បកស្រាយមូលហេតុ! ម្តេចបានកូនក្មេង ឧស្សាហ៍កើតជំងឺត្រអក ហើយគួរព្យាបាលដូចម្តេច?
ក្មេងតូចៗងាយមានបញ្ហាសុខភាពណាស់ ពិសេសអូនៗក្រោមអាយុ ២ឆ្នាំ ដោយសារប្រព័ន្ធភាពស៊ាំនៅខ្សោយ។ ជំងឺត្រអក ឧស្សាហ៍ប្រទះឃើញលើទារកណាស់ ដោយ ៥ នាក់ មានម្នាក់ទៅហើយ ហើយព្យាបាលមិនជាដាច់ទេ លុះត្រាធំឡើងនឹងបាត់ទៅវិញដោយឯកឯង។
តើជំងឺត្រអកជាអ្វី? តើគួរព្យាបាលដូចម្តេច?
ពេលនេះយើងនឹងណែនាំប៉ាម៉ាក់ឲ្យយល់ដឹងពីជំងឺត្រអកលើក្មេងៗ៖

១. ត្រអកកើតឡើងដោយសារអ្វី?
ត្រអក ជាជំងឺសើស្បែកម្យ៉ាង ឧស្សាហ៍កើតលើទារក ប៉ុន្តែក៏អាចកើតមានលើមនុស្សពេញវ័យដូចគ្នា ខណៈមូលហេតុពិតប្រាកដនាំឲ្យកើតជំងឺនេះ អ្នកស្រាវជ្រាវនៅមិនទាន់បានរកឃើញនៅឡើយទេ ប៉ុន្តែគេដាក់ការសង្ស័យទៅលើហ្សែនជាចម្បង។ ប៉ុន្តែករណីភាគច្រើន ជំងឺត្រអក ត្រូវគេរកឃើញថា មានទំនាក់ទំនងជាមួយជំងឺប្រតិកម្មមួយចំនួន ដូចជា ជំងឺហឺត និងផ្តាសាយដោយសារប្រតិកម្ម (រលាកច្រមុះ) ដែលកំពុងកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ជំងឺត្រអក បង្កឲ្យស្បែកស្ងួត និងរមាស់ បញ្ហានេះឧស្សាហ៍កើតមានបំផុតលើក្មេងតូចៗ ដោយសារប្រព័ន្ធការពារខ្លួន មានប្រតិកម្មខ្លាំងពេកជាមួយសារធាតុណាមួយដែលបង្កឲ្យមានបញ្ហាអាលែកហ្ស៊ី។ ប៉ុន្តែក្នុងករណីខ្លះ ការរលាកស្បែកលើក្មេងៗ ក៏អាចបណ្តាលមកពីប្រតិកម្មជាមួយសារធាតុគីមីមួយចំនួន រកឃើញក្នុងសាប៊ូដុះខ្លួន សាប៊ូបោកគក់ ទឹកសម្អាតផ្សេងៗ ក៏ដូចជាសារធាតុគីមីលើកំណាត់ជាដើម។

២. វិធីព្យាបាលជំងឺត្រអកលើក្មេងៗ
ការព្យាបាលអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់ជំងឺ បើក្មេងកើតជំងឺត្រអកកម្រិតស្រាល មានស្នាមក្រហម និងរមាស់ ២-៣ កន្លែងនោះ យើងអាចប្រើឡេលាបស្បែកប្រភេទ Emollient Lotions ក្រែម ក្រមួន ឬក្រែមមានសារធាតុស្តេរ៉ូអ៊ីតតិចតួចក៏បាន។ អ្វីសំខាន់បំផុត ត្រូវធ្វើឲ្យស្បែកក្មេងមានសំណើមជាប់ជានិច្ច អាចប្រើ Emollient Lotions ច្រើនដងក្នុងមួយថ្ងៃ បើទោះជាគ្មានបញ្ហាស្បែកដែលបង្កដោយជំងឺត្រអកក៏ដោយ ដើម្បីការពារកុំឲ្យស្បែកក្មេងស្ងួត។
មានផលិតផលផ្តល់សំណើមស្បែកច្រើនជម្រើស យើងអាចជ្រើសយកផលិតផលមួយណាក៏បាន ដែលសក្តិសមសម្រាប់ស្បែកកូនយើង។ គួរសាកសួរព័ត៌មានបន្ថែមពីគ្រូពេទ្យ ដើម្បីដឹងថា ក្រែមផ្តល់សំណើមប្រភេទណាល្អចំពោះស្បែកក្មេង ប៉ុន្តែមិនគួរប្រើក្រែមមានលាយជាតិទឹកនោះទេ ព្រោះអាចបង្កការរំខានដល់ក្មេង។
៣. តើការព្យាបាលជំងឺត្រអកដោយថ្នាំស្តេរ៉ូអ៊ីតប៉ះពាល់ក្មេងអត់?
ជាញឹកញាប់ គ្រូពេទ្យតែងណែនាំឲ្យប្រើក្រែម ឬថ្នាំលាបដេលមានជាតិស្តេរ៉ូអ៊ីត។ វាមានសុវត្ថិភាព និងមិនមានគ្រោះថ្នាក់អ្វីឡើយ បើយើងប្រើបានត្រឹមត្រូវតាមការណែនាំ ខណៈផលរំខានចម្បង ធ្វើឲ្យស្តើងស្បែក ពេលប្រើរយៈពេលយូរ តែមិនមានការអះអាងណាមួយ ថ្នាំទាំងនេះ បង្កឲ្យស្បែកស្តើងរហូតទេ។ ត្រូវប្រើក្រែមស្តេរ៉ូអ៊ីតត្រឹមតែ ២ ដង/ថ្ងៃ ហើយប្រើក្រែមផ្តល់សំណើមជាប់លាប់។

៤. វិធីព្យាបាលតាមវិធីផ្សេងៗ
ថ្នាំគ្រាប់ Antihistamines (ថ្នាំប្រឆាំងអាលែកហ្ស៊ី) ប្រើនៅពេលក្មេងមានរមាស់ និងគេងមិនសូវបាន តែគេមិនសូវនិយមប្រើថ្នាំប្រភេទនេះឡើយ ដោយសារធ្វើឲ្យងងុយគេង ខណៈថ្នាំនេះអាចប្រើល្អបំផុតនៅពេលយប់។ គួរពិគ្រោះជាមួយគ្រូពេទ្យ មុននឹងប្រើប្រាស់ថ្នាំនេះ ហើយបើសិនជាស្បែកក្មេងមានសភាពធ្ងន់ធ្ងរ គួរប្រើថ្នាំលាប ឬក្រែមស្តេរ៉ូអ៊ីតបន្ថែម។ ក្នុងករណី នៅតែមិនបាត់ គួរទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសជំងឺសើស្បែក។
ដកស្រង់ពី៖ Hello Health Group