ត្រៀមហើយឬនៅ? រឿងដែលចាំបាច់ប្តីប្រពន្ធត្រូវធ្វើមុនសម្រេចចិត្តមានកូន
ប្ដីប្រពន្ធបច្ចុប្បន្ន ភាគច្រើនសុទ្ធតែពិភាក្សាគ្នា រឿងការសម្រេចចិត្តយកកូនតាមផែនការច្បាស់លាស់ណាស់ ហើយកត្តាចៃដន្យ ជាភាគរយដែលរួមតូចទៅៗ។
បើអ្នកកំពុងអានសុទ្ធតែដាក់ផែនការច្បាស់លាស់បែបនេះមែន សូមចូលរួមអបអរសាទរ។ វាជារឿងដែលគួរឲ្យរំភើប និងលាយឡំដោយភាពភ័យខ្លាចបំផុត។ ហើយអ្វីដែលអ្នកទាំង២ ចាំបាច់ត្រូវធ្វើនៅពេលនេះគឺត្រូវរៀបចំខ្លួនឲ្យបានរួចរាល់សម្រាប់ខ្លួនឯង និងអនាគតកូន។
តើត្រូវត្រៀមអ្វីខ្លះដែលត្រូវធ្វើមុនសម្រេចចិត្តមានកូន?
នេះគឺជាអ្វីដែលម៉ាក់ៗត្រូវអនុវត្តឥលូវនេះដើម្បីធានាបាននូវការពពោះដែលមានសុខភាពល្អ និងរីករាយជាមួយការធ្វើជាអ្នកម៉ាក់លោកប៉ាគេទៅថ្ងៃក្រោយ។ ករណីគួរពិចារណាទាំងនោះមានដូចជា៖

១. ឈប់លេបថ្នាំពន្យារកំណើត
ស្ត្រីមួយចំនួនត្រូវការពេលវេលាខ្លះដើម្បីឲ្យមានកូនវិញបន្ទាប់ពីឈប់ប្រើមធ្យាបាយពន្យាកំណើត។ ដើម្បីឲ្យវដ្តរដូវត្រឡប់មកសភាពដើមវិញ ដំបូងត្រូវបញ្ឈប់រាល់ការប្រើថ្នាំទាំងអស់យ៉ាងហោច ពីរបីខែមុនពេលសម្រេចចិត្តយកកូន។ ការដែលឈប់លេបមុនដូច្នេះ អាចកំណត់បាននូវភាពត្រឹមត្រូវក្នុងការមានកូនទៅតាមកាលវិភាគនៃវដ្តរដូវ។
២. រៀបចំកាលវិភាគដើម្បីពិនិត្យសុខភាពមុនពេលមានពពោះ
គួរទៅពិគ្រោះជាមួយគ្រូពេទ្យទូទៅ ឬគ្រូពេទ្យផ្នែកសម្ភពមុនពេលដែលព្យាយាមយកកូនពីរបីខែ ទៀត។ វាជាពេលដែលគ្រូពេទ្យអាចសួរនាំ និងពិនិត្យមើលពីប្រវត្តិវេជ្ជសាស្រ្ត ភាពមានកូន និងសុខភាព។

3. ជូបពេទ្យធ្មេញ
ការផ្លាស់ប្តូរអ័រម៉ូន អំឡុងពេលមានផ្ទៃពោះអាចធ្វើឲ្យស្ត្រីងាយមានបញ្ហាអញ្ចាញធ្មេញណាស់។ ការស្រាវជ្រាវខ្លះបានលើកឡើងពីបញ្ហាអញ្ចាញធ្មេញអាចបង្កើនហានិភ័យរលូតកូន ការកើតកូនមិនគ្រប់ខែ ឬកើតជំងឺបម្រុងក្រឡាភ្លើង។ ដូច្នេះសូមកុំភ្លេចទៅជួបពេទ្យធ្មេញ ឬទន្តពេទ្យ ដើម្បីពិនិត្យពីសុខភាពមាត់ធ្មេញ មុនមានផ្ទៃពោះ ដើម្បី សុខភាពកូនមកល្អប្រសើរ។
4. ពិភាក្សាគ្នាជាមួយស្វាមីរបស់អ្នក
ការមានកូនទៅបានរវាងប្ដីប្រពន្ធ គឺកើតចេញពីការព្រមព្រៀងគ្នា តែថាក្រោយមានកូន អ្នកព្រមព្រៀងគ្នាប៉ុនណាទៅលើបញ្ហាធំមួយចំនួនដូចជាការចិញ្ចឹមបីបាច់ថែទាំកូន ហិរញ្ញវត្ថុ ស្ថេរភាពការងារ និងការលះបង់ពេលវេលាខ្ពស់សម្រាប់គ្រួសារថ្មីថ្មោង ទើបមានកូនតូច។ ជាសរុបមក ការមានកូនគឺជាការប្តេជ្ញាចិត្តមូយជីវិត។ តែសូមកុំបារម្ភពេក ! វាមិនអីទេ បើអ្នកចង់ប្តូរចិត្តលើអ្វីមួយ ក្នុងពេលវេលាណាមួយខាងមុខនោះ។
5. នៅឲ្យឆ្ងាយពីស្រា និងបារី
ទាំងស្រា ទាំងបារីគឺមានទំនាក់ទំនងយ៉ាងសំខាន់ទៅនឹងបញ្ហានៃការអត់កូន កូនមានបញ្ហាពីកំណើត ឬករណីកូនមានទម្ងន់តិច ឬលើស។ ដូច្នេះ បើស្រលាញ់កូន ចង់បានកូនតាមផែនការមែន គួរតែបញ្ឈប់ទំលាប់មិនល្អទាំងនេះ ទាំងជក់ ទាំងផឹក ហើយរក្សាទម្ងន់ឲ្យតាមស្តង់ដា។ គួរចាប់ផ្ដើមដាក់ផែនការហាត់ប្រាណ និងពិនិត្យលើរបបអាហារសុខភាព ដើម្បីសុខភាពយើងសម្រាប់ត្រៀមមានផ្ទៃពោះ និងត្រៀមខ្លួនជាម្តាយម្នាក់ដ៏ល្អ សម្រាប់កូនជាទីស្រលាញ់។

៦. រៀបផែនការថវិការសម្រាប់កូន
ការចិញ្ចឹមកូនគឺមិនមែនថោកនោះទេ។ វាទាមទារការចំណាយដែលអ្នកត្រូវចេះទុកដាក់ ពីឥលូវដើម្បីជួយសម្រាលការចំណាយច្រើនពេក ពេលដែលកូនកើតមក។ សូមចាប់ផ្តើមសិក្សាពីការចំណាយទៅលើការកើតកូន ការថែទាំម្ដាយមុនពេល និងក្រោយសម្រាល។ ស្វែងយល់ពីការច្បាប់ការងារ និងអត្ថប្រយោជន៍ផ្សេងៗពេលឆ្លងទន្លេ និងរៀបចំផែនការឲ្យបានច្បាស់លាស់សម្រាប់ការចំណាយ ដើម្បីចាប់ផ្តើមគ្រួសារមួយ។
៧. កំចាត់ភាពតានតឹង
ភាពតានតឹងអាចពន្យារដល់លទ្ធភាពនៃការមានផ្ទៃពោះបាន។ ហេតុដូចនេះត្រូវចេះកម្សាន្តសប្បាយ ធ្វើចិត្តឲ្យជ្រះស្រឡះ សាកល្បងសកម្មភាពដូចជា ការស្ប៉ាខ្លួន ឬហាត់យ៉ូហ្ការជាមួយមិត្តស្រីៗដូចគ្នា ជាជាងអង្គុយស្មុគពិបាកចិត្តគ្រប់រឿង ដែលខ្លួនប្រឈម និងដោះស្រាយ។ មិនថាអ្នកគេង ឬមើលទូរទស្សន៍ជាដើម អ្វីដែលធ្វើដើម្បីបំបាត់ស្រ្តេសនិងដើរស្របពេលជាមួយការត្រៀមខ្លួនរៀបចំផ្ទះ និងជីវិតសម្រាប់ទទួលកូនទើបនឹងកើតរបស់អ្នក។ ហើយបើអ្នកគិតថា អ្នកចង់ធ្វើដំណើរកំសាន្ត នេះគឺជាពេលដ៏ល្អសម្រាប់អ្នក។
ប្រភព៖ Konchlat.com