គ្រោះថ្នាក់ដែលបង្កដោយម៉ាក់ៗ! ការប្រឈមនឹងបញ្ហាធ្លាក់ឈាមក្រោយសម្រាល
នៅពេលស្ត្រីសម្រាលកូនរួច នឹងមានធ្លាក់ឈាមមក វាជារឿងធម្មជាតិ តែបើម៉ាក់ៗបាត់បង់ឈាមចាប់ពី ៥០០ មិល្លីលីត្រ ឡើងទៅនោះ ហៅថាការធ្លាក់ឈាមក្រោយសម្រាល។ ក្នុងករណីម៉ាក់ៗបាត់បង់ឈាមចាប់ពី ១០០ មិល្លីលីត្រ នោះវាជាការធ្លាក់ឈាមកម្រិតធ្ងន់ធ្ងរ។
ការធ្លាក់ឈាមក្រោយសម្រាលអាចបណ្ដាលមកពីស្បូនទន់ ឬខ្សោយនៅការកន្ត្រាក់រួមមកវិញក្រោយសម្រាល ដោយសារការដាច់រហែកនៅតំបន់ទ្វារមាស តំបន់មាត់ស្បូន នៅសល់សុក ឬកម្ទេចសុកក្នុងស្បូន ឬវិបត្តិកំណកឈាម។ល។
តើអ្នកម៉ាក់ពពោះអាចប្រឈមអ្វីខ្លះពេលពពោះ? តើគួរដោះស្រាយដូចម្តេច?
ចំពោះការធ្លាក់ឈាមក្រោយសម្រាលនេះ ម៉ាក់ៗពពោះកាន់តែប្រឈមនឹងបញ្ហានេះ ប្រសិនបើ៖
- ស្បូនរីកធំក្នុងអំឡុងពេលមានផ្ទៃពោះ (ដូចកូនថ្លោស កូនភ្លោះ ទឹកភ្លោះច្រើន)
- ស្ត្រីធ្លាប់សម្រាលកូនច្រើនដង
- ស្ត្រីដែលធ្លាប់មានប្រវត្តិធ្លាក់ឈាមក្រោយសម្រាល
- ឈឺពោះយូរ
- សម្រាលកូនលឿនពេក
- ស្ត្រីដែលធាត់ពេកពេលពពោះ
- ស្ត្រីមានភាពស្លេកស្លាំង
- ស្ត្រីដែលមានសុកពាំងមាត់ស្បូន មានដុំឈាមកកនៅពីក្រោយសុកមានដុំសាច់នៅនឹងស្បូន
- កត្តាប្រឈមពីវិបត្តិកំណកឈាមពីកំណើត
- កត្តាប្រឈមមកពីការប្រើថ្នាំមួយចំនួន។ល។
ត្រង់បញ្ហាធ្លាក់ឈាមក្រោយសម្រាលនេះ ស្ត្រីនឹងទទួលបានផលវិបាកមួយចំនួនផងដែររួមមាន៖
- វិបត្តិកំណកឈាមដែលធ្វើឲ្យមានការបាត់បង់ជីវិត
- វិបត្តិផ្លូវតម្រងនោម (ខូចតម្រងនោម)
- វិបត្តិគ្មានកូន
ដូចនេះហើយ មន្ទីរពេទ្យ ក្នុងស្រុកខ្មែរយើង បានណែនាំដល់ស្ត្រីពពោះ ពីការថែទាំសុខភាពឲ្យបានត្រឹមត្រូវ ចៀសវាងបញ្ហាផ្សេងៗអាចកើតឡើងអំឡុងពេលពពោះដូចខាងក្រោម៖
ស្ត្រីគួរពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ដើម្បីឲ្យគ្រូពេទ្យរកកត្តាប្រឈមមួយចំនួនដែលម៉ាក់ៗអំឡុងពេលពពោះ
- ម៉ាក់ៗគួរញ៉ាំជាតិដែកឲ្យបានតិចបំផុត ៩០គ្រាប់ ចំពោះស្ត្រីដែលគ្មានភាពស្លេកស្លាំងពីមុន
- ស្ត្រីគួរមកពិនិត្យ ផ្ទៃពោះ និងសម្រាលកូននៅមន្ទីរពេទ្យ ឬគ្លីនិកសម្ភពដែលមានគ្រូពេទ្យជំនាញច្បាស់ និងមានសម្ភារៈគ្រប់គ្រាន់។ល។