មិនធម្មតា! គ្រោះថ្នាក់នៃការបង្ករោគលើទារកក្រោមអាយុ ២៨ថ្ងៃក្រោយថ្ងៃសម្រាល

ទារកទើបតែនឹងកើតគឺងាយនឹងឆ្លងមេរោគខ្លាំងណាស់ សូមអ្នកម៉ាក់ត្រូវតែបង្កើនការកាពារជាចាំបាច់ ដូចជាការមុជទឹក ការរក្សាផ្សុកទារក ហាមមិនឪ្យថើបមាត់ទារកជាដើម។ ការធ្វើបែបនេះសុទ្ធតែជារឿងគ្រោះថ្នាក់ខ្លាំងណាស់ ជាក់ស្តែងទារកក្រោម ២៨ ថ្ងៃនេះឯង ដូច្នេះសូមមេត្តាបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា។

តើទារកអាចមានគ្រោះថ្នាក់អ្វីខ្លះក្រោយពី 28 ថ្ងៃនៃថ្ងៃសម្រាល?

ថ្ងៃនេះគេហទំព័រ Parenting-tip.com សូមលើកយកការកាពារលើទារកក្រោយសម្រាលបាន 28 ថ្ងៃមកបង្ហាញអំពីគ្រោះថ្នាក់ដែលអាចកើតមានឡើងដូចជា៖

Image result for baby have virus

១) តើអ្វីទៅជាការបង្ករោគលើទារក?
ការបង្ករោគលើទារកគឺជាការយាយីដោយមេរោគបាក់តេរីលើទារក បណ្តាលអោយលេចចេញនូវចង្កោមរោគ សញ្ញានៃជំងឺដែលប៉ះពាល់ដល់សារពាង្គកាយទាំងស្រុង រួមនឹងការបណ្តុះមេរោគក្នុងឈាមវិជ្ជមាន។

គេបែងចែកការបង្ករោគនេះជាពីរ៖

  • ការបង្ករោគលើទារកបឋម ដែលរោគសញ្ញាលេចឡើងក្នុងកំឡុងពេល ៧២ម៉ោងនៃជីវិត
  • ការបង្ករោគលើទារកយឺតយ៉ាវ ដែលរោគសញ្ញាលេចឡើងបន្ទាប់ពី ៧២ម៉ោងនៃជីវិត

២) មូលហេតុអ្វីបានជាត្រូវប្រុងប្រយ័ត្នកុំអោយមានការបង្ករោគលើទារក?

ទារកក្រោមអាយុ ២៨ថ្ងៃ ជាពិសេសទារកពុំគ្រប់ខែ ឬពុំគ្រប់គីឡូ មានប្រព័ន្ធការពារខ្លួនខ្សោយ ប្រសិនបើមានជ្រៀតចូលមេរោគលើទារកទាំងនេះ អាចបង្កអោយមានរោគសញ្ញាធ្ងន់ធ្ងរ ដែលអាចអោយមានអត្រាមរណៈភាព និងពិការភាពខ្ពស់ បើសិនមិនមានការព្យាបាលទាន់ពេលវេលា និងត្រឹមត្រូវ។

៣) តើរោគសញ្ញាដែលសង្ស័យថាមានការបង្ករោគលើទារកមានអ្វីខ្លះ?

  • វិបត្តិផ្លូវដង្ហើមៈ ទារកដកដង្ហើមហត់ខ្លាំង ផតទ្រូង ថ្ងូរ បាត់ដង្ហើមមួយរយៈៗ សំបុរស្វាយ
  • វិបត្តិនៃការរក្សាសីតុណ្ហភាពធម្មតាក្នុងខ្លួនៈ ទារកមានភាពត្រជាក់ខ្លាំង (កំដៅទារកទាបជាង ៣៥អង្សារសេ) ឬទារកក្តៅខ្លួន (កំដៅលើសពី ៣៨អង្សារសេ)
  • សំបុរទារកស្លេកស្លាំងខុសពីធម្មតា
  • ខាន់លឿងចំពោះទារកដែលមានអាយុក្រោម ២៤ម៉ោង
  • ប្រកាច់ ឬទារកមានសភាពទន់ខុសពីធម្មតា
  • ទារកបៅតិចជាងធម្មតា ឬពុំបៅ
  • ពោះប៉ោងតឹង មានឈាមតាមលាមក….។

៤) កត្តាប្រឈមដែលបណ្តាលអោយមានការបង្ករោគលើទារក៖

  • ម្តាយមានសញ្ញាក្តៅខ្លួនលើសពី ៣៨អង្សារសេ មុនកំឡុងពេល និងក្រោយសម្រាល
  • បែកទឹកភ្លោះយូរលើសពី ១៨ម៉ោង
  • ទឹកភ្លោះមានពណ៌ខ្ទុះ មានក្លិនស្អុយ
  • ម្តាយមានការបង្ករោគនៅនឹងទ្វារមាស ឬការបង្ករោគលើផ្នែកណាមួយ
  • ទារកកើតពុំគ្រប់ខែ (ក្រោម ៣៧សប្តាហ៍នៃគភ៌) ឬពុំគ្រប់គីឡូ (តិចជាង ២៥០០ក្រាម)
  • ទារកដែលខ្សោយពេលកើត
Image result for baby have virus

៥) ការធ្វើរោគវិនិច្ឆ័យ៖

  • ទារកដែលមានសញ្ញា ឬកត្តាប្រឈមដែលសង្ស័យថាមានការបង្ករោគ នឹងត្រូវបានធ្វើការតាមដានតាមរយៈ ការអង្កេតគ្លីនិក និងការធ្វើតេស្តដើម្បីបញ្ជាក់ពីការចំលងរោគនេះ (បណ្តុះមេរោគក្នុងឈាម)។

៦) ការព្យាបាល៖

  • ការព្យាបាលដោយថ្នាំផ្សះដែលត្រឹមត្រូវតាមលទ្ធផលនៃការបណ្តុះមេរោគ
  • ការព្យាបាលតាមរោគសញ្ញា (ផ្តល់អុកស៊ីសែន ប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមលើទារកដែលមានវិបត្តិផ្លូវ ដង្ហើមធ្ងន់ធ្ងរ និងការព្យាបាលដោយកាំរស្មីចំពោះខាន់លឿង)

៧) ការការពារការចំលងរោគលើទារក៖

  • ព្យាបាលដោយថ្នាំផ្សះលើម្តាយដែលមានការបង្ករោគ ឬបែកទឹកភ្លោះយូរលើសពី ១៨ម៉ោង
  • រក្សាអនាម័យជុំវិញការថែទាំទារកក្រោយកើត (សំអាតដៃមុនពេលប៉ះពាល់ទារក)

” រាល់ទារកដែលមានសញ្ញាពុំប្រក្រតីណាមួយ ដែលសង្ស័យថាមានការបង្ករោគ សូមមេត្តាបញ្ជូនទារកមកទទួលការពិនិត្យ និងវាយតម្លៃដោយក្រុមការងារគ្រូពេទ្យឯកទេសសង្គ្រោះទារកនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឈានដល់ការព្យាបាលអោយបានទាន់ពេលវេលា និងទទួលបានប្រសិទ្ធភាព ប្រសិទ្ធិភាពខ្ពស់។ “

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត្រ