ពិបាកណាស់មេនទេ? គន្លឹះព្យាបាលអាការៈឆ្អល់ចុងដង្ហើមកំឡុងពេលមានផ្ទៃពោះ
ស្រ្តីមានផ្ទៃពោះប្រមាណ ៤៥% តែងតែកើតអាការៈឆ្អល់ចុងដង្ហើមជាពិសេសនៅពេលយប់។ អាការៈនេះភាគច្រើនកើតឡើងនៅអំឡុងត្រីមាសទី ២ និងទី ៣ ហើយប្រសិនបើស្រ្តីនោះធ្លាប់មានកើតអាការៈនេះពីមុនមក ស្រ្តីនោះមានភាគរយខ្ពស់ក្នុងការកើតអាការៈនេះនៅពេលមានផ្ទៃពោះ។ អាការៈបណ្ដាលមកពីអរម៉ូននៅក្នុងរាងកាយ ទារកនៅក្នុងផ្ទៃលូតលាស់ធ្វើឲ្យច្រាលអាស៊ីតនៅក្នុងក្រពះ និងមួយវិញទៀតគឺការរំលាយអាហារមានភាពយឺតយ៉ាវ។
មូលហេតុអ្វីដែលធ្វើឪ្យអ្នកមានផ្ទៃពោះមានអារម្មណ៍ឆ្អល់ចុងដង្ហើម? តើគួរដោះស្រាយដូចម្តេច?
អាការៈផ្ដល់ផលរំខានយ៉ាងខ្លាំងដល់ស្រ្តីមានផ្ទៃពោះ ដូច្នេះដើម្បីបំបាត់អាការៈនេះ អ្នកអាចអនុវត្តតាមវិធីសាស្ត្រទាំង ៦ ចំណុចនេះ៖

១. គ្រប់គ្រងរបបអាហារ៖ អាហារដែលមានរសជាតិហឹរ និងមានជាតិអាស៊ីតច្រើនអាចធ្វើឲ្យបរិមាណជាតិអាស៊ីតនៅក្នុងក្រពះកើនឡើង។ អ្នកគួរជៀងវាងពិសារក្រូចឆ្មារ ប៉េងប៉ោះ ខ្ទឹមបារាំង កាហ្វេអ៊ីន ទឹកសូដា និងអាហារដែលមានជាតិអាស៊ីតផ្សេងទៀតដើម្បីទប់ស្កាត់ការកើននៃបរិមាណជាតិអាស៊ីត។
២. បរិភោគឲ្យបាន ៣ ម៉ោងមុនពេលសម្រាក៖ ដើម្បីជៀសវាងកើតនូវអាការៈឆ្អល់ចុងដង្ហើម អ្នកគួរពិសារអាហារឲ្យបានបីម៉ោងយ៉ាងតិចមុនពេលអ្នកចូលគេង។ ការអនុវត្តបែបនេះដើម្បីផ្ដល់ពេលសមស្របសម្រាប់ក្រពះក្នុងការរំលាយអាហារឲ្យបានល្អ និងមិនមានការច្រាលជាតិអាស៊ីត។
៣. ជៀសវាងការជក់បារី៖ ជាតិគីមីដែលមាននៅក្នុងបារីបណ្ដាលឲ្យជាតិអាស៊ីតនៅក្នុងក្រពះបុកឡើងមកទ្រូងដែលបណ្ដាលឲ្យអ្នកមានអាការៈឆ្អល់ទ្រូង។

៤. កុំសេពសុរា៖ ការពិសារសុរាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ទារកប៉ុណ្ណោះទេ វាក៏ធ្វើឲ្យអ្នកកើតបញ្ហាឆ្អល់នេះបានផងដែរដោយសារជាតិសុរាចូលទៅបង្កើនជាតិអាស៊ីត។
៥. ស្លៀកពាក់ធូរៗ៖ ការស្លៀកពាក់រឹបពេកក៏អាចបណ្ដាលឲ្យអ្នកមានបញ្ហាឆ្អល់នៅចុងដង្ហើមផងដែរ។
៦. ជួបជាមួយវេជ្ជបណ្ឌិត៖ ប្រសិនបើអ្នកមានអាការៈធ្ងន់ធ្ងរ អ្នកមានផ្ទៃពោះដែលមានបញ្ហានេះគួរជួបពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញដើម្បីទទួលបានការពិនិត្យឲ្យបានត្រឹមត្រូវ។
ប្រភពៈ Healthline II https://www.healthline.com