ម៉ាក់ៗគួរដឹង! មូលហេតុទាំង៥នេះ ធ្វើឲ្យអាអូនមិនគេង ដែលអ្នកមិននឹកស្មានដល់
ម៉ាក់ៗប្រហែលជាសម្គាល់ឃើញថា កូនតូចមិនគេងពេញមួយយប់ដូចយើងនោះទេ ហើយបញ្ហានេះគឺជារឿងធម្មតាប៉ុណ្ណោះ ពីព្រោះអាអូនមិនទាន់ស៊ាំទៅនឹងការគេង៨ម៉ោងជាប់នៅឡើយ។ ជាមួយគ្នានេះដែរ ការបង្ហាត់ឲ្យកូនគេង ដោយមិនមានការរំខាន សូម្បីតែរយៈពេលខ្លី ក៏មិនមែនជារឿងងាយស្រួលដែរ។
តើមានសញ្ញាអ្វីខ្លះដែលធ្វើឪ្យកូនរបស់អ្នកមិនគេង?
យ៉ាងណាមិញ ប្រសិនបើអាអូនអស់កម្លាំងខ្លាំង តែមិនព្រមគេងទាល់តែសោះ គឺអាចបណ្ដាលមកពីមូលហេតុខាងក្រោមនេះ។
១. នាឡិកាខាងក្នុងខ្លួនអាអូនមិនត្រូវគ្នានឹងកាលវិភាគ២៤ម៉ោង
ពិតណាស់ ទារកកំពុងតែអភិវឌ្ឍចង្វាក់នៃសកម្មភាពប្រចាំថ្ងៃដោយខ្លួនឯង។ ខណៈពេលដែលអាអូនត្រូវការរយៈពេល១២សប្ដាហ៍ ដើម្បីស្គាល់ពីភាពខុសគ្នារវាងថ្ងៃ និងយប់ ម៉ាក់ៗអាចបង្កើនពេលវេលាដែលអាអូនភ្ញាក់នៅពេលថ្ងៃឲ្យបានយូរបន្តិច ដើម្បីធានាថាពួកគេគេងបានយូរជាងមុននៅពេលយប់។ ម្យ៉ាងវិញទៀត ម៉ាក់ៗក៏អាចនាំអាអូនចេញទៅខាងក្រៅ ដើម្បីឲ្យពួកគេត្រូវពន្លឺធម្មជាតិ ដូច្នេះ ពួកគេនឹងអាចកំណត់វដ្ដនៃការគេងឡើងវិញ។
២. ឃ្លាន
ដោយសារតែទារកមិនអាចប្រាប់យើងដោយផ្ទាល់ ប៉ុន្តែម៉ាក់ៗអាចធ្វើការសង្កេតនៅពេលពួកគេយំ ឬក៏មិនព្រមគេងជាដើម ថាពួកគេប្រហែលជាចង់បានអ្វីមួយមិនខាន។ ប្រសិនបើទារកមិនព្រមគេងទាល់តែសោះ ពួកគេអាចនឹងឃ្លាន ឬស្រេកទឹក។ ទោះបីជាម៉ាក់ៗបានបំបៅអាអូនមួយម៉ោង ឬពីរម៉ោងមុនក៏ពិតមែន ពួកគេអាចនឹងឃ្លានទៀតក៏ថាបាន។
៣. អស់កម្លាំង
ទារកអាចនឹងមួម៉ៅ ឬរញ៉ាំរញ៉ូវ ប្រសិនបើពួកគេហត់នឿយខ្លាំង នៅពេលថ្ងៃ ដែលធ្វើឲ្យពួកគេពិបាកក្នុងការគេង ឬក៏ភ្ញាក់ញឹកញាប់នៅពេលយប់។ ដូច្នេះ ម៉ាក់ៗគួរកត់សម្គាល់មើលពីសញ្ញាដែលទារកងងុយគេង ដូចជាញីភ្នែក ទាញត្រចៀក សក់ ឬស្ងាបជាដើម ដោយប្រញាប់ដាក់ឲ្យពួកគេគេងភ្លាមៗ ព្រមទាំងរុំខ្លួនពួកគេឲ្យណែនជាមុនបន្តិច ដើម្បីឲ្យអាអូនមានអារម្មណ៍កក់ក្ដៅ និងគេងលក់ស្កប់ស្កល់។
៤. មានអារម្មណ៍មិនស្រណុកក្នុងខ្លួន
ជាមួយគ្នានេះដែរ នៅពេលដែលអាអូនមិនគេងសោះ ម៉ាក់ៗក៏អាចរកមើលសញ្ញាដែលធ្វើឲ្យអាអូនពិបាកក្នុងការគេង ដូចជាសីតុណ្ហភាពក្ដៅ ឬត្រជាក់ពេក ខោទឹកនោមតឹង ឬសើមពេក ឬអាអូនបន្ទោបង់ជាដើម។
៥. អាអូនចង់ចំណាយពេលច្រើនជាមួយម៉ាក់ៗ
ពេលខ្លះ កូនតូចត្រូវការការលួងលោម និងបបោសអង្អែលពីម៉ាក់ៗផងដែរ។ ដើម្បីឲ្យអាអូនអាចគេងលក់បាន ម៉ាក់ៗគួរបីត្រកងដោយដាក់អាអូនផ្អឹបទៅនឹងដើមទ្រូង ឬក៏គេងឱបអាអូន។ល។ ធ្វើដូចនេះ ពួកគេនឹងមានអារម្មណ៍សុវត្ថិភាព ព្រមទាំងអាចគេងលក់ស្រួលមិនខាន។