អស្ចារ្យណាស់! ទឹកដោះម្តាយទើបសម្រាលចាំបាច់ ត្រូវបំបៅកូន
ទឹកដោះម្តាយគឺមានសារៈសំខាន់ណាស់សម្រាប់ទារកទើបសម្រាល អ្នកម្តាយអាចបំបៅដោះភ្លៀមក្រោយសម្រាល ឬហៅថាទឹកដោះដំបូង ពិតជាល្អក្នុងការលូតលាស់ទារក។ ពេលនេះ Parenting tip.com សុំលើកយកសារៈសំខាន់នៃទឹកដោះម្តាយដំបូងមកបង្ហាញដល់អ្នកម្តាយត្រៀមសម្រាលក៏ដូចទើបសម្រាល។
តើទឹកដោះមានសារៈសំខាន់អ្វីខ្លះដល់ទារក? តើគួរធ្វើដូចម្តេចដើម្បីជម្រុញការផលិតទឹកដោះ?
ក) សារៈសំខាន់នៃការបំបៅទឹកដោះម្តាយ៖
- ការបំបៅផ្ទាល់ដោយដោះម្តាយជួយបង្កើនភាពស្និទ្ធិស្នាល ដោយមានការប៉ះផ្ទាល់ រវាងស្បែកកូន និងស្បែកម្តាយ ធ្វើអោយកូនមានភាពកក់ក្តៅ និងជួយពង្រឹងសុខភាពផ្លូវចិត្តរបស់ទារក និងម្តាយ។
- ទឹកដោះម្តាយជាអាហារដែលស្រស់ និងថ្មីបំផុត ព្រមទាំងគ្មានមេរោគ (ចំពោះម្តាយសុខភាពល្អ) និងសមស្របបំផុតសម្រាប់ផ្គត់ផ្គង់ចិញ្ចឹមទារកទើបនឹងកើតរហូតដល់អាយុ ៦ខែ។
ទឹកដោះដំបូងរបស់ម្តាយ សំបូរទៅដោយៈ
- អង់ទីគ័រ (IgA) និងគ្រាប់ឈាមស រាប់លានសម្រាប់ការពារមេរោគ។
- សារធាតុរ៉ែ និងវីតាមីនជួយទ្រទ្រង់សារពាង្គកាយរបស់កូន ជួយទប់ស្កាត់ការបាត់បង់ជាតិទឹក និងការស្រកទម្ងន់របស់កូន។
- ប្រូតេអ៊ីន និងខ្លាញ់ព្រមទាំងអូមេហ្គា៣ និងសារជាតិផ្សេងទៀតជួយបង្កើនការលូតលាស់កុមារ មេតាបូលីស ថ្លើម ខួរក្បាល និងភ្នែក។
- ជួយអោយកោសិកាឆាប់លូតលាស់ រីកធំធាត់ មានភាពស៊ាំ មានប្រព័ន្ធការពារប្រឆាំងមេរោគ (រលាកក្រពះ រាគរូស រលាកផ្លូវដង្ហើម និងរោគផ្សេងៗ)។
- ជួយកាត់បន្ថយការចំណាយថវិកា និងការចំណាយពេលវេលាចាប់ពីនាទីដំបូងនៃកំណើតកូន។
ខ) កត្តាមួយចំនួនដែលជួយជំរុញក្នុងការផលិតទឹកដោះ ៖
តាមពិតធម្មជាតិមានការរៀបចំយ៉ាងត្រឹមត្រូវ តាំងពីការចាប់កំណើតក្នុងផ្ទៃរហូតដល់គ្រប់ខែ និងគ្រប់គ្រាន់សម្រាប់ទារកទើបនឹងកើត។ ការដាក់អោយកូនបៅដោះដោយត្រឹមត្រូវ
និងមានភាពញឹកញាប់ធ្វើអោយខួរក្បាលម្តាយបញ្ជារអោយមានការបញ្ចេញអ័រម៉ូន Ocytocine និង Prolactine ដែលជាអ័រម៉ូនសម្រាប់អោយមានការបង្កើតទឹកដោះ និងបញ្ចេញទឹកដោះ ព្រមទាំងកាត់បន្ថយការធ្លាក់ឈាមក្រោយសម្រាល។
ម្តាយមួយចំនួនតែងបារម្មណ៍ខ្លាចមិនមានទឹកដោះគ្រប់គ្រាន់សម្រាប់ចិញ្ចឹមកូន ដូចនេះដើម្បីបង្កើនការផលិតទឹកដោះ មានកត្តាមួយចំនួនដែលជួយជំរុញក្នុងការផលិតទឹកដោះដោយ ៖
- សំអាតដោះអោយបានស្អាត និងសម្រាកអោយបានគ្រប់គ្រាន់
- ពិសារទឹកអោយបានគ្រប់គ្រាន់ រឺ យ៉ាងតិច ៣លីត្រក្នុង ១ថ្ងៃ
- ពិសារអាហារអោយបានគ្រប់គ្រាន់ និងត្រឹមត្រូវ
- ដាក់កូនអោយបៅដោះអោយបានទៀងទាត់
- ម៉ាស្សាដោះរបស់អ្នក ដែលអាចឲ្យមានទឹកដោះ (ដោយមិនប្រើផលិតផល ឬប្រេង):
– ដាក់ម្រាមដៃពីររបស់អ្នក ធ្វើចលនាជារង្វង់មូលលើផ្ទៃដោះទាំងមូល
– អ្នកក៏អាចម៉ាស្សាដោយប្រើកណ្តាប់ដៃ បង្វិលកណ្តាប់ដៃពីផ្ទៃដោះទៅក្បាលដោះ
គ) របៀបរក្សាទឹកដោះទុកអោយកូនបៅ៖
- លាងដៃអោយស្អាត មុននិងច្របាច់យកទឹកដោះ រឺកាន់ឧបករណ៍ផ្ទុកទឹកដោះ
- ផ្ទុកទឹកដោះក្នុងកំប៉ុង រឺថង់ដែលបិទជិតគ្មានមេរោគ និងមិនត្រូវដាក់ក្រោមកំដៅថ្ងៃ
- ដាក់ថ្ងៃខែ ដែលបានច្របាច់ទឹកដោះនៅលើឧបករណ៍ផ្ទុកទឹកដោះ
បញ្ជាក់៖ អ្នកម្តាយគ្រប់រូបដែលបានសម្រាលនៅផ្នែកសម្ភពនៃមន្ទីរពេទ្យកាល់ម៉ែត ត្រូវបានទទួលការណែនាំអំពីរបៀបបំបៅដោះកូន។
“សូមបំបៅដោះម្តាយដល់កូនលោកអ្នក ជាពិសេសទឹកដោះដំបូង ដើម្បីឲ្យពួកគេមានការលូតលាស់បានល្អ ទាំងរាងកាយ និងខួរក្បាល”