មានធ្លាប់ឆ្ងល់ទេ! ម្តេចបានជាកូនទើបកើតយំយប់ខ្លាំងម្លេះ? មូលហេតុទាំងនេះអ្នកនឹងយល់ច្បាស់
ទើបក្លាយជាប៉ាម៉ាក់ថ្មីថ្មោងផង កូនតូចទើបកើតចេះតែយំយប់ជាប្រចាំ ច្បាស់ជាឆ្ងល់ផង បារម្ភផង និងថែមទាំងអាចមានអារម្មណ៍មួរម៉ៅផងដែរ។ បើសិនជាកូនយើងឲ្យតែដល់ពេលរសៀល ឬពេលក្បាលព្រលប់ចាប់ផ្ដើមយំធ្វើទុក្ខ អាចមកពីមូលហេតុច្រើនយ៉ាង តែក៏មិនគួរបារម្ភពេកដែរ ព្រោះនេះអាចជារឿងធម្មតា ហើយក្មេងផ្សេងទៀតក៏បែបហ្នឹងដែរ។
តើមានមូលហេតុដែលអ្វីខ្លះដែលធ្វើឪ្យក្មេងយំយប់?
ខាងក្រោមនេះ Parentingtip.com នឹងធ្វើការបង្ហាញអំពីចំណុច ៣ ប្រភេទដែលធ្វើឪ្យកូនអ្នកយំ៖
១. មូលហេតុក្មេងយំយប់
- រាងកាយកំពុងលូតលាស់ និងឃ្លាន៖ ព្រោះតែកូនយើងកំពុងស្ថិតនៅក្នុងដំណាក់កាលលូតលាស់ខ្លាំង ជាធម្មតាតានៅអាយុ២ទៅ៣សប្ដាហ៍ ៦សប្ដាហ៍ និង៣ខែ។ ក្នុងរយៈពេលនេះកូនទើបកើតតែងឃ្លានខ្លាំង និងត្រូវការបៅញឹកញាប់។
- លំហូរទឹកដោះយឺត ៖ ជាធម្មតាម៉ាក់តែគិតថាពេលកូនយំ កូនប្រហែលជាបៅ មិនបានគ្រប់គ្រាន់ តែវាមិនមែនបែបនេះគ្រប់ពេលនោះទេ។ សារធាតុក្នុងទឹកដោះម៉ាក់ៗប្រែប្រួលនៅពេលយប់ ហើយម៉ាក់ៗប្រហែលជាអាចសង្កេតមើលដឹងថាទឹកដោះហូរយឺតជាងធម្មតា។ ការប្រែប្រួលបរិមាណទឹកដោះនេះ អាចធ្វើឲ្យកូនរញ៉ាំរញ៉ូវដូចគ្នា។
- ហ្គាសក្នុងពោះ៖ បើកូនយើងមានជាតិហ្គាសនៅក្នុងពោះ ហើយមិនអាចបញ្ចេញមកក្រៅតាមប្រព័ន្ធរំលាយអាហារបានទេនោះ កូននឹងមានអារម្មណ៍មិនស្រួលក្នុងខ្លួនដូចគ្នា។
- កូនអស់កម្លាំងខ្លាំង៖ មានការយល់ច្រឡំជាទូទៅមួយថាការដាក់ក្មេងឲ្យនៅលេងយូរម៉ោង និងធ្វើឲ្យក្មេងគេងបានយូរដូចគ្នា។ ប៉ុន្តែ បើកូនយើងនៅភ្ញាក់មិនបានគេងថ្ងៃឲ្យបានត្រឹមត្រូវ នោះកូនយើងនឹងបែរជាអស់កម្លាំងខ្លាំងទៅវិញ។ ក្មេងដែលអស់កម្លាំងខ្លាំង នឹងពិបាកគេងនៅពេលយប់។
- ស្មារតីរបស់កូន៖ កូនតូចដែលមានការលូតលាស់ប្រព័ន្ធប្រសាទយឺត គឺមានប្រតិកម្មខ្លាំងទៅនឹងពន្លឺ សំឡេង និងការប្រែប្រួលមជ្ឈដ្ឋានជុំវិញខ្លួន។ ឧទាហរណ៍ដូចជាពន្លឺទូរទស្សន៍ ឬសំឡេងណាមួយបន្លឺឡើង ក៏ធ្វើឲ្យកូនយើងយំបានដែរ។
- ចុកក្នុងពោះ៖ បើសិនជាកូនយើងចេះតែយំពី៣ម៉ោង ឬលើសពីនេះ ក្នុងរយៈពេល៣ថ្ងៃក្នុងមួយសប្ដាហ៍ ពីបីសប្ដាហ៍ឡើងទៅ យើងគួរនាំកូនទៅជួបគ្រួពេទ្យហើយ។ គ្រូពេទ្យផ្នែកកុមារអាចពិនិត្យរកមូលហេតុ និងអាការៈរបស់កូនយើងបាន។
២. ក្មេងអាចឈប់យំយប់នៅពេលណា?
ក្មេងខ្លះ អាចនឹងងាយយំយប់នៅពេលមានអាយុបាន២ទៅ៣សប្ដាហ៍ ព្រោះពេលនេះជាពេលដែលកូនកំពុងលូតលាស់ខ្លាំង និងត្រូវការបៅញឹកញាប់។
ក្មេងមួយចំនួនទៀត នឹងមានបញ្ហាយំយប់ខ្លាំងបំផុតនៅសប្ដាហ៍ទី៦ ហើយមកដល់ដំណាក់កាលនេះ ប៉ាម៉ាក់ក៏អាចសង្ឃឹមដែរថា កូននឹងលែងសូវយំយប់វិញនៅពេលបន្ទាប់។
យ៉ាងណា គ្មានការកំណត់ជាក់លាក់ណាមួយថាកូនអាចនឹងលែងយំយប់នៅពេលណាឲ្យប្រាកដនោះទេ តែថាក្មេងភាគច្រើននឹងលែងសូវយំយប់នៅពេលមានអាយុ៣ទៅ៤ខែ។
៣. វិធីដោះស្រាយខ្លះៗ
- បីកូនជាប់ទ្រូង៖ ពេលកូនក្នុងវ័យនេះយំ ម៉ាក់ៗអាចលើកកូនបី ព្រោះថាការបាននៅជិត និងឮចង្វាក់បេះដូងរបស់ម៉ាក់ៗក៏អាចជួយឲ្យក្មេងមានអារម្មណ៍ស្ងប់ដែរ។
- បីដើរ៖ ដូចគ្នាដែរ ពេលកូនយំ យើងអាចបីកូនដើរចុះឡើងបន្តិចក៏បាន។ ចង្វាក់នៃការដើរចុះឡើង ក៏អាចធ្វើឲ្យកូនមានអារម្មណ៍ល្អខ្លះដែរ។
- បន្ថយកត្តារំខាន៖ ប៉ាម៉ាក់អាចបន្ថយពន្លឺភ្លើងក្នុងបន្ទប់ ឬបើមានបើកវិទ្យុ ឬទូរទស្សន៍ គួរបន្ថយសំឡេង ដើម្បីកាត់បន្ថយការរំខានដល់កូន។
- ប្ដូរទីតាំងបំបៅដោះ៖ ការប្រែប្រួលទីតាំងបំបៅដោះ អាចជួយឲ្យលំហូរទឹកដោះប្រែប្រួលដែរ ហើយការប្រែប្រួលលំហូរទឹកដោះនេះអាចធ្វើឲ្យកូនមានអារម្មណ៍ល្អឡើងវិញដែរ។
ដកស្រង់ពី៖ Hello Health Group