ពិបាកណាស់មេនទេ? មូលហេតុ៣ ធ្វើឲ្យស្ត្រីមានផ្ទៃពោះ ចេះតែគេងមិនលក់
អំឡុងពេលពពោះ ស្រីៗគ្នាយើងច្បាស់ជាជួបប្រទះបញ្ហាច្រើន ទាំងធ្លាប់ឆ្លងកាត់ពីមុន ទាំងមិនធ្លាប់ឆ្លងកាត់។ ជាធម្មតាពេលពពោះ ស្រីៗភាគច្រើនតែងមានអារម្មណ៍ល្វើយខ្លាំង និងគេងច្រើនជារឿងធម្មតាទៅហើយ។
ប៉ុន្តែចំពោះគ្នាយើង មានបញ្ហាគេងមិនលក់វិញ អាចមិនមែនជារឿងធម្មតាទេ ខណៈគេងមិនលក់ពេលពពោះ ជាបញ្ហាសុខភាពមួយគ្នាយើងត្រូវដឹង។
តើមានមូលហេតុអ្វីខ្លះដែលធ្វើឪ្យស្ត្រីមានផ្ទៃពោះគេងមិនលក់?
ខាងក្រោមនេះយើងនឹងធ្វើការបង្ហាញអំពីមូលហេតុ ៤ ដែលធ្វើឪ្យស្រ្តីពពោះមានអាការៈ គេងមិនលក់ តោះមកស្វែងយល់ទាំងអស់គ្នា៖

១. គេងមិនលក់ពេលពពោះ
គេងមិនលក់ពេលពពោះ ជាភាសាបច្ចេកទេស Insomnia មានន័យថា ពិបាកងងុយគេង ឬគេងមិនលក់ ឬកើតមានទាំងពីរយ៉ាងតែម្តង។ ស្រីៗគ្នាយើងកំពុងពពោះ អាចប្រទះបញ្ហានេះគ្រប់ដំណាក់កាល ប៉ុន្តែជាទូទៅ រឿងនេះឧស្សាហ៍កើតមាននៅដំណាក់កាលត្រីមាសដំបូង និងត្រីមាសទី ៣ នៃការពពោះ។ ជាមួយនឹងបញ្ហាក្រោកបត់ជើងញឹកញាប់ពេលយប់ និងបម្រែបម្រួលអ័រម៉ូនរាងកាយមិនអាចគ្រប់គ្រងបាន។ ស្រីៗពពោះច្រើនមានបញ្ហាកកស្ទះណាមួយ និងក្រហាយទ្រូងជាដើម ជាហេតុត្រូវចំណាយពេលចេញពីគ្រែច្រើនជាងនៅលើគ្រែ។ យ៉ាងណា ដំណឹងល្អ គឺថាទោះស្ថានភាពគេងមិនលក់ពេលពពោះធ្ងន់ធ្ងរប៉ុណ្ណា ក៏វាមិនគំរាមកំហែងដល់អូនៗក្នុងផ្ទៃនោះដែរ។
នៅដំណាក់កាលចុងក្រោយនៃការពពោះ ស្រីៗភាគច្រើនកាន់តែពិបាកគេងឲ្យមានផាសុកភាព និងគ្រប់គ្រាន់ណាស់។ នៅអំឡុងត្រីមាសដំបូងវិញ គ្នាយើងអាចមិនរងឥទ្ធិពលពីគភ៌ក្នុងផ្ទៃក៏ពិតមែន ប៉ុន្តែនៅតែមានបញ្ហាច្រើនទៀត អាចធ្វើឲ្យយើងគេងមិនលក់បាន។
២. មូលហេតុនាំឲ្យគេងមិនលក់អំឡុងពេលពពោះ
បើយើងកំពុងពពោះ គឺមានហេតុផលជាច្រើន អាចធ្វើឲ្យក្រោកពីដំណេកកាន់តែច្រើនដងនៅពេលយប់ ដោយរាប់បញ្ចូលទាំង៖
- ការនោមញឹកញាប់
- ក្អួត ឬចង្អោរ
- ឈឺខ្នង
- បញ្ហាសុដន់
- មិនស្រួលពោះ
- រមួលក្រពើ
- ដកដង្ហើមបានខ្លីៗ
- យល់សុបិនរវើរវាយ។

បញ្ហាផ្សេងទៀតនាំឲ្យគេងមិនលក់ពេលពពោះ ក៏អាចមានទំនាក់ទំនងជាមួយស្ត្រេស។ គ្នាយើងអាចនឹងព្រួយបារម្ភខ្លាំងពីការសម្រាល ឬបារម្ភពីតួនាទីក្លាយជាម៉ាក់ៗគេ ដែលក្តីបារម្ភទាំងនេះសុទ្ធតែអាចធ្វើឲ្យយើងបញ្ឈរភ្នែកអំឡុងពេលយើងដាក់ខ្លួនគេង។
មួយទៀត ស្រីៗយើងអាចនិយាយបញ្ហាទាំងអស់ជាមួយប្តីពីអារម្មណ៍ និងអ្វីយើងកំពុងបារម្ភ ព្រោះក៏អាចជួយឲ្យស្រីៗគ្នាយើងមានអារម្មណ៍ធូរស្រាលបានដែរ។
៣. បង្កើតទម្លាប់គេងឲ្យបានត្រឹមត្រូវ
ធីល្អបំផុតដើម្បីដោះស្រាយបញ្ហាគេងមិនលក់ពេលពពោះ ស្រីៗអាចរៀបចំទម្លាប់គេងត្រឹមត្រូវមួយសម្រាប់ខ្លួនឯង។ ចាប់ផ្តើមទម្លាប់ចូលគេងនៅម៉ោងជាក់លាក់មួយរៀងរាល់យប់ អាចធ្វើឲ្យយើងមានអារម្មណ៍កាន់តែធូរស្រាលបាន។
កុំមើលទូរទស្សន៍ ឬទូរសព្ទយ៉ាងហោចណាស់ ១ម៉ោងមុនពេលចូលគេង។ ពន្លឺពណ៌ខៀវចេញពីទូរទស្សន៍ ទូរសព្ទ ឬផេប្លេត អាចប៉ះពាល់ដល់ចង្វាក់នាឡិកាក្នុងរាងកាយយើង។ ស្រីៗពពោះ អាចសាកល្បងអានសៀវភៅជំនួសវិញក៏បាន។
៤. របបអាហារ និងលំហាត់ប្រាណ
របបអាហារ និងការហាត់ប្រាណ មានឥទ្ធិពលខ្លាំងទៅលើដំណេករបស់យើង។ ស្រីៗពពោះ បើចង់ឲ្យគេងលក់ស្រួល អាចសាកល្បងតាមតិចនិកខាងក្រោម៖
- ផឹកទឹកឲ្យបានច្រើន៖ ផឹកទឹកឲ្យបានច្រើនពេញមួយថ្ងៃ ប៉ុន្តែកាត់បន្ថយការផឹកទឹកចាប់ពីម៉ោង ៧យប់ ហើយកុំផឹកកាហ្វេអំឡុងពេលថ្ងៃត្រង់ឲ្យសោះ។
- ញ៉ាំអាហារជួយឲ្យឆាប់គេង៖ ញ៉ាំអាហារពេលល្ងាចដែលអាចជួយឲ្យសុខភាពល្អ ប៉ុន្តែដើម្បីជួយកាត់បន្ថយបញ្ហាក្រហាយទ្រូង ត្រូវញ៉ាំអាហារនៅពេលព្រលប់ៗ និងកុំបង្កើតទម្លាប់ឃ្លានច្រើននៅម៉ោងគេង។ បើមុនចូលគេងមានអារម្មណ៍ថាឃ្លាន អាចញ៉ាំអាហារសម្រន់បន្តិចបន្តួច។ អាហារមានប្រួតេអ៊ីនខ្ពស់ អាចធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានស្ថិរភាពពេញមួយយប់។ អាចសាកល្បងទឹកដោះគោក្តៅមួយកែវ ក៏ជួយឲ្យគេងលក់ស្រួលដែរ។

- ហាត់ប្រាណ៖ អំឡុងពេលពពោះ ស្រីៗត្រូវបញ្ចេញសកម្មភាពឲ្យបានច្រើនបន្តិចនៅពេលថ្ងៃ អាចធ្វើកិច្ចការផ្ទះ ឬហាត់ប្រាណបែបពពោះ សុទ្ធតែអាចជួយឲ្យគេងលក់ស្រួលនៅពេលយប់។ សម្រាប់វិធីហាត់ប្រាណពេលពពោះ មានច្រើនស័ក្ដិសមសម្រាប់ស្រីៗគ្រប់គ្នា ប៉ុន្តែគួរពិភាក្សាជាមួយគ្រូពេទ្យ មុនសម្រេចជ្រើសយកវិធីហាត់ប្រាណណាមួយដែលសមជាមួយស្ថានភាពសុខភាពយើង។
ប្រភព៖ hello krupet