ទម្លាប់ ៥ យ៉ាងនេះហើយ! អ្នកមិនគួរបោះបង់នោះទេ ទោះក្លាយជាម៉ាក់គេក្តី
ស្រីៗយើងបានធ្វើរឿងដ៏អស្ចារ្យបំផុតក្នុងជីវិត ក្រោយផ្តល់កំណើតអូនតូចគួរឲ្យស្រលាញ់ម្នាក់។ ក្លាយជាម៉ាក់ថ្មីថ្មោង ច្បាស់ជាត្រូវទទួលអម្រែកធ្ងន់បន្តិចហើយ។ យ៉ាងណាកុំគិតតែពីគ្រួសារ ស្រីៗគ្នាយើងក៏គួរគិតខ្លួនឯងដូចគ្នាដែរ។
តើនាមជាអ្នកម៉ាក់គួរមានអ្វីខ្លះនៅពេលដែលក្លាយជាអ្នកម៉ាក់?
ពេលនេះយើងសូមណែនាំទម្លាប់ ៥ យ៉ាង មិនគួរបោះបង់ បើទោះក្លាយជាម្តាយគេក្តី៖

១. មានពេលបន្ធូរអារម្មណ៍
ក្រោយក្លាយជាម៉ាក់ៗថ្មីថ្មោង ស្រីៗគ្នាយើងស្ទើរទាំងអស់ នឹងចំណាយពេលមើលថែកូន ដូចជា បំបៅដោះ ឬប្ដូរខោទឹកនោម ជាការងារធ្វើឲ្យយើងរវល់គ្មានថ្ងៃលស់។ យ៉ាងណា គ្នាយើងគួរមានពេលមើលថែខ្លួនឯង ដូចជា ឆ្លៀតសម្រាកឲ្យបាន ១៥-៣០ នាទី ក៏អាចជួយបន្ធូរអារម្មណ៍តានតឹងបានខ្លះដែរ។ បើបារម្ភខ្លាចអាអូនភ្ញាក់ពេលសម្រាក អាចសុំបងប្អូន ឬប្តីជួយមើលបន្តិចក៏បាន។
២. កុំចោលសម្លៀកបំពាក់ចង្អៀតៗ
មានផ្ទៃពោះ ធ្វើឲ្យរាងកាយគ្នាយើងរីកធំ ត្រូវការសម្លៀកបំពាក់ថ្មីរលុងៗ តែក្រោយសម្រាលរួច ត្រូវការពេលដើម្បីរាងត្រលប់មកសភាពដើមវិញ។ អ៊ីចឹងហើយកុំបោះចោលសម្លៀកបំពាក់ចង្អៀតៗនោះអី។ យកល្អ ហាត់ប្រាណ ញ៉ាំអាហារបែបសុខភាព អាចជួយឲ្យរាងកាយរឹងមាំ ព្រមទាំងមានរាងស្អាត។ ពេលរាងស្គមវិញអាចប្រើខោអាវទាំងនោះបានហើយ។
៣. ថែស្បែក
ស្រីៗគ្នាយើងពេលមានផ្ទៃពោះ អ័រម៉ូនក្នុងរាងកាយប្រែប្រួលខ្លាំង និងជះឥទ្ធិពលដល់ស្បែក។ គ្នាយើងខ្លះអាចនឹងមានស្បែកកាន់តែស្អាតភ្លឺរលោង ប៉ុន្តែខ្លះទៀតបែរជាឡើងមុនក៏មាន។ ផលិតផលថែរក្សាស្បែកអាចមានជាតិគីមី ធ្វើឲ្យយើងបារម្ភប៉ះពាល់កូនក្នុងផ្ទៃ មិនហ៊ានប្រើប្រាស់អំឡុងពេលពពោះ។ ប៉ុន្ដែក្រោយសម្រាលរួច ស្រីៗគ្នាយើងគួរចាប់ផ្ដើមថែរក្សាស្បែកជារៀងរាល់ថ្ងៃដើម្បីសម្រស់ស្អាតឡើងវិញ។

៤. ស្រឡាញ់ខ្លួនឯងឲ្យបានច្រើន
ស្រលាញ់ខ្លួនឯងឲ្យបានច្រើន មុនស្រលាញ់អ្នកដទៃ ជាសភាវគតិរបស់មនុស្ស ទោះក្នុងករណីមានអូនៗក៏ដោយ។ កុំព្យាយាមធ្វើជាម៉ាក់ៗល្អឥតខ្ចោះ និងចូលចិត្តបន្ទោសខ្លួនឯងនោះ។ ពេលអូនៗយំ កុំដាក់អារម្មណ៍អាណិតខ្លាំងពេក ព្រោះក្មេងណាក៏យំដូចគ្នា។ ករណីមួយចំនួនទៀត អារម្មណ៍គ្នាយើងមានសម្ពាធ និងមានជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនរួច ដោយសារយើងបាត់បង់នូវគោលដៅជីវិត។ អ៊ីចឹងហើយ យើងគួរនិយាយពីបញ្ហាកំពុងប្រឈមទៅគ្រួសារ ប្ដី ឬមិត្តជិតស្និទ្ធ។
៥. ហាមលាក់បាំងកង្វល់ម្នាក់ឯង
គ្នាយើងមួយចំនួនកើតជំងឺបាក់ទឹកចិត្តក្រោយសម្រាលអាអូន ដោយសារមិនបើកចិត្តឲ្យទូលាយជាមួយប្តី។ យ៉ាងណា ប្តីយើងក៏មានកាត្វកិច្ចមើលថែទាំអូនៗដូចគ្នា ដូច្នេះបើត្រូវការជំនួយ គួរតែនិយាយជាមួយប្តីយើង ពេលខ្លះប៉ាវាក៏មិនដឹងធ្វើម៉េច ឬជួយដោយរបៀបណាដែរ។ លើសពីនេះ កុំមានអារម្មណ៍ភ័យខ្លាច ឬខឹង ពេលប្តីបង្កកំហុស ព្រោះសុទ្ធតែជាម៉ាក់ប៉ាថ្មីថ្មោងអត់បទពិសោធន៍ដូចគ្នា។
ដកស្រង់ពី៖ Hello Health Group