បើមិនចង់ឪ្យគ្រោះថ្នាក់ទេ! ម៉ាក់ៗពពោះហាមគិតច្រើន ព្រោះខ្លាចជួបបញ្ហាធំៗទាំងនេះ
តាំងពីចាប់ផ្ដើមពពោះមកស្ត្រីត្រូវបានពេទ្យតម្រូវឲ្យសម្រាកឲ្យបានច្រើន និងកាត់បន្ថយការធ្វើការ ព្រមទាំងកុំឲ្យគិតច្រើន ព្រោះខ្លាចប៉ះពាល់ដល់សុខភាពគភ៌ក្នុងផ្ទៃ។
តើមានបព្ហាអ្វីខ្លះនៅពេលដែលអ្នកគិតច្រើនកំឡុងពេលពពោះ?

ការប៉ះទង្គិចដោយសារផ្លូវចិត្តនាំឲ្យគ្រោះថ្នាក់កូនក្នុងផ្ទៃ ត្រូវវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បកស្រាយថា ការគិតច្រើន ស្ត្រេស មួម៉ៅ នាំឲ្យស្បូនកន្ត្រាក់ អាចកើតមុនខែនាអំឡុងចុងត្រីមាសទី ២ ដើមត្រីមាសទី ៣។ តែបើពេលកូនទើបមកចាប់កំណើតថ្មីៗ ស្ត្រីអារម្មណ៍មិនល្អ ខឹងច្រើន អាចបណ្ដាលឲ្យរលូតបាន ឬបើមិនរលូតក៏ម៉ាក់ជួបបញ្ហាធ្លាក់ឈាមដែរ ដោយសារតែសាច់ដុំស្បូនកន្ត្រាក់នេះឯង។

សាស្ត្រាចារ្យវេជ្ជបណ្ឌិតរូបនោះបញ្ជាក់ទៀតថា កាលណាម៉ាក់ៗមានអារម្មណ៍ល្អ កូនក្នុងផ្ទៃក៏ស្រស់ថ្លា សុខភាពរឹងមាំ ដូចនេះហើយបានជាគេតែងតែថ្នម និងតាមចិត្តអ្នកមានផ្ទៃពោះ ហើយព្យាយាមតាមលួងលោមពេលស្រ្តីមានការអាក់អន់ស្រពន់ចិត្ត ព្រោះគិតគូរពីការវិវត្តន៍ធំធាត់របស់កូន។ លោកបន្ថែមទៀត ការដែលស្ត្រីជាម្ដាយគិតខ្លាំង ស្មុគ ស្ដ្រេស តប់ប្រមល់ច្រើន ពិបាកក្នុងខ្លួន សាច់ដុំស្បូនក៏ប្រឹងធ្វើការធ្ងន់ទៅតាមនោះដែរ ទើបបណ្ដាលឲ្យឈឺពោះ បែកទឹកភ្លោះ និងកើតទាំងមិនទាន់ដល់ថ្ងៃគ្រប់កំណត់សម្រាល។
ដូចនេះវិធីល្អគ្រួសារត្រូវតែថ្នាក់ថ្នម និងជួយកិច្ចការធំតូចក្នុងផ្ទះ ដើម្បីឲ្យស្ត្រីមានពេលសម្រាក គេងលក់ស្កប់ស្កល់ បង្កើនភាពរីករាយ ល្អទាំងម៉ាក់ និងកូន។
By Medical News Cambodia