បើមិនចង់ឪ្យកូនឈឺនោះទេ! អ្នកម៉ាក់សូមកុំធ្វើបែបនេះពេលកូនម៉ឹមទឹកដោះគោ
ចិញ្ចឹមបីបាច់ឲ្យលូតលាស់ មានសុខភាពល្អ ទាមទារឲ្យមានការយកចិត្តទុកដាក់ទាំងលើរបបអាហារ ការថែទាំដិតដល់ រួមទាំងការអនាម័យជាដើម។ ចំពោះម៉ាក់ប៉ាដែលមានកូនម៉ឹមទឹកដោះគោ គួរតែកែប្រែទម្លាប់មិនល្អខាងក្រោមនេះចេញ ទើបកូនមិនសូវឈឺ។
តើមានទម្លាប់អ្វីខ្លះដែលបណ្តាលឪ្យកូនឈឺឥតល្ហែ?
ខាងក្រោមនេះអ្នកនឹងបានស្វែងយល់បន្ថែមអំពីទម្លាប់ដែលអ្នកម៉ាក់ធ្វើនៅពេលកូនម៉ឹមដោះគោ៖
១. ស្តាយ ឲ្យកូនម៉ឹមទឹកដោះគោនៅសល់
ទាំងយើងទាំងគេ ពេលកូនម៉ឹមទឹកដោះគោសល់ មិនចាក់ចោលទេ ច្រើនតែស្តាយ ទុកឲ្យកូនម៉ឹមបន្តទៀត។ ទម្លាប់បែបនេះហើយទើបធ្វើឲ្យកូនឧស្សាហ៍ឈឺ ដោយសារទឹកដោះគោកូនម៉ឹមសល់ មិនអាចទុកយូរម៉ោងបានទេ បានត្រឹម ១ ម៉ោងប៉ុណ្ណោះ។
២. បន្ថយ ឬបន្ថែមបរិមាណទឹក និងម្សៅទឹកដោះគោ
ការឆុងទឹកដោះគោមានក្បួនខ្នាត និងរង្វាស់ត្រឹមត្រូវ តែទោះយ៉ាងណា ម៉ាក់ប៉ាមួយចំនួនបានបំពានក្បួនច្បាប់ទាំងនោះ ពេលកូនមានបញ្ហា ដូចជារាក ឬទល់លាមក។ ឧ. ពេលកូនទល់លាមក ម៉ាក់តែបន្ថយបរិមាណទឹកដោះគោ ដោយរក្សាបរិមាណទឹកដដែល ឬក៏រក្សាបរិមាណទឹកដោះដដែល តែបន្ថែមបរិមាណទឹកវិញ ដោយគិតថា ការបន្ថែមបរិមាណទឹក អាចកាត់បន្ថយអាការៈទល់លាមកកូនបាន។
៣. ប្រើទឹកឆុងទឹកដោះគោកូនមិនបានត្រឹមត្រូវ
តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទឹកដែលល្អសម្រាប់ឆុងទឹកដោះគោឲ្យក្មេង គឺទឹកដាំពុះ ទុកឲ្យនៅក្តៅឧណ្ឌៗ មិនមែនជាទឹកត្រជាក់ ឬទឹកមានជាតិរ៉ែខ្ពស់នោះទេ។ ការយកទឹកក្តៅឧណ្ហៗមកឆុងទឹកដោះគោ ធ្វើឲ្យម្សៅទឹកដោះគោងាយរលាយ អាចកាត់បន្ថយអាការៈទល់លាមករបស់ក្មេងបានថែមទៀត។
៤. យកដបទឹកដោះគោប្រើរួច មកឆុងទឹកដោះម្តងទៀត
ហេតុតែរវល់ ដោះស្រាយបញ្ហាទ័លម្តងៗ ម៉ាក់ៗមួយចំនួនបានយកដបទឹកដោះគោប្រើរួចមកឆុងទឹកដោះគោឲ្យកូនម៉ឹមម្តងទៀត។ ការធ្វើបែបនេះអាចឲ្យកូនហើមពោះ ដោយសារដបទឹកដោះគោប្រើរួចទុកយូរដោយមិនបានលាងសម្អាតបាក់តេរីនឹងកកើតឡើង ទៅជាជូរផ្អូម។
ដកស្រង់ពី៖ hello krupet