ម៉ាក់ៗទើបសម្រាល! បើធ្វើតាមប៉ុន្មានចំណុចនេះ ធានាថាឆាប់មានកម្លាំង និងសម្បូរទឹកដោះណាស់
ក្រោយសម្រាលកូនរួច រាងកាយស្ត្រីមិនទាន់ត្រលប់មកសភាពដើមវិញទេ កម្លាំងនៅខ្សោយ រាងកាយក៏ស្លេកស្លាំង ឯម៉ាក់ៗខ្លះអត់ទាំងមានទឹកដោះឲ្យកូនម៉ឹមទៀតផង។
តើអ្នកម៉ាក់ក្រោយសម្រាលអាចធ្វើដូចម្តេចដើម្បីជួយឪ្យមានកម្លាំង សម្បូរទឹកដោះ?
ខាងក្រោមនេះជាដំណោះស្រាយបញ្ហា ដែលបាននាំដោយគ្រូពេទ្យ៖

ស្ត្រីសម្រាលកូនរួចត្រូវការជីវជាតិបំប៉នច្រើនដូចពេលមានផ្ទៃពោះដែរ ព្រោះតែត្រូវផលិតទឹកដោះឲ្យកូនបៅបានគ្រប់គ្រាន់ សម្បូរដោយសារធាតុចិញ្ចឹម។
មួយវិញទៀត ពេលសម្រាលកូនរួចភ្លាមៗ រាងកាយនៅស្លេកស្លាំង ដោយសារបាត់បង់ឈាមច្រើនពេលសម្រាល។
ក្រោយសម្រាលកូនរួច ដើម្បីដោះស្រាយបញ្ហាស្លេកស្លាំង ស្ត្រីត្រូវញ៉ាំថ្នាំជាតិដែកឲ្យបាន ៤២ គ្រាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬញ៉ាំថ្នាំវីតាមីនផ្សេងៗទៀតដែលមានជាតិដែក ឬក៏ញ៉ាំអាហារដែលសម្បូរជាតិដែក មានដូចជា សាច់ក្រហម ថ្លើមសត្វ សណ្តែក ស៊ុត និងបន្លែពណ៌បៃតងចាស់។
ពាក់ព័ន្ធនឹងវិធីជួយឲ្យម្តាយសម្បូរទឹកដោះឲ្យម៉ឹមវិញអ្នកម៉ាក់ប្រើវិធីងាយៗទាំងនេះដូចជា៖

ទី១ ស្ត្រីត្រូវញ៉ាំអាហារចម្រុះមុខ ហើយសម្បូរជីវជាតិឲ្យបានគ្រប់គ្រាន់ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេសពពួក សម្ល ឬស៊ុប ចៀសវាងការញ៉ាំអាហារក្រៀមក្រោះ ដូចជាសាច់ប្រឡាក់អាំង អាហារហឹរ ឬផ្អាប់។
ទី២ ម៉ាក់ៗត្រូវឲ្យកូនបៅដោះឲ្យបានញឹកញាប់ និងទៀងទាត់ពេល ទើបក្រពេញទឹកដោះអាចផលិតទឹកដោះបន្ថែមទៀតកាន់តែច្រើន ធ្វើឲ្យម៉ាក់ៗសម្បូរទឹកដោះ។ ទី៣ ស្ត្រីត្រូវញ៉ាំទឹកឲ្យបានច្រើន ទើបបរិមាណនៃការផលិតទឹកដោះច្រើនដូចគ្នា ដោយសារក្នុងទឹកដោះម្តាយមានជាតិទឹកដល់ទៅ ៨០% ឯណោះ។
ដកស្រង់ពី៖ Hello Health Group