កម្រមានណាស់! វិធីងាយៗ ក្នុងការព្យាបាលជំងឺខាន់លឿងទារក
ជំងឺខាន់លឿង គឺជាការកើតឡើងនូវពណ៌លឿងនៅលើស្បែក រឺភ្នែករបស់ទារក ។ ជាទូទៅខ្លួនប្រាណរបស់ទារកឡើងលឿងបន្តិចបន្តួចនៅថ្ងៃទី ២ ឬទី ៣ ហើយបាត់ទៅវិញនៅ ១សប្តាហ៍ក្រោយកំណើតចំពោះទារកដែលកើតគ្រប់ខែ តែភាពលឿងនេះអាចបន្តនៅយួរលើទារកដែលកើតមិនគ្រប់ខែ និងអាចប៉ះពាល់ដល់ជីវិត ឬពិការភាព។
ខាន់លឿងកើតឡើងដោយសារតែថ្លើមទារកទើបនឹងកើតនៅមានភាពខ្ចី ដែលមិនអាចបំលែង ឬបញ្ចេញសារជាតិម្យ៉ាងហៅថា ប៊ីលីរុយប៊ីន ដែលជាផលិតផលមួយកើតឡើង ក្រោយពីគ្រាប់ឈាមក្រហមបែក រឺស្លាប់។
តើជម្ងឺខាន់លឿងជាអ្វី? តើមានការព្យាបាលជម្ងឺខាន់លឿងលើទារកដូចម្តេច?
ខាងក្រោមនេះ parenting-tip នឹងបង្ហាញពីការព្យាបាលជម្ងឺខាន់លឿងដើម្បីឪ្យអ្នកម៉ាក់យល់ដឹងកាន់តែខ្លាំងថែមទៀត៖
១) តើអ្វីទៅជាជម្ងឺខាន់លឿង?
ជំងឺខាន់លឿងជាការប្រែពណ៌សម្បុរលើស្បែកនិងភ្នែករបស់ទារកគឺជាបញ្ហាទូទៅមួយ ដោយសារការបំបែកកោសិកាឈាមក្រហមទារកដែលជាផ្នែកមួយនៃដំណើរការបន្សាំនៅក្នុងទារកទើបកើតតែនេះមិនមានន័យថាទារកឈឺទេ។ ជម្ងឺខាន់លឿងជាធម្មតាលេចឡើងនៅពេលទារកមាន អាយុពី ៣ ទៅ ៤ ថ្ងៃហើយបាត់ទៅវិញដោយខ្លួនឯងបន្ទាប់ពីប្រហែល១០ថ្ងៃ។ ក៏ប៉ុន្តែជម្ងឺខាន់លឿងអាចមានទំនាក់ទំនងជាមួយបញ្ហាផ្សេងៗជាពិសេសប្រសិនបើវាកើតឡើងក្នុងរយៈពេល ២៤ ម៉ោងក្រោយពេលសម្រាលឬមានរយៈពេលច្រើនជាង ៣ សប្តាហ៍។
២) ផលប៉ះពាល់នៃជំងឺខាន់លឿង៖
ប្រសិនបើមិនបានតាមដាន និងព្យាបាលទាន់ពេលវេលានោះទេ ទារកអាចស្លាប់ឬពិការភាពផ្នែកខួរក្បាល និងអាចថ្លង់ដោយសារកម្រិត
ប៊ីលីរុយប៊ីន ក្នុងឈាមឡើងខ្ពស់ពេក ដែលអាចធ្វើឲ្យប៉ះពាល់ខួរក្បាលទារក។
៣) ការព្យាបាល៖
ក. ចំពោះទារកលឿងតិចៗ៖ ការថែទាំទារកដែលមានខាន់លឿងតិចៗ គឺមានលក្ខណៈងាយស្រួល និងសាមញ្ញធម្មតា ដែលអ្នកម្តាយគ្រប់រូបគួរយល់ដឹង និងអនុវត្តបាន គឺ៖
- ព្យាយាមបំបៅទឹកដោះដល់ទារកឲ្យបានគ្រប់គ្រាន់។
- ដាក់ទារកនៅក្រោមពន្លឺព្រះអាទិត្យពេលព្រឹក (ចន្លោះពីម៉ោង ៦ ដល់ ៩ព្រឹក) ។
- ត្រូវចេះសង្កេតមើលពណ៌សម្បុរទារក រឺផ្នែកពណ៌សនៃគ្រាប់ភ្នែកទារក (ករណីធ្ងន់ធ្ងរ) ដែលប្តូរទៅជាពណ៌លឿងត្រូវប្រញាប់យកទារកមកមន្ទីរពេទ្យ។
ខ. ចំពោះទារកលឿងខ្លាំង៖
ក្នុងករណីទារកមានការលឿងខ្លាំង ត្រូវបញ្ជូនទារកមកជួបវេជ្ជបណ្ឌិតជំនាញៈ
- គ្រូពេទ្យប្រើឧបករណ៍ដែលហៅថា ប៊ីលីហ្វ្លាស (Biliflash) ដែលឧបករណ៍នេះសម្រាប់តាមដានជាតិលឿងនៅស្បែកទារក។
- ប្រសិនបើកម្រិតជាតិលឿងឡើងខ្ពស់ខ្លាំង គ្រូពេទ្យតម្រូវ ឲ្យទារកសម្រាកនិងព្យាបាលដោយកាំរស្មីពន្លឺពណ៌ខៀវ។ កាំរស្មីពន្លឺនេះនឹងជួយកាត់បន្ថយ និងបញ្ចេញនូវជាតិប៊ីលីរុប៊ីន ពីខ្លួនរបស់ទារក។
ប្រសិនបើទារកមានអាការៈលឿង តិច ឬខ្លាំង ត្រូវយកមកជួបវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការវាយតម្លៃពីកម្រិតភាពលឿងរបស់ទារក
និងអាចធ្វើការព្យាបាលទាន់ពេលវេលា ដើម្បីការពារបាននូវគ្រោះថ្នាក់ផ្សេងៗដែលបណ្តាលមកពីជំងឺខាន់លឿង។