ប៉ាម៉ាក់ ឃើញសញ្ញាទាំងនេះ បង្ហាញថាកូនតូចកំពុងអស់កម្លាំង
ជាទូទៅ ក្មេងៗអាចបង្ហាញពីការផ្លាស់ប្ដូរឥរិយាបថមួយចំនួន ដូចជាមានអារម្មណ៍មួម៉ៅភ្លាមៗ រពឹសខ្លាំង ឬទាមទាររបស់របរផ្សេងៗ នៅពេលដែលពួកគេនឿយហត់អស់កម្លាំង។ ពិតណាស់ ប៉ាម៉ាក់គួរកត់សម្គាល់ពីសញ្ញាទាំងនេះរបស់ក្មេង ដើម្បីកាត់បន្ថយសកម្មភាពរបស់ពួកគេ ក៏ដូចជាដាក់ឲ្យពួកគេបានគេងលក់ស្រួល។
តើមានសញ្ញាអ្វីខ្លះដែលបង្ហាញថាកូនកំពុងអស់កម្លាំង?
ប្រសិនបើយើងរង់ចាំរហូតដល់ក្មេងអស់កម្លាំងខ្លាំងជ្រុល យើងអាចពិបាកនឹងដោះស្រាយកាន់តែខ្លាំងឡើង។

សញ្ញាបញ្ជាក់ថាទារកទើបកើតអស់កម្លាំង
ចំពោះទារកទើបកើត ពួកគេអាចនឹងអស់កម្លាំង ប្រសិនបើពួកគេភ្ញាក់រយៈពេលមួយម៉ោង ទៅមួយម៉ោងកន្លះ។ ប្រសិនបើទារកទើបកើតអស់កម្លាំង ប៉ាម៉ាក់អាចសង្កេតឃើញសញ្ញាមួយចំនួនដូចខាងក្រោម៖
- ទាញត្រចៀក
- ក្ដាប់ដៃ
- ស្ងាប
- បិទបើកត្របកភ្នែកចុះឡើង ឬពិបាកផ្ចង់អារម្មណ៍
- ចលនាកន្ត្រាក់ដៃ ឬជើង ឬចំកោងខ្លួនទៅក្រោយ
- ចងចិញ្ចើម ឬបង្ហាញទឹកមុខស្រងូតស្រងាត់
- ជញ្ជក់ម្រាមដៃ
សញ្ញាបញ្ជាក់ថាទារក និងកូនក្មេងអស់កម្លាំង
អាយុពី៣ទៅ៦ខែ៖ ទារកអាចអស់កម្លាំង បន្ទាប់ពីភ្ញាក់ចាប់ពីមួយម៉ោងកន្លះ ទៅ ៣ម៉ោង
អាយុពី៦ទៅ១២ខែ៖ ក្មេងអាចអស់កម្លាំង បន្ទាប់ពីភ្ញាក់ចាប់ពី២ ទៅ ៣ម៉ោង
អាយុពី១២ទៅ១៨ខែ៖ ក្មេងអាចអស់កម្លាំងខ្លាំង នៅពេលដែលពួកគេមិនគេងនៅពេលព្រឹក ឬពេលថ្ងៃ

ប្រសិនបើទារក ឬកូនតូចអស់កម្លាំង ប៉ាម៉ាក់អាចឃើញសញ្ញាខាងក្រោមនេះ៖
- តាមជាប់រហូត
- យំ
- ទាមទារចំណាប់អារម្មណ៍
- ធុញទ្រាន់ជាមួយនឹងរបស់លេង
- មួម៉ៅជាមួយនឹងអាហារ
តើទារកយំព្រោះអស់កម្លាំង ឬឃ្លាន?
ការយំអាចមានន័យថាក្មេងអស់កម្លាំង ប៉ុន្តែពេលខ្លះក៏ពិបាកនឹងបែងចែករវាងការយំព្រោះអស់កម្លាំង ឬឃ្លានផងដែរ។ នៅក្នុងករណីដែលទារកទើបតែបៅរួចនៅរយៈពេល២ម៉ោងចុងក្រោយ ប៉ុន្តែពួកគេយំ និងរញ៉ាំរញ៉ូវ នេះអាចមកពីការអស់កម្លាំង។ យ៉ាងណាមិញ ម៉ាក់ៗក៏អាចសាកល្បងបំបៅដោះ ឬផ្ដល់ចំណីឲ្យពួកគេ ហើយប្រសិនបើពួកគេបៅតែបន្តិច និងនៅតែយំមិនបាត់ នេះបញ្ជាក់ថាទារកត្រូវការសម្រាកមិនខាន។
ដកស្រង់ពី៖ Hello Krupet