ប្រសើរខ្លាំងណាស់! វិធីទាំង ៥ យ៉ាងក្នុងការថែទាំ និងការពារសុខភាពរបស់ទារកពីជំងឺគ្រុនផ្ដាសាយ
រដូវរងារជារដូវដែលមនុស្សភាគច្រើនជាពិសេសទារកតែងតែកើតនូវអាការៈក្ដៅខ្លួនផ្ដាសាយ ហៀរសំបោរ ពិបាកដកដង្ហើមជាដើម។ ឪពុកម្ដាយរបស់ទារកទាំងអស់តែងតែមានការព្រួយបារម្ភជាខ្លាំងចំពោះសុខភាពរបស់កូនៗរបស់ពួកគាត់ហើយ ពួកគាត់គ្មានវិធីសាស្ត្រគ្រប់គ្រាន់ក្នុងការថែទាំ និងការពារសុខភាពរបស់កូនៗពីជំងឺគ្រុនក្ដៅ និងផ្ដាសាយនោះទេ។
តើមានវិធីអ្វីខ្លះដើម្បីជួយថែទាំ និងការពារសុខភាពរបស់ទារកពីជំងឺគ្រុនផ្ដាសាយ?
ដូចនេះ ពេទ្យយើងសូមលើកយកវិធីសាស្ត្រទាំង ៥ យ៉ាងក្នុងការថែទាំ និងការពារសុខភាពរបស់ទារកពីជំងឺគ្រុនក្ដៅ និងផ្ដាសាយ៖

១. ការដាក់ទារកគេងឲ្យបានត្រឹមត្រូវ
លោកអ្នកត្រូវពិនិត្យឲ្យបានម៉ត់ចត់ពីទីតាំងគេងរបស់ទារកដូចជា ខ្យល់ចេញចូលពីបង្អួច ពីកង្ហារ ម៉ាស៊ីនត្រជាក់ជាដើម។ នៅពេលដែលរៀបកន្លែងឲ្យទារកគេង សូមពិនិត្យមើលអំពីអនាម័យកម្រាលគេង ធូលីដីជាដើមព្រោះវត្ថុទាំងអស់នេះអាចបង្កឲ្យទារកមានជំងឺផ្ដាសាយបាន។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកត្រូវរុំទារកជាមួយនឹងក្រណាត់ទន់ ហើយស្អាតដើម្បីផ្ដល់កម្ដៅដល់ទារក។
២. អនុវត្តវិធានអនាម័យ
ការប៉ះទារកជាមួយនឹងដៃកខ្វក់ អាចបង្កឲ្យទារកងាយកើតរោគផ្ដាសាយបំផុត។ ទារកមានប្រព័ន្ធការពារសុខភាពខ្សោយជាងមនុស្សចាស់ដែលអាចឲ្យមេរោគងាយជ្រៀតចូល និងបង្កជំងឺ។ ដូចនេះអ្នកដែលថែទាំទារកគួរមានអនាម័យខ្លួនប្រាណ ជាពិសេសលាងដៃឲ្យបានស្អាតមុននឹងប៉ះទារក។ មិនតែប៉ុណ្ណោះ សម្ភារៈប្រើប្រាស់របស់ទារកត្រូវលាងសំអាតរៀងរាល់ពេលប្រើប្រាស់រួចដើម្បីការពារមេរោគពីទារក។

៣. នៅឲ្យឆ្ងាយពីអ្នកមានអាការៈផ្ដាសាយ
ដោយសារប្រព័ន្ធការពារសុខភាពមិនទាន់មានភាពរឹងមាំនៅឡើយ ឪពុកម្ដាយ ឬអ្នកថែទាំទារកគួរឲ្យទារកនៅគម្លាតឲ្យឆ្ងាយពីអ្នកជំងឺ។ ប្រសិនបើលោកអ្នកត្រូវមើលថែទារកតែមានអាការៈផ្ដាសាយ លោកអ្នកគួរពាក់ម៉ាស់ និងលាងសំអាតដៃជើងរបស់លោកអ្នកមុនចូលទៅមើលថែទារកហើយត្រូវព្យាបាលជំងឺនេះឲ្យបានឆាប់រហ័ស ជៀសវាងមានការចម្លងទៅទារក។
៤. បំបៅទឹកដោះដល់ទារកឲ្យបានច្រើន
ទឹកដោះម្ដាយគឺជាអាហារចម្បងមួយសម្រាប់ទារកក្នុងការលូតលាស់ និងជួយឲ្យទារកសុខភាពល្អ មិនងាយឆ្លងជំងឺផ្សេងៗ។ អ្នកម្ដាយគួរបំបៅទារកឲ្យបានឆ្អែតដើម្បីផ្ដល់វីតាមីនល្អៗដល់ទារកមានប្រព័ន្ធការពារសុខភាពរឹងមាំ និងមិនងាយមានជំងឺ។ ប្រសិនបើជាម្ដាយមិនអាចបំបៅដោះបាន អ្នកម្ដាយត្រូវពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញណាមួយដើម្បីស្វែងរកវិធីសាស្ត្រផ្សេងៗដែលជួយឲ្យទារកមានសុខភាពរឹងមាំល្អ មិនងាយឆ្លងជំងឺ។

៥. ជៀសវាងទីសាធារណៈ
ប្រសិនបើមិនចាំបាច់ សូមកុំយកទារកចេញក្រៅផ្ទះច្រើនពេក។ ព្រោះថាទីសាធារណៈគឺជាបណ្ដុំមេរោគចម្រុះដែលវាជាគ្រោះថ្នាក់មួយសម្រាប់សុខភាពទារក។ ជាពិសេសនៅពេលអាកាសធាតុចុះត្រជាក់ ទារកងាយនឹងមានអាការៈក្ដៅខ្លួន និងផ្ដាសាយ ដូចនេះលោកអ្នកត្រូវប្រុងប្រយ័ត្នជានិច្ចនៅពេលយកទារកចេញខាងក្រៅ។
៦. តាមដានសុខភាពឲ្យបានទៀងទាត់
តាមដានសុខភាពទារកដោយការពិនិត្យកម្ដៅ រោគសញ្ញាផ្សេងៗដូចជាហៀរសំបោរ ក្ដៅខ្លួន ការបៅ និងគេងរបស់ទារកជាដើម។ ប្រសិនបើទារកមានកម្ដៅលើសពី 37.5 អង្សារសេ ឬមានអាការៈបៅមិនបាន គេងមិនលក់សូមទាក់ទងទៅកាន់មន្ទីរពេទ្យឲ្យបានឆាប់រហ័សដើម្បីទទួលការព្យាបាលឲ្យបានទាន់ពេលវេលា។
ប្រភព៖ verywellhealth