គួរឪ្យខ្លាចណាស់! គ្រោះថ្នាក់នៃការរបើកសុកកូនមុនពេលសម្រាល
ការរបើកសុខកូនមុនសម្រាល (Hématome rétro-placentaire) គឺជាការរបើកផ្នែកណាមួយរបស់សុក ដែលធម្មតានៅជាប់និងស្បូន ហើយដែលបណ្តាលឲ្យមានកំណកដុំឈាមមិនធម្មតានៅចន្លោះសុកកូន និងស្បូន។ ការរបើកសុកកូននេះ ធ្វើឲ្យមានការថយចុះសារជាតិចិញ្ចឹមពីម្តាយទៅកូន ដែលជាហេតុធ្វើឲ្យកូនអាចស្លាប់ក្នុងពោះបាន។
តើមានបព្ហាអ្វីខ្លះនៅពេលបើកសុកកូនមុនសម្រាល?
ក) មូលហេតុ ដែលធ្វើឲ្យមានការរបើកសុកកូនមុនសម្រាល៖
ជួនកាលយើងមិនដឹងមូលហេតុច្បាស់លាស់ដែលធ្វើឲ្យរបើកសុកកូននេះទេ តែមានកត្តាមួយចំនួនដែលអាចធ្វើឲ្យរបើកសុកកូនបានដូចជា៖

- ការបុកប៉ះទង្គិចទៅលើពោះស្ត្រី
- ការឡើងសម្ពាធឈាមខ្លាំង
- មានជំងឺបម្រុងក្រឡាភ្លើង
- មានទឹកភ្លោះច្រើន
- ស្ត្រីអាយុច្រើនមានកូន
- មានកូនក្នុងពោះច្រើន
- ការចោះទឹកភ្លោះ (amniocentèse)
- ជំងឺទឹកនោមផ្អែម
- ស្ត្រីមានបញ្ហាកំណកឈាម
ខ) រោគសញ្ញា ដែលអាចអោយយើងដឹង ឬសង្ស័យ៖
- ការឈឺពោះភ្លាមៗ និងខ្លាំងខុសធម្មតា
- មានការធ្លាក់ឈាមខ្មៅបន្ទិចបន្តួចតាមទ្វារមាស
- ជួនកាលស្រ្តីមានសភាពស្លេកស្លាំង ឡេសឡាស់ឈានដល់ការបាត់បង់ស្មារតី ដោយខ្វះគ្រាប់ឈាម
- ការស្ទាបពោះស្ត្រី មានលក្ខណៈឈឺខ្លាំង

គ) ការប្រឈមរបស់ស្ត្រី និងកូនក្នុងផ្ទៃ៖
- សម្រាប់ស្ត្រីពរពោះ
– បណ្តាលឲ្យបាត់បង់ឈាមច្រើន
– បណ្តាលឲ្យមានបញ្ហាកំណកឈាម
– ប្រឈម នឹងការវះកាត់បន្ទាន់ - សម្រាប់កូន
– ធ្វើឲ្យខ្វះអុកស៊ីសែនកូនក្នុងផ្ទៃ
– ធ្វើឲ្យកូនខ្សោយ
– កូនអាចស្លាប់ក្នុងពោះបាន
ឃ) ការព្យាបាល ក្នុងករណីបែបនេះ៖
- ការវះកាត់យកកូនចេញជាបន្ទាន់ ប្រសិនបើនៅរស់
- ការសម្រាលតាមទ្វារមាស ប្រសិនបើកូនស្លាប់ ហើយសភាពម្តាយអំណោយផលក្នុងការសម្រាល
- អន្តរាគមន៍ដោយប្រើថ្នាំ រួមទាំងបញ្ចូលឈាម ដើម្បីសង្គ្រោះម្តាយទៅតាមករណីនីមួយៗ
បញ្ជាក់៖ ការពិនិត្យដោយល្អិតល្អន់ រួមជាមួយការធ្វើអេកូសាស្ត្រ អាចឲ្យក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ឬសង្ស័យពីការរបើកសុកកូនមុនសម្រាលនេះ ហើយអាចធ្វើការសង្គ្រោះបន្ទាន់ជួយដល់ស្ត្រីជាម្តាយ និងកូនក្នុងផ្ទៃ។
“ ប្រសិនបើមានធ្លាក់ឈាមមិនធម្មតា មានសភាពឡេសឡាស់ ឫការបម្រះរបស់កូនថយចុះជាដើម។ល។ ស្ត្រីពរពោះគួរតែអញ្ជើញមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីពិគ្រោះជាមួយគ្រូពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត និងឈានទៅរកការជួយសង្គ្រោះទាន់ពេលវេលា! ”