គប្បីចាប់ផ្ដើមបញ្ចុកអាហារចម្រុះបន្ថែមដល់កូនម្ដងបន្តិចៗ នៅអាយុ ៦ ខែ។ កុំបារម្ភខ្លាំងពេកពេលកូនមិនញ៉ាំ ហើយក៏មិនត្រូវបង្ខំកូនដែរ។ ព្យាយាមបញ្ចុកអាហារកូន ២ ទៅ ៣ ដងក្នុងមួយថ្ងៃនៅចន្លោះអាយុពី ៦ ទៅ ៨ ខែ។ ការផ្ដល់អាហារបន្ថែមនេះ នាំឱ្យកុមារឆាប់ចម្រើនលូតលាស់ ទាំងរាងកាយ និងបញ្ញាស្មារតី នៅពេលមានអាយុចាប់ពី ៦ខែឡើងទៅ៕