បើមិនចង់ឪ្យកូនខូចនោះទេ! វិធីនេះ កូនធំឡើងនឹងក្លាយជាមនុស្សរឹងមាំ មានវិន័យល្អក្នុងខ្លួន
យោងតាមអ្នកឯកទេសចិត្តសាស្ត្រម្នាក់បានលើកឡើងថាលំនាំនៃការចិញ្ចឹមកូនមាន៤របៀបគឺបែបផ្ដាច់ការ បែបណែនាំដោយយកចិត្តទុកដាក់ បង្គាប់បញ្ជារ និងមិនរវល់ទាល់តែសោះ។ នៅក្នុងការចិញ្ចឹមបែបយកចិត្តទុកដាក់ ធ្វើឲ្យកូនៗទទួលបានការស្រឡាញ់យ៉ាងកក់ក្ដៅពីប៉ាម៉ាក់ផងដែរ។ ដោយអាស្រ័យបែបនេះ parenting tip បានធ្វើការសិក្សាស្រាវជ្រាវទម្លាប់ល្អៗប៉ាម៉ាក់ធ្វើចំពោះកូន ដើម្បីឪ្យកូនក្លាយជាពលរដ្ឋល្អក្នុងសង្គម។
តើមានវិធីអ្វីខ្លះដើម្បីបង្រៀនកូនឪ្យក្លាយជាមនុស្សរឹងមាំ មានវិន័យតាំងតែពីតូច?
ខាងក្រោមនេះ យើងសូមបង្ហាញចំណុចទាំង ៤ ដើម្បីបង្កើនភាពរឹងមាំដល់កូនរបស់អ្នក៖

១- ឯករាជភាព
ប៉ាម៉ាក់ល្អគឺស្វែងរកវិធីធ្វើឲ្យកូនមានឯករាជខ្លួនឯង តាមរយៈការបង្រៀននូវវិន័យល្អៗដែលធ្វើឲ្យកូនៗចេះរកវិធីដោះស្រាយបញ្ហាណាមួយបានត្រឹមត្រូវដោយខ្លួនឯង។ ការធ្វើដូចនេះមិនមែនបានន័យថាត្រូវឲ្យកូនៗទើបរៀនថ្នាក់មតេយ្យមានឯករាជធ្វើអ្វីតាមចិត្តនោះទេ។ ផ្ទុយទៅវិញគឺបានន័យថាជាការផ្ដល់ឲ្យឱកាសមានឯករាជភាព និងការទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន។ ប៉ាម៉ាក់ត្រូវតែឲ្យនូវជម្រើសដល់កូនៗក្នុងការសម្រេចចិត្ត ដែលនេះកូនៗអាចរើសបាន និងព្រមទទួលនឹងរ៉ាប់រងនូវលទ្ធផលដែលពួកគេបានជ្រើសរើស។ ដោយសារតែឯករាជភាព មានការទទួលខុសត្រូវនេះហើយដែលធ្វើឲ្យកុមារអាចទទួលបាននូវកិរិយាមារយាទគួរឲ្យស្រឡាញ់ និងមានការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក។
២- ភាពជឿជាក់
កូនៗរបស់យើងអាចនឹងមិនងាយបាត់បង់ភាពជឿជាក់លើខ្លួនឯង ប៉ុន្តែពិតជាមានសារសំខាន់ណាស់ដែលយើងត្រូវជាប៉ាម៉ាក់ត្រូវជួយកូនឲ្យមានមូលដ្ឋានគ្រឹះនៃភាពជឿជាក់លើខ្លួនឯង។ យោងតាមការសិក្សារបស់អ្នកឯកទេសកុមារនៅអាមេរិកបានឲ្យដឹងថាប៉ាម៉ាក់ដែលផ្ដល់ឱកាសដល់កូនក្នុងការមានជំហរផ្ទាល់ខ្លួនក្នុងមជ្ឈដ្ឋានសុវត្ថិភាព នឹងមានផលល្អក្នុងការធ្វើឲ្យកូនៗមានការសម្រេចចិត្តល្អទៅថ្ងៃក្រោយ។

៣- ការគោរព
ការគោរព ការមានវិន័យគឺជាអ្វីដែលត្រូវតែអនុវត្តតាម។ ប៉ាម៉ាក់ដែលយកចិត្តទុកដាក់លើកូននឹងនាំកូនៗទៅរកភាពជោគជ័យប្រសិនបើប៉ាម៉ាក់មិនផ្ដាច់ការ និងបង្កើតវិន័យគ្មានមូលហេតុត្រឹមត្រូវ។ វិន័យនិងភាពទទួលខុសត្រូវគឺត្រូវធ្វើឡើងតាមអាយុរបស់កូនៗ ព្រមទាំងមានការពន្យល់ពីមូលហេតុដ៏ត្រឹមត្រូវ។ ទាំងនេះហើយដែលបញ្ជាក់ពីការលើកកម្ពស់កិរិយាមារយាទក្នុងការគោរពខ្លួនឯង និងឪពុកម្ដាយ។
៤- ភាពដឹងក្ដី
ប៉ាម៉ាក់ច្បាស់ជាដឹងហើយថាពេលមានកូនតូច មិនទាន់ចូលរៀន ថាកូនៗទាំងនោះបានធ្វើឲ្យប៉ាម៉ាក់ឈឺក្បាលកម្រិតណានោះ។ ប៉ុន្តែដោយសារការស្រឡាញ់ និងការយកចិត្តទុកដាក់របស់ខ្លួនលើកូនៗ ប៉ាម៉ាក់អាចគ្រប់គ្រងស្ថានការ និងបន្តប្រៀនប្រដៅកូនៗឲ្យល្អបាន។
កុមារដែលទទួលបានការអប់រំ ប្រៀនប្រដៅដោយការយកចិត្តទុកដាក់ពីប៉ាម៉ាក់នឹងធំធាត់ឡើងប្រកបដោយការទទួលខុសត្រូវខ្ពស់ មានវិន័យ និងមិនធ្វើអ្វីតាមតែចិត្តនោះទេ។
ដោយសារតែកុមារដែលមានប៉ាម៉ាក់យកចិត្តទុកដាក់មានជំហរខ្លួនឯងល្អនេះហើយដែលធ្វើឲ្យកូនៗរឹងមាំមិនចាញ់ច្រាបអ្នកដទៃ។ លើសពីនេះទៅទៀតពេលធំជាវ័យជំទង់ទៅ កូនៗនឹងមិនងាយធ្លាក់ក្នុងអំពើអបាយមុខដូចជាសេពគ្រឿងស្រវឹង ប្រើប្រាស់គ្រឿងញៀន និងចរិតពាលានោះទេ។