កូនចេញសញ្ញាបែបនេះកុំទុកយូរ ព្រោះកូនអាចកើតជំងឺរលាកខួរក្បាល
រលាកខួរក្បាលជាទូទៅ អាអូនតូចៗ ងាយឈឺជំងឺផ្សេងៗញឹកញាប់ដូចជា ផ្ដាសាយ គ្រុនក្ដៅអីធម្មតា គ្រាន់តែលេបថ្នាំក៏អាចជាដែរ។ ប៉ុន្តែ ពេលខ្លះកូនៗអាចមានបញ្ហាសុខភាពគួរឲ្យបារម្ភដែលម៉ាក់ប៉ាគួរយកចិត្តទុកដាក់ ព្រោះវាអាចប៉ះពាល់ដល់កូនខ្លាំងដូចជំងឺរលាកខួរក្បាលជាដើម។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានឲ្យដឹងថា ធម្មតា ក្មេងតូចៗដែលកើតជំងឺរលាកខួរក្បាល ភាគច្រើនចេញរោគសញ្ញាស្រដៀងទៅនឹងជំងឺស្រាលៗដែរ តែប្រសិនបើកូនចេញរោគសញ្ញាដូចការរៀបរាប់ខាងក្រោមនេះ ម៉ាក់ប៉ាមិនត្រូវធ្វេសប្រហែសឡើយមាន៖
រោគសញ្ញាទូទៅជំងឺរលាកខួរក្បាល៖
- ឈឺក្បាល
- ក្ដៅខ្លួន
- ចង់ក្អួត
រោគសញ្ញាអាសន្នជំងឺរលាកខួរក្បាល៖
- មិនស្រួលខ្លួន
- មិនឆ្លើយតបដូចធម្មតា
- ហត់ៗ អស់កម្លាំង ខ្សោយ
- ត្អូញឈឺក្បាលញឹកញាប់
- ប្រកាច់។ល។
ក្នុងករណីដែលកូនចេញសញ្ញាអស់នេះ ម៉ាក់ប៉ាត្រូវនាំកូនទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេល ចៀសវាងអាការៈកូនកាន់តែធ្ងន់ធ្ងរលើសដើម។
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា អាអូនតូចៗដែលកើតជំងឺរលាកខួរក្បាលនេះ មានហានិភ័យខ្ពស់ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ហើយក្រោយពីកើតជំងឺនេះ វាអាចបណ្ដាលឲ្យកូនៗទៅជា៖
- ពិការអវយវៈ
- ពិការប្រាជ្ញា
- មានភាគរយខ្ពស់ក្លាយជាមនុស្សរុក្ខជាតិ។
ម៉ាក់ប៉ាត្រូវដឹងថា កូនៗដែលកើតជំងឺរលាកខួរក្បាលនេះ ភាគច្រើនបណ្ដាលមកពីមូលហេតុដូចជា ខ្វះអនាម័យ ឆ្លងមេរោគ ខ្វះអាហារូបត្ថម្ភ និងចាក់វ៉ាក់សាំងមិនគ្រប់គ្រាន់ជាដើម។
ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត