សូមប្រយ័ត្ន! អាហារទាំងនេះបើញ៉ាំពេលពពោះអាចប៉ះពាល់កូនក្នុងផ្ទៃជាក់ជាមិនខាន
ពិតណាស់ ការញ៉ាំអាហារណាដែលមានតុល្យភាព និងជីវជាតិគ្រប់គ្រាន់ ជាមួយនឹងបន្លែ និងផ្លែឈើ គឺមានសារសំខាន់ណាស់សម្រាប់ម៉ាក់ៗដែលកំពុងតែពពោះ។ យ៉ាងណាមិញ ម៉ាក់ៗគប្បីជៀសវាងអាហារមួយចំនួនដែលអាចបណ្ដាលឲ្យរលូតកូនបាន ជាពិសេសនៅអំឡុងត្រីមាសទី១។
អាហារដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់កូន នៅអំឡុងពេលពពោះថ្មីថ្មោង
ជាទូទៅ ការពពោះតែងតែធ្វើឲ្យម៉ាក់ៗមានអាការៈក្អួតចង្អោរ វិលមុខ និងឃ្លានអាហារខុសប្រក្រតី។ ប៉ុន្តែ នៅអំឡុងពេលនេះដែរ ម៉ាក់ៗត្រូវមានការប្រុងប្រយ័ត្នឲ្យបានដិតដល់ចំពោះការជ្រើសរើសអាហារ ពីព្រោះវាអាចផ្ដល់ផលប៉ះពាល់ដល់អាយុជីវិតរបស់ទារកដែលកំពុងតែលូតលាស់ក្នុងផ្ទៃផងដែរ។ ខាងក្រោមនេះ គឺជាអាហារដែលអាចនាំឲ្យមានការរលូតកូនដែលម៉ាក់ៗគួរជៀសវាង៖
១. គ្រាប់ល្ង
ម៉ាក់ៗដែលកំពុងតែពពោះ គួរញ៉ាំគ្រាប់ល្ងនៅក្នុងបរិមាណតិចតួចប៉ុណ្ណោះ មិនថាល្ងស ឬល្ងខ្មៅនោះទេ។ ប្រសិនបើយើងញ៉ាំគ្រាប់ល្ងជាមួយនឹងទឹកឃ្មុំ វាអាចកើតមានបញ្ហាជាច្រើន នៅអំឡុងពេលមានផ្ទៃពោះថ្មីថ្មោង។
២. ថ្លើមសត្វ
ថ្លើមសត្វ សម្បូរទៅដោយវីតាមីនA ដូចនេះ ប្រសិនបើយើងញ៉ាំវាត្រឹមតែ២ដងក្នុងមួយខែ វាមិនបង្កជាគ្រោះថ្នាក់ ក៏ដូចជារលូតកូនឡើយ។ ប៉ុន្តែ នៅពេលដែលយើងញ៉ាំវាក្នុងបរិមាណច្រើន វាអាចជំរុញការប្រមូលផ្ដុំRetinol បន្តិចៗ ដែលអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់ទារក។
៣. ក្ដាម
ទោះបីជាក្ដាមសម្បូរទៅដោយជាតិកាល់ស្យូមក៏ពិតមែន ប៉ុន្តែវាក៏មានផ្ទុកកម្រិតកូឡេស្តេរ៉ូលខ្ពស់ផងដែរ។ កត្តានេះ អាចបណ្ដាលឲ្យរួញស្បូន និងនាំឲ្យហូរឈាមខាងក្នុង ក៏ដូចជារលូតកូន។ ដូច្នេះហើយ ម៉ាក់ៗមិនគួរញ៉ាំវា នៅអំឡុងពេលមានផ្ទៃពោះឡើយ។
៤. ប្រទាលកន្ទុយក្រពើ
វីត្បិតតែប្រទាលកន្ទុយក្រពើមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពក៏ពិតមែន ប៉ុន្តែស្រ្តីមានផ្ទៃពោះមិនគួរញ៉ាំវាឡើយ ពីព្រោះប្រទាលកន្ទុយក្រពើមានផ្ទុកសមាសធាតុAnthraquinones ជាប្រភេទ ថ្នាំបញ្ចុះលាមក ដែលបង្កឲ្យមានការកន្ត្រាក់ស្បូន និងការហូរឈាមនៅក្នុងអាងត្រគាក ព្រមទាំងនាំឲ្យមានការរលូតកូនថែមទៀតផង។
៥. ល្ហុង
ផ្លែល្ហុងខ្ចីមានសមាសធាតុផ្សំ ដែលមានតួនាទីជាថ្នាំបញ្ចុះ និងអាចនាំឲ្យកូនកើតមិនគ្រប់ខែ។ រីឯគ្រាប់ល្ហុង ក៏សម្បូរទៅដោយអង់ស៊ីម ដែលបណ្ដាលឲ្យមានការកន្ត្រាក់ស្បូន ក៏ដូចជាធ្វើឲ្យយើងរលូតកូនថែមទៀតផង។
៦. កាហ្វេអ៊ីន
យោងតាមការស្រាវជ្រាវមួយបានបង្ហាញថា នៅពេលដែលម៉ាក់ៗញ៉ាំជាតិកាហ្វេអ៊ីននៅក្នុងកម្រិតមួយសមល្មម គឺវាមិនបង្កជាគ្រោះថ្នាក់នៅអំឡុងពេលពពោះឡើយ។ ប៉ុន្តែ ស្រីៗមានផ្ទៃពោះ គួរមានការប្រុងប្រយ័ត្នក្នុងការញ៉ាំជាតិកាហ្វេអ៊ីននេះ ពីព្រោះការកើនឡើងនៃជាតិកាហ្វេអ៊ីន អំឡុងពេលពពោះ អាចបណ្ដាលឲ្យមានការរលូតកូន ឬកូនមិនគ្រប់គីឡូ។
៧. គ្រឿងសមុទ្រ
គ្រឿងសមុទ្រភាគច្រើនដូចជាគ្រុំ អ័យស្ទ័រ និងបង្គា អាចមានជាតិពុលដោយសារពពួកបាក់តេរី (Listeria) ដែលអាចនាំមកនូវបញ្ហាជាច្រើន អំឡុងពេលពពោះ ដូចជាកូនកើតមិនគ្រប់ខែ ឬរលូតកូនជាដើម។ ដូច្នេះហើយ ប្រសិនបើម៉ាក់ៗញ៉ាំ គប្បីចម្អិនគ្រឿងសមុទ្រឲ្យឆ្អិនល្អមុនពេលញ៉ាំ ដើម្បីសុវត្ថិភាពរបស់កូនក្នុងផ្ទៃ។
ប្រភព៖ hello krupet