ឈប់ឆ្ងល់ទៀតទៅ! ចម្លើយទាំង ៥ យ៉ាងដែលអ្នកម៉ាក់ទើបសម្រាលថ្មីថ្មោងតែងតែចង់ដឹង

ក្រោយសម្រាលម៉ាក់ៗត្រូវថែទាំសុខភាពខ្លួនឯងផង ព្រមទាំងមានភារៈមើលថែទាំកូនតូចឲ្យបានល្អផង។ នាមជាម្តាយថ្មីថ្មោង ច្បាស់ជាមានចម្ងល់ច្រើនពាក់ព័ន្ធនឹងស្ថានភាពក្រោយសម្រាល តែមិនបាច់បារម្ភទេ ចម្ងល់ចំនួន ៥ ដែលម៉ាក់ៗទើបតែសម្រាលអាអូនថ្មីថ្មោងសួរញឹកញាប់ មកបកស្រាយជាមួយវេជ្ជបណ្ឌិតជំនាញ។

តើមានរឿងអ្វីខ្លះដែលអ្នកម៉ាក់ក្រោយសម្រាលតែងតែមានចម្ងល់?

ខាងក្រោមនេះត្រូវបានបកស្រាយពីចម្ងល់របស់អ្នកម៉ាក់ដូចខាងក្រោម៖

Image result for after childbirth

១. សម្រាលកូនរួច ពេលណាទើបបាត់ធ្លាក់ឈាម?

ការធ្លាក់ឈាមកករឃ្លោកមានរយៈពេលពី ៤–៦ សប្តាហ៍។ ការធ្លាក់ឈាមកករឃ្លោកនៅ ១ សប្តាហ៍ដំបូងមានបរិមាណច្រើន ឯឈាមមានពណ៌ក្រហមក្រម៉ៅ កកដុំៗ ហើយនៅសប្តាហ៍ទី២ ទី៣ បរិមាណនៃការធ្លាក់ឈាមតិចជាងមុន ឯពណ៌វិញក្រហមស្រស់ ហើយនៅសប្តាហ៍ទី ៤–៦ ការធ្លាក់ឈាមកាន់តែតិចៗ ឬអស់តែម្តង។

២. សម្រាលកូនរួច ធ្វើម៉េចសម្បូរទឹកដោះឲ្យកូនម៉ឹម?

ម្តាយត្រូវញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងមានគុណភាព មានន័យថា អាហារញ៉ាំត្រូវចម្រុះមុខ មានទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ទឹកដោះគោសម្រាប់ស្ត្រីបំបៅកូនដោយទឹកដោះម្តាយ ទើបកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពីទឹកដោះម្តាយ មិនមែនញ៉ាំៗឲ្យតែតឹងពោះ មិនមានវីតាមីនគ្រប់គ្រាន់ផ្តល់ឲ្យកូននោះទេ។ ទី២ ម្តាយត្រូវផឹកទឹកឲ្យបានច្រើន ទី៣ ត្រូវបំបៅដោះកូនឲ្យបានញឹកញាប់ ហើយទៀងទាត់។

Image result for after childbirth

៣. សម្រាលកូនរួច ពេលណាទើបមករដូវវិញ?

ក្រោយសម្រាលកូនរួច ស្រ្តីអាចមានរដូវដូចធម្មតាវិញនៅចន្លោះពី ១ខែកន្លះ-៣ខែ ឬយូរជាងនេះ អាស្រ័យទៅលើលក្ខខណ្ឌ នៃការបំបៅដោះកូន។បើសិនជាម៉ាក់ៗឲ្យកូនម៉ឹមទឹកដោះម្តាយតែមួយមុខឲ្យបានញឹកញាប់ និងទៀងទាត់ នោះពេលវេលានៃការមករដូវកាន់តែយូរ។

៤. សម្រាលកូនរួច ពេលណាអាចរួមភេទបាន?

តាមវិទ្យាសាស្ត្រ ជាទូទៅ ស្ត្រីគួរចាំរហូតដល់ពេលទ្វារមាសលែងហូរឈាម អាចពី ៤-៦ សប្តាហ៍ បន្ទាប់ពីសម្រាលអូនៗរួច ដើម្បីទុកពេលឲ្យកន្លែងសុកដាច់ចេញ បានជាសះស្បើយឡើងវិញ។ ករណីរួមភេទមុនពេលរបួសជាសះ អាចបង្ករោគ។ ក្រោយសម្រាលកូនរួច ៦សប្តាហ៍ រាងកាយ និងទ្វារមាសស្ត្រីអាចវិលត្រលប់មកសភាពធម្មតាវិញហើយ ដែលអំឡុងពេលនេះស្ត្រីអាចទៅជួបគ្រូពេទ្យតាមការណាត់ដើម្បីពិនិត្យមើល បើមិនមានបញ្ហាទេ អាចចាប់ផ្តើមរួមភេទជាមួយដៃគូវិញបាន។

Image result for after childbirth

៥. សម្រាលកូនរួច ពេលណាអាចហាត់ប្រាណបាន?

ស្ត្រីសម្រាលកូនតាមធម្មជាតិ គ្រូពេទ្យណែនាំឲ្យធ្វើចលនារាងកាយ តាំងពីថ្ងៃសម្រាលកូនដំបូងម្ល៉េះ ដោយឲ្យដើរចុះដើរឡើងក្នុងបន្ទប់ ដើម្បីឲ្យចលនាឈាមដើរបានស្រួល ជំរុញឲ្យការធ្លាក់ឈាមក្រោយសម្រាល (កករឃ្លោក) បានល្អ ឆាប់អស់។ បន្ទាប់ពីចេញពីមន្ទីរពេទ្យ ស្ត្រីដែលសម្រាលកូនដោយធម្មជាតិអាចចាប់ផ្តើមធ្វើលំហាត់ប្រាណបានហើយ ដោយដំបូងៗជ្រើសរើសលំហាត់ប្រាណណាស្រួលៗ ដោយដូចជាដើរ ហាត់យូហ្កា ជាដើម ចៀសវាងក្បាច់ណាខ្លាំង ឯការហែលទឹកត្រូវរង់ចាំដល់ឈាមឈប់ធ្លាក់។

ចំពោះស្ត្រីដែលសម្រាលកូនដោយវះកាត់ ទាល់តែរយៈពេល១ខែកន្លះឡើងទៅ ទើបអាចហាត់ប្រាណបាន ដោយយើងត្រូវពិនិត្យមើលស្នាមវះកាត់តើជាសះហើយ ឬនៅ? នៅឈឺឬអត់? ចំពោះការហាត់លើកដំបូងទៀតសោត ត្រូវហាត់ថ្នម សន្សឹមៗ ដោយជ្រើសរើសក្បាច់ហាត់ប្រាណណាងាយៗ នោះទើបមិនបង្កផលវិបាក។

ដកស្រង់ពី៖ hello krupet