មូលហេតុទាំង ៥ ដែលធ្វើឲ្យទារកឧស្សាហ៍ភ្ងាក់ពីគេងពេលយប់អ្នកម្តាយគួរតែដឹង
ទារកមិនគេងពេញមួយយប់នោះទេ ហើយនេះគឺជាបញ្ហាដែលឪពុកម្តាយត្រូវដោះស្រាយ។ ឪពុកម្តាយភាគច្រើនយល់ថា ដោយសារភាពឃ្លានទើបធ្វើឱ្យទារកភ្ញាក់នៅពាក់កណ្តាលយប់។ មិនអាចបដិសេធហេតុផលនេះបានទេ ពីព្រោះកូនក្មេងតែងតែមានអារម្មណ៍ឃ្លានញឹកញាប់ហើយអ្នកត្រូវតែភ្ញាក់ពីគេងដើម្បីបំបៅពួកគេ។ ប៉ុន្តែការឃ្លានមិនមែនជាមូលហេតុតែមួយគត់ដែលធ្វើឲ្យទារកភ្ញាក់ និងយំទេ ។
តើមានមូលហតុអ្វីខ្លះដែលធ្វើឲ្យទារកឧស្សាហ៍ភ្ងាក់ពីគេង? ខាងក្រោមនេះ parenting-tip.com សូមលើកយកមូលហេតុទាំង ៥ ដែលធ្វើឪ្យកូនតូចរបស់អ្នកយំនៅពេលយប់ដែលអ្នកអ្នកម្តាយគ្រប់រូបត្រូវដឹងមានដូចខាងក្រោម៖
១-ដុះធ្មេញ
ការដុះធ្មេញអាចជាការលំបាកសម្រាប់ទារក ហើយថែមទាំងធ្វើឲ្យពួកគេឈឺថែមទៀតផង ។ ដូច្នេះប្រសិនបើទារករបស់អ្នកចាប់ផ្តើមបង្ហាញសញ្ញានៃការដុះធ្មេញដូចជាអ្នកអាចមានអារម្មណ៍ថាមានធ្មេញដុះចេញពីអញ្ចាញនៅពេលអ្នកប៉ះលើអញ្ចាញ ឬប្រសិនបើធ្មេញបានដុះចេញមករួចហើយ ត្រូវដឹងថាកូនរបស់អ្នកកំពុងប្រឈមមុខនឹងការមិនស្រួលខ្លួនមួយចំនួន ។
ពួកគេនឹងអាចយំច្រើន ហើយអាចពិបាកក្នុងការគេង ។ ប៉ុន្តែការឈឺចាប់ដោយសារការដុះធ្មេញមិនត្រឹមតែកើតឡើងនៅពេលថ្ងៃប៉ុណ្ណោះទេ ។ ជួនកាលទារកអាចមានការឈឺចាប់កើតឡើងនៅពេលយប់ផងដែរដែលជាមូលហេតុធ្វើឲ្យទារកក្រោកពីគេង ហើយស្រែកយំខ្លាំងៗ ។
២-បញ្ហាខោទឹកនោម
ខោទឹកនោមសើមគឺជាមូលហេតុ១ក្នុងចំណោមមូលហេតុជាច្រើនដែលធ្វើឱ្យកូនអ្នកភ្ញាក់នៅពាក់កណ្តាលយប់ ។ ដូច្នេះត្រូវប្រាកដថាអ្នកប្តូរខោទឹកនោមទារកបានញឹកញាប់ ជាពិសេសប្រសិនបើអ្នកកំពុងប្រើកន្ទបក្រណាត់ ឬប្តូរទៅប្រើខោទឹកនោមដែលអាចប្រើប្រាស់រយៈពេលយូរនៅពេលយប់ ។
៣-មិនស្រួលខ្លួន
បញ្ហាដូចជាក្អក និងផ្តាសាយធ្វើឱ្យទារកមិនស្រួលខ្លួនពេលគេងពេលយប់ ។ តឹងច្រមុះ ពិបាកដកដង្ហើមក្អកអាចធ្វើឱ្យទារកអ្នកភ្ញាក់នៅពេលយប់ ហើយស្រែកយំបាន ។ ជួនកាលការឈឺចាប់ដោយសារការចាក់ថ្នាំវ៉ាក់សាំងក៏អាចជាមូលហេតុធ្វើឲ្យពួកគេមិនស្រួលខ្លួនផងដែរ ។
៤-បញ្ហាប្រព័ន្ធរំលាយអាហារ
ការហើមពោះ និងការច្រាលអាស៊ីតក្រពះអាចមានការឈឺចាប់ខ្លាំងចំពោះទារក ហើយវានឹងរំខានដល់ការគេងរបស់ពួកគេនៅពេលយប់ ។
៥-ឃ្លាន
ជាការណ៍ពិតណាស់ ទារកមិនអាចគេចផុតពីមូលហេតុនេះបានទេ ។ ទារកទើបនឹងកើតត្រូវការអាហារគ្រប់ពេលវេលា ។ ដូចគ្នានេះផងដែរ ទារកកាន់តែធំត្រូវការការបំបៅដោះយ៉ាងហោចណាស់ម្តងនៅពេលយប់ ។ ការណ៍ឃ្លានគឺជាហេតុផលដ៏ត្រឹមត្រូវដែលធ្វើឲ្យទារកភ្ញាក់នៅពេលយប់ ៕