គ្រោះថ្នាក់ណាស់! ផលវិបាកនៃការបង្កកំណើតកូនភ្លោះដែលអ្នកមានបំណងយកកូនចង់បាន

កូនភ្លោះ គឺជាការបង្កកំណើតកូន២ក្នុងស្បូន ក្នុងពេលតែមួយ។ ការមានផ្ទៃពោះកូនភ្លោះ ត្រូវបានគេចាត់ចូលក្នុងក្រុមគភ៌មានវិបត្តិ ដោយសារតែការពរពោះមានផលវិបាកច្រើន ចំពោះម្តាយនិងទារកក្នុងផ្ទៃ។ អត្រានៃការស្លាប់ទារកជុំវិញសម្រាល គឺខ្ពស់ជាង៦ដងនៃផ្ទៃពោះកូនតែមួយ ហើយភាគច្រើនស្រ្តីអាចមានជំងឺលើសឈាម សម្រាលកូនមិនគ្រប់ខែ ឬកូនមិនគ្រប់គីឡូ។ ម្យ៉ាងទៀត ការសម្រាលកូនភ្លោះមានហានិភ័យខ្ពស់ចំពោះម្តាយ ដោយការធ្លាក់ឈាមធ្ងន់ធ្ងរ និងកូន (ទងសុកលូនចេញក្រៅ)។ ដូច្នេះទើបទាមទារការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ និងស្រ្តីព្រមទាំងក្រុមគ្រួសារផ្ទាល់ ក្នុងការថែទាំ និងតាមដានផ្ទៃពោះអោយបានដិតដល់។បច្ចុប្បន្ននេះគេសង្កេតឃើញអត្រានៃស្រ្តីមានកូនភ្លោះមានការកើនឡើងជាលំដាប់ ដោយសារតែបច្ចេកទេស នៃការបង្កកំណើតបែបវិទ្យាសាស្រ្ត និងការកើនឡើងនៃអាយុម្តាយ។ តាមការសិក្សានៅប្រទេសបារាំងនៅឆ្នាំ ២០១០ អត្រានៃកូនភ្លោះពីរ មាន ៣,៥% និង ភ្លោះបី ០,០៧%។

គោលបំណងនៃអត្ថបទនេះគឺចង់បង្ហាញត្រួសៗដល់ស្ត្រីអំពីការពរពោះកូនភ្លោះ ផលវិបាក និងការថែទាំពេលមានគភ៌។

តើការបង្កកំណើតកូនភ្លោះ អាចមានផលប៉ះពាល់ឬទេ?

Image may contain: one or more people

១) ចំណាត់ថ្នាក់៖ ផ្ទៃពោះភ្លោះមាន២ប្រភេទ គឺ

  • ភ្លោះពិត (២៥%)៖ កើតចេញពីការបង្កកំណើតដោយអូវ៉ូស៊ីតតែមួយ បន្ទាប់មកបានធ្វើការបំបែកខ្លួនជាពីរ។ កូនទាំងពីរមានហ្សែនដូចគ្នា និងភេទដូចគ្នា។
  • ភ្លោះមិនពិត (៧៥%)៖ កើតចេញពីការបង្កកំណើតដោយអូវ៉ូស៊ីត២ផ្សេងគ្នា។ កូនទាំងពីរមានហ្សែនខុសគ្នា ហើយភេទអាចខុសគ្នា។

២) មូលហេតុ ៖

  • កូនភ្លោះពិត ភាគច្រើនពុំមានមូលហេតុទេ ហើយកត្តាដែលបង្កគឺទាក់ទងនឹងអាយុម្តាយ (មុន ១៨ឆ្នាំ ឬក្រោយ ៣៥ឆ្នាំ) ដែលវដ្តរដូវមានភាពរអាក់រអួល។
  • កូនភ្លោះមិនពិត បណ្តាលមកពីកត្តាជាច្រើនដូចជា:
    – កត្តាជាតិសាសន៍ (អាស៊ី ៣% អឺរ៉ុប ៨% អាហ្រ្វិក ១៦% និង នីហ្សេរីយ៉ា៤០%)
    – អាយុម្តាយ
    – ការប្រើថ្នាំ ឬបច្ចេកវិទ្យាអោយមានកូន
    – ប្រវត្តិគ្រួសារមានកូនភ្លោះ
    – ទម្ងន់ និងកម្ពស់ម្តាយ

៣) ផលវិបាក ៖

  • ការសម្រាលកូនមិនគ្រប់ខែ
  • ការលូតលាស់យឺតរបស់ទារកក្នុងផ្ទៃ
  • ម្តាយមានជំងឺលើសឈាម
  • ម្តាយមានភាពស្លេកស្លាំង
  • កូនមានសរីរាង្គមិនប្រក្រតី ផលវិបាកធ្ងន់ធ្ងរសំរាប់កូនភ្លោះសុកតែមួយ គឺការចំលងចរន្តឈាមពីកូនមួយទៅកូនមួយទៀត ដែលអាចប៉ះពាល់ដល់អាយុជីវិតកូនក្នងផ្ទៃមួយ ឬទាំងពីរ។
Image may contain: one or more people

៤) ការធ្វើរោគវិនិច្ឆ័យ ៖

  • ពោះធំខ្លាំងមិនសមាមាត្រនឹងអាយុគភ៌
  • ការស្ទាបប៉ះនូវប៉ូលពីរដូចគ្នា (ក្បាលពីរ ឬ គូទពីរ)
  • ស្តាប់លឺបេះដូងកូនពីរ

៥) ការធ្វើអេកូសាស្ត្រ ៖
ជាទូទៅគេអាចដឹងលឿនបានដោយការធ្វើអេកូផ្ទៃពោះនៅត្រីមាសទីមួយ ដែលអាចបែងចែកច្បាស់អំពីទីតាំង និងចំនួនសុក ដើម្បីមានភាពងាយស្រួលក្នុងការវិភាគ និងតាមដានរកភាពមិនប្រក្រតីនៃគភ៌។

៦) ការតាមដាន និងការថែទាំផ្ទៃពោះ៖

  • ស្រ្តីត្រូវតាមដានផ្ទៃពោះជារៀងរាល់ខែតាមការណាត់ជួបរបស់គ្រូពេទ្យ និងរៀងរាល់ ២សប្តាហ៍ ពេលគភ៌ជិតគ្រប់ខែ។
  • ត្រូវតាមដានអេកូសាស្ត្រជារៀងរាល់ខែ និងញឹកញាប់ជាងនេះ ក្នុងករណីមានការលូតលាស់យឺត ឬមានភាពខុសប្រក្រតី ជាពិសេសករណីកូនភ្លោះសុកតែមួយ។
  • ស្ត្រីត្រូវបានអនុញ្ញាតអោយសម្រាកពីការងារមុនកំណត់។
  • ស្ត្រីត្រូវបរិភោគអាហារសំបូរកាឡូរីខ្ពស់។
  • ជៀសវាងការធ្វើដំណើរផ្លូវឆ្ងាយចាប់ពីគភ៌អាយុ ២៥សប្តាហ៍ឡើងទៅ។

៧) ការសម្រាល៖
ជាទូទៅ ស្ត្រីត្រូវបានលើកទឹកចិត្តអោយសម្រាលតាមធម្មជាតិ លើកលែងលក្ខខណ្ឌមួយចំនួន ដូចខាងក្រោមដែលចាំបាច់ត្រូវធ្វើការវះកាត់៖

  • សុកពាំងមាត់ស្បូន
  • កូនទី១នៅទទឹងពោះ
  • ស្បូនមានស្លាកស្នាម (ធ្លាប់វះកាត់យកកូន)
  • ម្តាយលើសឈាមធ្ងន់ធ្ងរ
  • កូនលូតលាស់យឺតខ្លាំង និងវិបត្តិសរសៃឈាមចិញ្ចឹមទារក
  • កូនទី២ធំជាងកូនទី១ប្រហែល ៣០% នៃទំងន់សរុប

៨) ផលវិបាកនៃការសម្រាល ៖

  • វិបត្តិនៃការកន្ត្រាក់ស្បូន
  • ការលូនទងសុកមកក្រៅមុនពេលកូនចេញ
  • ការធ្លាក់ឈាមខ្លាំង
  • ស្ហុក (choc a vacuo) កូនចុះដំណាលគ្នា (ដែលទាមទារការវះកាត់បន្ទាន់)
    ការតាមដានផ្ទៃពោះដិតដល់ អាចជួយអោយយើងជៀសផុតហានិភ័យមួយចំនួនធំ ជាពិសេសរកឃើញទាន់ពេលនូវផលវិបាកផ្សេងៗ ដែលអាចកើតមានឡើង ដើម្បីសម្រេចវិធីសាស្ត្រព្យាបាលដ៏សមស្រប។
    “ការសម្រាលកូនភ្លោះអាចមានផលវិបាក និងគ្រោះថ្នាក់សំរាប់ម្តាយនិងកូន ដូច្នេះស្ត្រីត្រូវតាមដាន និងពិគ្រោះជាប់លាប់ជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសផ្នែកសម្រាលនៃមន្ទីរពេទ្យកាល់ម៉ែត តាមការណែនាំជាដំណាក់កាលៗ ។”