ពិតជាល្អណាស់! តោះមកដឹងវិធីបង្ហាត់កូនឱ្យមានភាពឆ្លាតវាងវៃ ទាំង IQ, EQ និង SQ
មិនថាឪពុកម្ដាយណា ក៏ដូចឪពុកម្ដាយណាដែរ គឺសុទ្ធតែចង់ឱ្យកូនធំធាត់ឡើងក្លាយជាមនុស្សដែលមានគុណភាព ទាំងផ្នែកសតិបញ្ញា និងផ្លូវចិត្ត។ ក្នុងយុគសម័យមួយ ឪពុកម្ដាយអាចនឹងចាប់អារម្មណ៍តែរឿងការបង្ហាត់កូនសម្លាញ់ឱ្យមាន IQល្អ តែលុះពេលវេលាកន្លងទៅ ក៏ចាប់ផ្ដើមនាំគ្នាយកចិត្តទុកដាក់រឿង EQ កាន់តែខ្លាំងឡើង តែ…ប៉ុនហ្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ ថ្ងៃនេះ Parenting-tip នឹងនាំអ្នកទាំងអស់មកស្គាល់ពីភាពឆ្លាតវាងវៃទាំង 3 ផ្នែកដែលក្មេងៗគួរតែមានដើម្បីឪ្យមានភាពឆ្លាតវៃតាមស្តង់ដារ។
តើអ្វីទៅជា IQ EQ និង SQ? តើវិធីបង្ហាត់កូនតាមបែប IQ EQ និង SQ ត្រូវធ្វើដូចម្តេច?
ខាងក្រោមននេះប៉ាម៉ាក់អាចសិក្សាបន្ថែមអំពីការចិញ្ចឹមកូនរបស់អ្នកបានសមស្របតាមលក្ខណៈ និងមានភាពវៃឆ្លាតផងដែរ ដូច្នេះសូមអ្នកម៉ាក់ទាំងអស់អាចធ្វើតាមដូចខាងក្រោម៖
IQ ភាពឆ្លាតវៃខាងសតិបញ្ញា
IQ(Intelligence Quotient) ឬភាពឆ្លាតវៃខាងសតិបញ្ញា…ប្រហែលជាភាពឆ្លាតវាងវៃមួយដែលលោកឪពុកអ្នកម្ដាយធ្លាប់ស្គាល់ច្បាស់រួចមកហើយ ព្រោះនរណាៗក៏ចង់ឱ្យកូនឆ្លាត និងទទួលបានភាពជោគជ័យដូចគ្នាទាំងអស់។ ដូច្នេះហើយទើបឪពុកម្ដាយគួរតែជំរុញ IQ ដល់កូន ដើម្បីឱ្យក្មេងៗចេះគិតវិភាគ ដែលអាចធ្វើឱ្យទទួលបានជោគជ័យក្នុងការរៀនយល់ដឹងពីអ្វីផ្សេងៗបាន។
វិធីជំរុញ IQ ដល់កូនសម្លាញ់
- អានរឿងនិទានឱ្យកូនស្ដាប់តាំងពីកូននៅតូចៗ។
- ឱ្យកូនញ៉ាំអាហារដែលមានគុណប្រយោជន៍គ្រប់ចំនួន។
- បង្ហាត់កូនឱ្យចេះគិតវិភាគតាមរយៈហ្គេមងាយៗស្រួលៗ មិនពិបាកគិត សមនឹងវ័យ។
- ឱ្យក្មេងៗបានគេងសម្រាក និងហាត់ប្រាណយ៉ាងសមល្មម ដើម្បីឱ្យខួរក្បាលរបស់គេបានទទួលការអភិវឌ្ឍយ៉ាងពេញទំហឹង។
EQ ភាពឆ្លាតវាងវៃខាងអារម្មណ៍
បន្ទាប់ពី IQ លោកឪពុកអ្នកម្ដាយទាំងឡាយក៏ប្រហែលជាធ្លាប់ដឹងពី EQ(Emotional Quotient) ឬភាពឆ្លាតវៃខាង អារម្មណ៍ខ្លះៗហើយមិនខាន។ យើងទាំងអស់គ្នាជឿថា បើសិនកូនជាទីស្រឡាញ់បានទទួលការអភិវឌ្ឍ IQ ល្អ តែ EQ មិនល្អ ក៏អាចនឹងធ្វើឱ្យគេបរាជ័យក្នុងជីវិតបានដែរ ដូចជា អាចក្លាយជាក្មេងរៀនពូកែដែលមិនអាចទប់ទល់នឹងបញ្ហា ឬភាពអស់សង្ឃឹមបានរហូតឈានឆ្ពោះទៅរកការបំផ្លាញខ្លួនឯងដូច្នោះដែរ។ ឪពុកម្ដាយអាចអភិវឌ្ឍ EQ ឱ្យកូនបានតាមវិធីដូចតទៅនេះ
វិធីជំរុញ EQ ដល់កូនសម្លាញ់
- ផ្ដល់សេចក្ដីស្រឡាញ់ ភាពកក់ក្ដៅដល់កូនតាំងពីកូននៅតេះតះ ដើម្បីសាងអារម្មណ៍ជឿទុកចិត្ត សម្ព័ន្ធភាពជិតស្និទ្ធ។
- បង្រៀនក្មេងតូចៗឱ្យស្គាល់ពីអារម្មណ៍របស់ខ្លួនឯង បង្រៀនឱ្យកូនស្គាល់ឈ្មោះរបស់អារម្មណ៍ផ្សេងៗដែលកំពុងកើតឡើងចំពោះគេ។
- បង្ហាត់ក្មេងៗឱ្យចេះចាត់ការជាមួយអារម្មណ៍ផ្សេងៗយ៉ាងស័ក្តិសម រួមទាំងឪពុកម្ដាយខ្លួនឯងក៏ត្រូវយល់ និងដឹងពីវិធីចាត់ការអារម្មណ៍របស់កូនដែរ។
- បង្ហាត់ឱ្យក្មេងៗចេះកែបញ្ហាដោយខ្លួនឯង ដោយឪពុកម្ដាយនឹងលូកដៃចូលជួយនៅពេលដែលហួសពីកម្លាំងរបស់កូនប៉ុណ្ណោះ។
SQ ភាពឆ្លាតវៃក្នុងការចូលសង្គម
មិនអាចបដិសេធបានឡើយថា ការចេះសម្របសម្រួលខ្លួនឱ្យចូលជាមួយសង្គម និងមនុស្សជុំវិញខ្លួននេះ គឺជារឿងសំខាន់ក្នុងការរស់នៅរបស់មនុស្សយើង ព្រោះតឱ្យពូកែប៉ុនណា ឆ្លាតប៉ុនណា តែបើវិវឌ្ឍនាការផ្នែកសង្គមមិនល្អ នោះច្បាស់ជាបរាជ័យក្នុងជីវិតមិនខាន ដូច្នេះហើយទើបក្មេងៗត្រូវមាន SQ (Social Quotient) ឬភាពឆ្លាតវៃក្នុងការចូលសង្គមដែលល្អ ដើម្បីឱ្យកូនចេះសម្របសម្រួលខ្លួនចូលជាមួយសង្គមបានហ្នឹងឯង។
វិធីជំរុញ SQ ដល់កូនសម្លាញ់
- សម្រាប់ក្មេងតូចៗ លោកឪពុកអ្នកម្ដាយត្រូវតែតបស្នងតម្រូវការរបស់ក្មេងៗយ៉ាងស័ក្តិសម ដើម្បីឱ្យកូនមានអារម្មណ៍ជឿទុកចិត្ត មានសុវត្ថិភាព មានអារម្មណ៍ថាបានទទួលសេចក្ដីស្រឡាញ់ និងមើលឃើញគុណតម្លៃរបស់ខ្លួនឯង។
- នៅលើក្មេងវ័យ 1ខួបឡើងទៅដែលចាប់ផ្ដើមមានវិវឌ្ឍនាការផ្នែកសង្គមហើយនោះ ឪពុកម្ដាយអាចបង្ហាត់ឱ្យកូនចេះសង្កេតមើលអ្នកដទៃ បង្រៀនឱ្យយល់ដឹងពីភាពខុសប្លែក ស្គាល់ពីសិទ្ធិរបស់ខ្លួនឯង និងផ្ដល់កិត្តិយសដល់អ្នកដទៃ ដូចជា របស់ដែលត្រូវលេងរួមគ្នា ត្រូវតែចែកគ្នាលេង ត្រូវថែរក្សារបស់សួនរួម ជាដើម។
- បង្រៀនឱ្យកូនស្គាល់ការរង់ចាំ អត់ធន់ អត់ទ្រាំ និងគ្រប់គ្រងអារម្មណ៍ខ្លួនឯងឱ្យបាន។
- បង្រៀនឱ្យកូនចេះចែករំលែក ស្គាល់វិធីចងមិត្តជាមួយអ្នកដទៃ។
- មើលថែទាំកូនឱ្យមានសុខភាពល្អ ឫកពារល្អ កិរិយាមាយាទល្អ ដើម្បីឱ្យកូនងាយបានទទួលការទទួលស្គាល់ក្នុងសង្គម។