ដើម្បីសុវត្តិភាព! បើស្រកទម្ងន់ ពេលមានផ្ទៃពោះ ក្នុងត្រីមាសទី២ ឬទី៣គួរបារម្ភទេ?
ក្នុងពេលមានផ្ទៃពោះ ទាំងការស្រក និងឡើងទម្ងន់ខ្លាំង សុទ្ធតែជាបញ្ហា ដែលត្រូវបារម្ភ ព្រោះថាវាមានទាំងគុណសម្បត្តិ និងគុណវិបត្តិ។ យ៉ាងណាមិញ រឿងមួយដែលគេតែងតែ រំពឹងចង់បាន ក្នុងពេលមានផ្ទៃពោះ គឺការឡើងទម្ងន់ និងមានទម្ងន់ធម្មតា។ ប៉ុន្តែ ចូរចាំថា ការស្រកទម្ងន់ក្នុងពេលមានផ្ទៃពោះនៅត្រីមាសទី១ ក៏ជារឿងកើតមានជាញឹកញាប់ដែរ។
ស្ត្រីភាគច្រើន ងាយនឹងស្រកទម្ងន់ ក្នុងត្រីមាសដំបូងណាស់។ ជាមធ្យម ពួកគេអាចនឹងស្រកពី ១ ទៅ ២ គីឡូក្រាម ក្នុងរយៈពេលបីខែដំបូង។ នេះដោយសារតែ បម្រែបម្រួលអ័រម៉ូនជាច្រើនក្នុងរាងកាយ។ ការចាញ់កូនធ្ងន់ធ្ងរ អាចធ្វើឲ្យស្ត្រីមិនអាចញ៉ាំអាហារបានច្រើន ហើយក៏ជាហេតុនាំឲ្យស្រកទម្ងន់ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ អាការៈស្រកទម្ងន់នេះ នឹងត្រូវបានដោះស្រាយល្អវិញ ក្រោយពីឆ្លងផុតត្រីមាសដំបូង។ ក្នុងត្រីមាសទី ២ និងទី ៣ គឺជាពេលវេលាមួយ ដែលត្រូវឡើងទម្ងន់ ដើម្បីជំរុញដល់ការលូតលាស់របស់កូនក្នុងផ្ទៃ។ ជាមធ្យម ក្នុងត្រីមាសទី២ និងទី៣ ស្ត្រីអាចនឹងឡើងទម្ងន់ពី ៤ ទៅ៥គីឡូក្រាម ក្នុងត្រីមាសនីមួយៗ។ ចំពោះចំនួនទម្ងន់ ដែលអាចឡើងនោះ គឺអាស្រ័យទៅតាមកត្តាច្រើនដែរ ដូចជា កាឡូរីដែលញ៉ាំ ការរំលាយអាហារ និងទម្លាប់ញ៉ាំអាហារ។
តើការស្រកទម្ងន់ក្នុងត្រីមាសទី២ និងទី៣ មានគ្រោះថ្នាក់ដែរទេ?
ស្ត្រីខ្លះ អាចនឹងមានបញ្ហារាករូស ក្នុងដំណាក់កាលនេះ ឬអាចនឹងមិនសូវញ៉ាំអាហារ។ ប៉ុន្តែ ការស្រកទម្ងន់ក្នុងត្រីមាសនេះ គួរតែជារឿងធ្ងន់ធ្ងរហើយ។ បើសិនជាម្តាយ មិនញ៉ាំអាហារគ្រប់គ្រាន់ គេនៅតែអាចព្យាយាម ញ៉ាំអាហារទាំងបង្ខំ ដើម្បីទទួលបានជីវជាតិគ្រប់ដែរ។ ក្រៅពីនេះ ការបង្កើនរបបអាហារសម្បូរជាតិប្រូតេអ៊ីន អាចជួយឲ្យឡើងទម្ងន់ និងប្រាកដថា ម្តាយ និងកូនទទួលបាន ជីវជាតិគ្រប់គ្រាន់ផង។
តើអ្នកគួរតែបារម្ភទេ អំពីការស្រកទម្ងន់ ក្នុងពេលមានផ្ទៃពោះ?
ជាមធ្យម ការឡើងទម្ងន់ ៩ ទៅ ១០ គីឡូក្រាម ក្នុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា។ ដូច្នេះ បើសិនជាអ្នកស្រកទម្ងន់មួយគីឡូពីរវិញ វាក៏នឹងមិនមានអ្វីត្រូវបារម្ភដែរ បើសិនជាទម្ងន់ មានការឡើងទៀងទាត់ហើយនោះ។ យ៉ាងណាមិញ បើសិនជាអ្នកស្រកទម្ងន់ ច្រើនជាងមួយគីឡូក្រាម ជារៀងរាល់ខែ អ្នកត្រូវតែពិគ្រោះ ជាមួយគ្រូពេទ្យ និងទទួលយកការព្យាបាលហើយ ព្រោះវាអាចជារឿងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។ ការស្រកទម្ងន់ខ្លាំង ក្នុងពេលមានផ្ទៃពោះ អាចនាំឲ្យកូនលូតលាស់យឺត កូនតូច និងកើតមកមានបញ្ហាច្រើនផ្សេងៗទៀត។
ដូច្នេះ ចូរគិតថា ការស្រកទម្ងន់ខ្លាំង (ស្រកច្រើនជាងពីរគីឡូក្រាមក្នុងមួយខែ) គឺជារឿងធ្ងន់ធ្ងរ ដែលត្រូវដោះស្រាយជាចាំបាច់។ ចូរចាំថា ការមានផ្ទៃពោះ មិនមែនជាពេលវេលា ដែលត្រូវគិតអំពី ការសម្រកទម្ងន់ទេ ឬឡើងទម្ងន់ទេ តែត្រូវគិតអំពីសុខភាពកូនក្នុងផ្ទៃ។
ប្រភព៖ Health.com