៣ខែជិតសម្រាល! អ្នកម្ដាយគួរដឹងរឿងដែលគួរ និងមិនគួរធ្វើ ទើបកូនកើតមកសុខភាពល្អ
កាន់តែជិតដល់ថ្ងៃសម្រាល ស្ត្រីនឹងជួបប្រទះបញ្ហាពិបាកគេង នោមញឹកញាប់ ហើយការគេងមិនបាននេះមិនត្រឹមតែប៉ះពាល់សុខភាពនិងសម្រស់ម្ដាយប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់គភ៌នៅក្នុងផ្ទៃ ដូចជាការលូតលាស់យឺតយ៉ាវជាដើម។ ដូច្នេះដើម្បីសម្រួលបញ្ហានេះ អ្នកម្ដាយគួរតែដឹងពីអ្វីដែលគួរ និងមិនគួរធ្វើ ជាពិសេសក្នុងអំឡុងពេល៣ខែចុងក្រោយ ទើបកូនអាចមានសុខភាពល្អ៖
- រឿងដែលមិនគួរធ្វើ
១. កុំផឹកទឹកច្រើនពេក មុនចូលគេង

ស្ត្រីមានផ្ទៃពោះមិនគួរផឹកទឹកច្រើនពេកនោះទេនៅពេលល្ងាច ជាពិសេសចាប់ពីម៉ោង៨យប់ទៅ ដើម្បីជៀសវាងការឈឺនោមញឹកក្នុងពេលគេង ព្រោះក្នុងអំឡុងពេល៣ខែចុងក្រោយនេះ អ្នកអាចនឹងនោមញឹកស្រាប់ទៅហើយ ដោយសារតែទំហំគភ៌កាន់តែធំឡើងៗដែលបណ្ដាលឱ្យគាបប្លោកនោមរបស់ម្ដាយ។ ដូច្នេះបើត្រូវក្រោកនោមយប់ច្រើនដងពេក វាអាចធ្វើឱ្យអ្នកម្ដាយគេងវិញលែងលក់ ឬអស់កម្លាំងនៅពេលក្រោកឡើង។
២. កុំមើលទូរទស្សន៍ ឬលេងទូរសព្ទមុនចូលគេង
គ្រឿងអេឡិចត្រូនិកដូចជា ទូរសព្ទ និងទូរទស្សន៍អាចមានផលប៉ះពាល់ធ្ងន់ដល់ស្ត្រីមានផ្ទៃពោះ និងគភ៌។ ទូរសព្ទបញ្ចេញសារធាតុវិទ្យុសកម្ម ចំណែកទូរទស្សន៍វិញបញ្ចេញកាំរស្មី Ultraviolet ដែលគ្រោះថ្នាក់ខ្លាំង។ ម្យ៉ាងទៀត ទម្លាប់លេងទូរសព្ទ ឬមើលទូរទស្សន៍មុនចូលគេងនឹងបណ្ដាលឱ្យគេងលែងលក់ រឹងត្របកភ្នែក ឬស្រវាំងភ្នែកទៀតផង។
- រឿងដែលគួរធ្វើ
១. គេងផ្អៀងមកខាងឆ្វេង
បើអ្នកទម្លាប់គេងទៅស្ដាំ គួរតែរៀនប្ដូរមកគេងផ្អៀងខាងឆ្វេងម្ដង ដោយដាក់ជើងឆ្វេងសណ្ដូកត្រង់ ហើយជើងស្ដាំអង្កញ់បន្តិច។ អ្នកម្ដាយក៏អាចដាក់ខ្នើយកល់ក្រោមជើងដើម្បីកុំឱ្យចុក ឬនឿយ។

កាយវិការគេងបែបនេះជួយសម្រួលចលនាបេះដូងឱ្យដើរបានស្រួល អ្នកម្ដាយក៏ស្រួលដកដង្ហើម ហើយទម្ងន់គភ៌ដែលនៅក្នុងផ្ទៃក៏មិនសង្កត់សរសៃឈាមខ្លាំងពេក ដែលអាចឱ្យឈាមរត់ទៅកាន់សារពាង្គកាយបានល្អ។ ម្យ៉ាងទៀត ការគេងបែបនេះជួយសម្រួលដល់ការនាំឈាមទៅកាន់ស្បូន គភ៌ និងតម្រង់នោម ដែលជាហេតុនាំឱ្យគភ៌ក្នុងផ្ទៃមានផាសុកភាព មិនសូវរើ អ្នកម្ដាយក៏គេងលក់ស្រួល។
២. ម៉ាស្សា ឬត្រាំជើងមុនចូលគេង

ការម៉ាស្សាថ្នមៗមិនត្រឹមតែអាចជួយអ្នកម្ដាយឱ្យមានអារម្មណ៍ធូរស្បើយ បំបាត់អាការៈចុកស្រពន់ ឬហើមជើង និងគេងលក់ស្រួលជាងមុនប៉ុណ្ណោះទេ ថែមទាំងអាចជួយឱ្យស្បែកតឹងណែន និងបំបាត់សង្វារដែលកើតក្នុងពេលមានផ្ទៃពោះបានផង។
ចំណែកការត្រាំជើងក្នុងទឹកក្ដៅឧណ្ហៗដោយមានដាក់ដូចជា តែ អំបិល ខ្ញី ក្រូចឆ្មារ ឬស្លឹកគ្រៃអាចជួយកាត់អាការៈហើមជើង និងជួយឱ្យអ្នកម្ដាយមានអារម្មណ៍ស្រស់ស្រាយ គេងលក់ស្រួល។ បន្ថែមពីនេះ ពេលដាក់ជើងត្រាំ អ្នកម្ដាយគួររកស្វាមីម៉ាស្សាជើងថ្នមៗដើម្បីសម្រួលចលនាឈាម រក្សាតុល្យភាពក្នុងរាងកាយ និងជំនួយការគេងកាន់តែប្រសើរ។
ក្រៅពីទម្លាប់ធំៗខាងលើ អ្នកម្ដាយក៏ធ្វើពិចារណារឿងខាងក្រោមនេះផង៖
- ព្យាយាមសម្រាកឱ្យបានច្រើន កុំគិត ឬស្មុគស្មាញច្រើន ត្រូវធ្វើចិត្តឱ្យសប្បាយ ដោយមានការចូលរួមចំណែកពីស្វាមី និងក្រុមគ្រួសារ
- ជៀសវាងអាហារប្រភេទហឹរខ្លាំង ជាតិកាហ្វេអ៊ីន ឬគ្រឿងស្រវឹងដែលរំខានដំណេក
- ឧស្សាហ៍ស្ដាប់ចម្រៀង ហើយគេងនៅកន្លែងស្ងាត់
- ចូលគេងពីព្រលប់ ហើយទៀងម៉ោង
- កុំគេងថ្ងៃយូរពេក អាចគេងត្រឹមតែ៣០ ទៅ៤៥នាទីគឺល្អបំផុត
- បើអ្នកមានបញ្ហាគេងមិនបានកាន់តែខ្លាំងទៅៗ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ដើម្បីជៀសវាងបញ្ហាប៉ះពាល់គភ៌នៅក្នុងផ្ទៃ៕
ដកស្រង់ពី៖ Health.com