ពិបាកណាស់! មានស្រ្តីពពោះខ្លះ មានបញ្ហាឈឺផ្ចិត ត្រូវបណ្តាលមកពីអ្វី? គួរបារម្មណ៍ឬទេ?
ស្រីៗយើងពេលពពោះ នឹងជួបរឿងធ្វើឲ្យយើងមិនស្រណុកក្នុងខ្លនមួយចំនួន ហើយអាការៈឈឺចាប់មួយដែលយើងមិនសូវគិតថាកើតមាននោះគឺការឈឺចាប់នៅត្រង់ផ្ចិត។
ហេតុបានស្រ្តីពពោះខ្លះឈឺផ្ចិត? គួរទៅជួបពេទ្យពេលណា?
ខាងក្រោមនេះអ្នកនឹងបានស្វែងយល់កាន់តែច្បាស់អំពីមូលហេតុនៃការឈឺផ្សិតពេលពពោះ៖
១. ស្រ្តីពពោះតែងកើតមានបញ្ហាឈឺផ្ចិត?
អំឡុងពេលមានផ្ទៃពោះ រាងកាយស្រីៗយើងមានការប្រែប្រួលយ៉ាងខ្លាំងពីមួយខែទៅមួយខែ។ ស្រ្តីមួយចំនួនមិនជួបបញ្ហាឈឺផ្ចិតនេះទេ ប៉ុន្តែមានអ្នកខ្លះអាចជួបបញ្ហាឈឺផ្ចិតនេះសម្រាប់កូនដំបូង ហើយកូនទីពីរបែរជាលែងឈឺវិញក៏មាន។
យ៉ាងណា បើស្រីៗយើងជួបបញ្ហាឈឺផ្ចិតនេះ កុំព្រួយចិត្តអី វាជារឿងធម្មតាប៉ុណ្ណោះ។ ការឈឺចាប់នេះច្រើនកើតនៅពេលពោះយើងរីកកាន់តែធំ ពិសេសនៅត្រីមាសទីពីរ និងទីបី។
២. បញ្ហាឈឺផ្ចិតកើតឡើងដោយសារអ្វី?
ការឈឺផ្ចិតនេះ អាចកើតមានអាស្រ័យលើរាងកាយរបស់ស្រីៗយើង ទំហំពោះ និងភាពរលាស់នៃស្បែកជាដើម។ ពេលខ្លះ ក៏អាចមកពីការបញ្ហាផ្នែកវេជ្ជសាស្រ្តផ្សេងទៀតខ្លះដែរ។ ភាគច្រើនបំផុត ការឈឺផ្ចិតមិនមានគ្រោះថ្នាក់ទេ ហើយអាចបាត់ទៅវិញនៅពេលណាមួយក្នុងអំឡុងពេលពពោះ ឬក៏ក្រោយសម្រាល។
ដូចគ្នាដែរ ពេលស្បែក និងសាច់ដុំរបស់យើងរីកធំដល់កម្រិតអតិបរមាក្នុងអំឡុងពេលពពោះ ស្បែកពោះអាចមានស្នាមឆ្នូតៗ រមាស់ និងឈឺចាប់។ ផ្ចិតស្ថិតនៅចំណុចកណ្ដាលនៃការប្រែប្រួលពោះរបស់យើង ដែលការណ៍នេះអាចធ្វើឲ្យមានផលរំខាន ពេលមានការប្រែប្រួលលើពោះទាំងនេះ។
មួយវិញទៀត សម្ពាធពីស្បូន ក៏អាចធ្វើឲ្យមានការឈឺចាប់នៅត្រង់ផ្ចិតនេះដែរ។ នៅត្រីមាសដំបូងស្បូននៅតូច មិនទាន់រីកធំជាងឆ្អឹងពុយបីសរបស់យើងនៅឡើយ។ នៅពេលស្បូនកាន់តែធំ សម្ពាធនឹងកើតចេញពីក្នុងខ្លួនរុញមកពោះ និងផ្ចិត។
ការកើតក្លនក៏អាចធ្វើឲ្យស្រីៗពពោះមានបញ្ហាឈឺផ្ចិតដែរ តែមិនប៉ះពាល់ដល់ការពពោះនោះទេ។ ពិសេសចំពោះស្រីៗយើងមានកូនភ្លោះ ឬក៏ជាមនុស្សធាត់ខ្លាំងហើយមានផ្ទៃពោះ ក៏អាចកើតក្លន ដោយសារសម្ពាធក្នុងពោះក៏ខ្លាំងដែរ។ យ៉ាងណា បើយើងឈឺផ្ចិត ហើយមានឡើងប៉ោង ហើម ឬក្អួត យើងគួរទៅមន្ទីរពេទ្យដើម្បីបានទទួលការពិនិត្យបានត្រឹមត្រូវ។
ដើម្បីកាត់បន្ថយបញ្ហាឈឺផ្ចិតនេះ ស្រីៗយើងពពោះ ពេលគេង គួរគេងផ្អៀង និងដាក់ខ្នើយទ្រពោះផង ដើម្បីជួយដល់ការទ្រទម្ងន់ពោះ។
ដកស្រង់ពី៖ Hello Krupet