បើមិនចង់គ្រោះថ្នាក់នោះទេ! កុំធ្វើរឿង ៣ នេះ ដាក់ក្មេងទើបកើត ប្រយ័ត្នមានបញ្ហាធំ
ចាស់ៗមួយចំនួននៅប្រកាន់ទំនៀមពីបុរាណលើការថែទាំទារកទើបកើតនៅឡើយ ហើយទម្លាប់ខ្លះមិនសមស្របនឹងក្បូនវេជ្ជសាស្ត្រនោះទេ។
តើមានរឿងអ្វីខ្លះដែលមិនគួរធ្វើដាក់ក្មេង?
ប៉ាម៉ាក់ត្រូវដឹងហើយហាមដាច់ខាតចំពោះការធ្វើ ៣ ចំណុចខាងក្រោមនេះលើទារកទើបកើត៖

១. បន្តក់ទឹកដោះលើភ្នែកកូន
ម៉ាក់ៗដែលកើតកូនតាមធម្មជាតិ អាអូនមានបញ្ហាភ្នែកច្រើនជាងសម្រាលដោយវះកាត់។ នៅពេលកូនស្អិតភ្នែក មានអាចម៍ភ្នែកនោះ ចាស់ៗ ឬម៉ាក់ៗមួយចំនួនបានបន្តក់ទឹកដោះម្តាយចូលភ្នែកកូន ដោយជឿថាទឹកដោះម្តាយល្អ ជាថ្នាំព្យាបាលភ្នែកដ៏សក្តិសិទ្ធ។ ជំនឿបែបនេះមិនសមហេតុសមផលឡើយ ហើយបច្ចុប្បន្នថ្នាំសង្កូវក៏សម្បូរបែបដែរ។ ការបន្តក់ទឹកដោះលើភ្នែករឹតតែធ្វើឲ្យភ្នែកស្អិត ហើម និងរលាកភ្នែក។ ភ្នែកកូនតូចឈឺ គ្រូពេទ្យបានណែនាំឲ្យបន្តក់សេរ៉ូមប្រៃ ឬបើមានបញ្ហាធ្ងន់ធ្ងរ ត្រូវនាំកូនទៅពេទ្យ។
២. ច្របាច់គ្រាប់ដោះកូន
ចាស់ៗសម័យមុន គឺឲ្យតែទារកទើបនឹងកើត ត្រូវច្របាច់ក្បាលដោះកូនឲ្យចេញគ្រាប់ ចៀសវាងពេលធំទៅដោះប្រែជាធំរយីករយាក ឬកើតជំងឺផ្សេងៗនៅកន្លែងនោះ ហើយមិនថាជាកូនប្រុស ឬស្រីឡើយឲ្យតែកើតមក ត្រូវធ្វើបែបនេះភ្លាម។ ការច្របាច់ក្បាលដោះកូន ប្រៀបដូចជានាំមេរោគឲ្យកូនដែរដោយសារមានការដាច់រលាត់ស្បែក ព្រោះបើដៃមិនស្អាត មេរោគនឹងជ្រៀតចូលទៅភ្លាម ហើយបើទោះជាដៃលាងសម្អាត ក៏មេរោគអាចចូលតាមធូលី ខ្យល់ ឬសម្លៀកបំពាក់កូនកកិតប៉ះចុះឡើងនៅកន្លែងនោះ។
៣. រោយម្សៅលើផ្ចិតកូន
ក្រោយចេញពីពេទ្យ ម៉ាក់ប៉ាត្រូវថែទាំផ្ចិតកូនឲ្យបានល្អ ដើម្បីបង្ការការឆ្លងរោគ ដោយធ្វើអនាម័យ និងលាងសម្អាតផ្ចិតកូនជាមួយអាល់កុល និងថ្នាំមេតាឌីន មិនត្រូវយកដីដំបូក សំបុកពីងពាង-ឆ្កែញ៉ាំង ផេះ ម្សៅហុយមកបិទ ឬរោយពីលើផ្ចិតនោះទេ។ ផ្ចិតកូនក្មេងនឹងក្រៀមជ្រុះដោយឯកឯងក្នុងអំឡុង ៥-១៥ ថ្ងៃក្រោយសម្រាល។
ដកស្រង់ពី៖ Hello Health Group