ម៉ាក់ៗចង់ដឹងអត់? តើពណ៌លាមកបែបណា បញ្ជាក់ថាកូនមានសុខភាពល្អ?
សុខភាពទារកគឺពិតជារឿងសំខាន់មួយដែលឪពុកម្ដាយគ្រប់រូបតែងតែមានការយកចិត្តទុកដាក់ និងមានការព្រួយបារម្ភ។ ក្នុងនោះការពិនិត្យពណ៌លាមករបស់ទារកក៏អាចបញ្ជាក់ពីស្ថានភាពសុខភាពរបស់ទារកបានផងដែរ។
ពណ៌លាមករបស់ទារកអាចប្រែប្រួលទៅតាមអាយុ និងរបបអាហារ។ ដូចនេះដើម្បីស្វែងយល់ពីសុខភាពរបស់ទារក លោកអ្នកត្រូវដឹងពីពណ៌លាមករបស់ទារកដែលមានដូចជា៖
១. ពណ៌ខ្មៅ៖ លាមកពណ៌ខ្មៅគឺលាមកដំបូងរបស់ទារកដែលទើបនឹងកើតដែលប្រជាជនខ្មែរហៅថា អាចម៏ព្រៃ។ លាមកប្រភេទនេះផ្ទុក ស្លេស្ម កោសិកាស្បែក និងសារធាតុរាវ Amniotic។ លាមកប្រភេទនេះភាគច្រើនកើតឡើងសម្រាប់ទារកដែលកើតក្នុងសប្ដាហ៍ដំបូងប៉ុណ្ណោះ។
២. ពណ៌លឿងចាស់៖ ទារកដែលបៅដោះម្ដាយភាគច្រើនមានលាមកពណ៌លឿងទុំ។ លាមកពណ៌នេះមានន័យថា ទារកមានសុខភាពល្អធម្មតា និងពុំមានការខ្វះជាតិទឹកឬបញ្ហាអ្វីឡើយ។
៣. ពណ៌លឿងខ្ចី៖ លាមកពណ៌មួយនេះក៏ជាពណ៌លាមករបស់ទារកបៅទឹកដោះផងដែរ ប៉ុន្តែបើទារកមានលាមកប្រភេទនេះញឹកញាប់ហើយមានសភាពរាវ វាអាចជាការរាករូសដែលជាសញ្ញានៃការខ្វះជាតិទឹក។
៤. ពណ៌ក្រហម៖ កើតឡើងនៅពេលដែលទារកញ៉ាំអាហារដែលមានពណ៌ក្រហម។ លាមកនេះកើតមានឡើងនៅពេលទារកមានឈាមនៅក្នុងពោះវៀនដែលបណ្ដាលមកពីការឆ្លងមេរោគ អាឡែកស៊ីជាមួយនឹងទឹកដោះគោ ឬរលាករន្ធគូថ។
៥. ពណ៌បៃតងខ្ចី៖ កើតឡើងនៅពេលទារកបៅទឹកដោះគោច្រើនជាងទឹកដោះម្ដាយ។
៦. ពណ៌បៃតងចាស់៖ ជាទូទៅកើតមាននៅពេលដែលទារកនោះញ៉ាំអាហារបៃតងដូចជាស្ពៃបៃតងជាដើម។ ការបៅដោះម្ដាយដែលពិសារថ្នាំជាតិដែកក៏អាចធ្វើឲ្យទារកមានលាមកពណ៌បៃតងចាស់បានផងដែរ។
៧. ស និងប្រផេះ៖ លាមកពីរពណ៌នេះមានន័យថា ទារកមានបញ្ហាមិនអាចរំលាយអាហារដោយសារមិនអាចផលិតទឹកប្រមាត់គ្រប់គ្រាន់។ លោកអ្នកត្រូវបញ្ជូនទារកទៅពិនិត្យជាមួយវេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ។
ប្រភពៈ Healthline II https://www.healthline.com/health/parenting/baby-poop-color