ម៉ាក់ៗត្រូវដឹង! ក្បួនទាំងនេះការពារមិនឲ្យរលាកស្បែកតាមគន្លាក់កកូន
ម៉ាក់ៗមួយចំនួនដែលមានកូនតូច អាចមានបញ្ហានឹងការរលាកស្បែករបស់កូនៗនៅតំបន់គន្លាក់ក ជាពិសេសកូនតូចៗណាដែលមានមាឌកាម៉ាប់ៗគួរឲ្យក្នាញ់នោះ ឆាប់កកិត ហើយរលាក។
ចុះម៉ាក់ប៉ាគួរធ្វើបែបណាបើកូនមានបញ្ហារលាកស្បែកត្រង់គន្លាក់កនេះ?
ស្បែកក្មេងៗដែលរលាកតាមគន្លាក់កនោះ គឺបណ្ដាលមកពីពេលបៅដោះម្ដាយ ឬទឹកដោះគោ មានហៀរទៅគន្លាក់ក សម្អាតមិនបានល្អ បែកញើសសើម ងូតទឹករួចជូតអត់ស្ងួត ទើបធ្វើឲ្យកកិតផ្អាប់ជាប់ក យូរៗក៏រលាកស្បែកកូនទៅ។
ដើម្បីមិនឲ្យមានបញ្ហារលាកស្បែកកូននេះកើតឡើងបាន ម៉ាក់ប៉ាគួរអនុវត្តតាមវិធីដូចជា៖
- ត្រូវសម្អាតទឹកដោះគោ ឬទឹកដោះដែលកំពប់សើមកដោយទឹកស្អាត (ចៀសវាងប្រើកន្សែងសើម ព្រោះវាសម្អាតមិនស្អាតល្អ និងនាំឲ្យកកិត)។
- បើកូនបែកញើសច្រើន ត្រូវងូតទឹកពេលថ្ងៃឲ្យកូនម្ដងទៀត និងផ្ដល់បរិយាកាសត្រជាក់ឲ្យកូន កុំឲ្យកូនបែកញើសខ្លាំងពេក។
- ពេលងូតទឹកហើយត្រូវជូតឲ្យស្ងួត ដើម្បីជូតសម្អាតកូនឲ្យបានល្អ គឺត្រូវប្រើកន្សែងដែលជក់ទឹកល្អ និងជូតរបៀបផ្ដិតៗបានថែទាំស្បែកកូនបានល្អទន់ល្មើយ (ពេលជូតគួរដាក់កង្ហារបានឆាប់ស្ងួត)។
- ប្រើជែល ឬគ្រីម លាបតាមគន្លាក់ៗ ដើម្បីកាត់បន្ថយភាពកកិតដែលងាយនាំឲ្យរលាក។
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត បានណែនាំបន្តថា ក្នុងករណីដែលបញ្ហារលាកស្បែកកូនកាន់តែរាលដាល ម៉ាក់ប៉ាត្រូវនាំកូនទៅជួបគ្រូពេទ្យជំនាញពិនិត្យ ដើម្បីបែងចែកប្រភេទជំងឺអោយបានច្បាស់ និងទទួលការព្យាបាលបានត្រឹមត្រូវ។
ដកស្រង់ពី៖Hello Krupet