ខ្លាចកូនកើតមិនរឹងមាំ អន់ប្រាជ្ញា! សូមកុំបារម្ភបើម៉ាក់ៗអាហារប៉ូវប៉ុន្មានមុខនេះ
កូនកើតមករាងកាយរឹងមាំ ឬទន់ជ្រាយ មានបញ្ញាឆ្លាត ឬអត់ គឺអាស្រ័យលើរបបអាហាររបស់ម្តាយអំឡុងពពោះដែរ។ អ៊ីចឹងពេលដឹងថាមានផ្ទៃពោះ ឬពេលត្រៀមលក្ខណៈយកកូន ស្រីៗត្រូវបំប៉នអាហារសម្រាប់កូនក្នុងផ្ទៃ។
តើមានអាហារអីខ្លះទើបរាងកាយកូនរឹងមាំ ឯខួរក្បាលក៏លូតលាស់បានល្អនោះ?
ពេលនេះយើងនឹងធ្វើការបង្ហាញអំពីអាហារសម្រាប់អ្នកម្តាយកំឡុងពពោះដូចជា៖

១. អាហារសម្បូរជាតិកាល់ស្យូម
កាល់ស្យូមគឺជាសារធាតុរ៉ែ ដែលសម្បូរជាងគេនៅក្នុងទឹកដោះគោ ផលិតផលធ្វើសណ្តែកសៀង និងបន្លែបៃតង។ ចំពោះអត្ថប្រយោជន៍របស់កាល់ស្យូមវិញ គឺជួយឆ្អឹងម្តាយ-កូនរឹងមាំ ធ្មេញកូនក៏រឹងមាំដូចគ្នា។ មិនតែប៉ុណ្ណោះកាល់ស្យូមក៏មាននាទីជួយឲ្យចលនាឈាមរត់បានស្រួល សាច់ដុំបត់បែនបានល្អ និងជួយប្រព័ន្ធសរសៃប្រសាទក្នុងការបញ្ជូនសារពីខួរក្បាលទៅរាងកាយ។
២. អាហារសម្បូរ DHA
អត្ថប្រយោជន៍របស់ DHA ជួយដល់ការលូតលាស់ប្រព័ន្ធប្រសាទ និងភ្នែកទារកក្នុងផ្ទៃ មិនតែប៉ុណ្ណោះថែមទាំងជួយកាត់បន្ថយជំងឺបាក់ទឹកចិត្តរបស់ម្តាយក្រោយពេលសម្រាលកូន។ អាស៊ីដខ្លាញ់អូមេហ្កា ៣ ជាប្រភពផ្តល់នូវDHA ដែលវាសម្បូរនៅក្នុងត្រីសមុទ្រ ពិសេសត្រីសាលម៉ុន បង្គាធំៗ និងទឹកដោះម្សៅសម្រាប់ម្តាយ។ ម៉ាក់ៗត្រូវចាំថា កូនក្នុងផ្ទៃស្រូបទាញយក DHA តាំងពីនៅក្នុងពោះម្តាយ គឺចាប់ពីត្រីមាសទី៣ ពេលកើត និងរហូតដល់អាយុ ២ឆ្នាំ ដែលចាំបាច់ត្រូវតែបំពេញឲ្យបានគ្រប់គ្រាន់ ទើបខួរក្បាលកូនលូតលាស់បានល្អ កើតមកឆ្លាត។

៣. អាស៊ីដហ្វូលិក
អាស៊ីដហ្វូលិកជួយបង្កើតកោសិកាឈាមក្រហម ការពារភាពស្លេកស្លាំង អភិវឌ្ឍខួរក្បាល-ខួរឆ្អឹងខ្នងទារក ជួយបង្ការជំងឺបេះដូងពីកំណើតជាដើម។ ម៉ាក់អាចបំពេញអាស៊ីដហ្វូលិកតាមរយៈការញ៉ាំទឹកដោះគោម្សៅ វីតាមីនណាដែលមានសារធាតុអាស៊ីដហ្វូលិក ឬតាមរយៈរបបអាហារដែលសម្បូរអាស៊ីដហ្វូលិក រួមមានបន្លែបៃតងចាស់ គ្រាប់សណ្តែកគ្រប់មុខ ផ្លែក្រូច ផ្លែល្ហុង ផ្លែប៊ើរ ស៊ុត ជាដើម។
បន្ថែមពីលើរបបអាហារសំខាន់ប៉ុន្មានមុខខាងលើនេះ ម្តាយក៏ត្រូវបំប៉ននូវអាហារផ្សេងៗទៀតឲ្យបានគ្រប់គ្រាន់ សម្រាកឲ្យបានច្រើន ធ្វើលំហាត់ប្រាណខ្លះៗ កុំធ្វើការធ្ងន់លើសកម្លាំង និងត្រូវទៅតាមដានសុខភាពឲ្យបានទៀងទាត់។
ដកស្រង់ពី៖ Hello Health Group