ក្រោយសម្រាលកូនរួច! អាការៈទាំងនេះជាសញ្ញាម៉ាក់ៗបាក់ចិត្តជាញឹកញាប់
ក្រោយសម្រាលកូនរួច ស្រីៗមួយចំនួនបែរជាមានបញ្ហាផ្លូវចិត្ត ផ្លាស់ប្តូរទាំងអារម្មណ៍ផ្លូវចិត្ត ផ្លូវកាយ និងអាកប្បកិរិយា ពិសេសស្រីៗដែលមានកូនដំបូង ខ្វះបទពិសោធក្នុងចិញ្ចឹមបីបាច់កូន។
ការដែលស្រីៗជួបវិបត្តិផ្លូវចិត្តក្រោយពេលសម្រាលកូនរួចថ្មីថ្មោង បណ្តាលមកពីកត្តាផ្លូវចិត្ត និងជីវសាស្ត្រ។ ក្នុងនោះមានការការប្រែប្រួលអ័រម៉ូន កត្តាជីវភាពខ្វះមុខខ្វះក្រោយ កូនធ្វើទុក្ខសម្រាកមិនបានគ្រប់គ្រាន់ មិនមានអ្នកជំនួសដៃជើង ឬក៏ទំនាក់ទំនងប្តីប្រពន្ធលែងផ្អែមល្ហែមដូចមុន។
តើមានអាការៈបាក់ចិត្តអ្វីខ្លះដែលអាចកើតឡើងក្រោយសម្រាល?
អាការៈបាក់ទឹកចិត្តក្រោយសម្រាលកូន៖

- ពិបាកគេង
- រវើរវាយ
- អស់កម្លាំងល្ហិតល្ហៃ
- អារម្មណ៍ងាយប្រែប្រួល
- អស់សង្ឃឹមក្នុងជីវិត
- មិនឃ្លាន
- គិតខ្លី ចង់ធ្វើអត្តឃាត។
ទោះយ៉ាងណាស្រីៗមួយចំនួន ជួបអាការៈបាក់ទឹកចិត្តតែក្នុងរយៈ៣ខែដំបូងប៉ុណ្ណោះ ដោយសារតែកូននៅតូចពេក ត្រូវមើលថែទាំកូនទាំងយប់ទាំងថ្ងៃ អ្នកខ្លះរកតែពេលគេងក៏មិនបាន ញ៉ាំក៏មិនត្រង់មាត់ទៀត។
ប៉ុន្តែចំពោះស្រីៗដែលមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ កុំឲ្យនៅអូសបន្លាយយូរអី ត្រូវសុំជំនួយពីអ្នកផ្ទះ ពិសេសស្វាមី ឬប្រញាប់ទៅពិគ្រោះជាមួយពេទ្យចិត្តសាស្ត្រ ដើម្បីឲ្យស្ថានភាពផ្លូវចិត្តប្រសើរឡើងវិញ។

ដកស្រង់ពី៖ Hello Health Group