អ្នកម៉ាក់ចង់ដឹងទេ! ពេលណាទារកបញ្ចេញស្នាមញញឹមលើកដំបូង?
សម្រាប់ម៉ាក់ប៉ាថ្មីថ្មោង ជួបបញ្ហាជាច្រើន ដូចជា ការបំបៅកូនពេលយប់ជ្រៅ ឬជិតភ្លឺ ការផ្លាស់ប្ដូរកន្ទប ឬខោទឹកនោមឲ្យកូន រួមជាមួយនឹងការព្រួយបារម្ភផ្សេងៗទៀត។ តែចំពោះរឿងរំភើប សប្បាយរីករាយវិញ ក៏មានដែរ ជាពិសេសស្នាមញញឹមដំបូងរបស់កូន ដែលវាអាចធ្វើឲ្យម៉ាក់ប៉ា ភ្លេចអស់រាល់ទុក្ខកង្វល់នានា។
ខាងក្រោមនេះអ្នកម៉ាក់នឹងដឹងពេលដែលទារកបញ្ចេញស្នាមញញឹម៖
១. តើទារកអាចបញ្ចេញស្នាមញញឹមដំបូងលឿនកម្រិតណា?
តាមពិតទៅ ទារកទើបនឹងកើត អាចបញ្ចេញស្នាមញញឹមភ្លាមៗ ដោយគ្រូពេទ្យ ហៅស្នាមញញឹមនេះថា Reflexive Smile បណ្ដាលមកពីកត្ដាខាងក្នុង។ យើងក៏អាចសម្គាល់ស្នាមញញឹមនេះ ពេលទារកគេងផងដែរ។
ស្នាមញញឹមដំបូងនេះ អាចបណ្ដាលមកពីទារករីករាយ ដូចជាការបញ្ចេញលាមក ផោម ឬទទួលភាពកក់ក្តៅពីការស្ថិតនៅក្នុងរង្វង់ដៃរបស់ម៉ាក់ប៉ា។ នេះបើតាមវេជ្ជបណ្ឌិត Brittany Odom អ្នកជំនាញផ្នែកទារក នៅរដ្ឋ Florida អាមេរិក។
២. តើពេលណាទារកបញ្ចេញស្នាមញញឹមសង្គម?
ស្នាមញញឹមសង្គម (Social Smile) ជាស្នាមញញឹម កើតឡើងនៅពេលទារកសម្លឹង និងប្រតិកម្មជាមួយកាយវិការបស់យើង។ ស្នាញញឹមនេះ អាចកើតឡើងពេលទារកមានអាយុពី ២-៣ខែ។ វាគឺជាការឆ្លើយតបរបស់ទារក ទៅនឹងបរិស្ថានជុំវិញ ដូចជា ម៉ាក់ប៉ា អ្នកបីបាច់ថែរក្សា និងជាការវិវត្តនៃវិញ្ញាណយល់ដឹងពីសង្គម។
ជាមួយគ្នានេះ មានវិធីមួយចំនួន ជួយជំរុញឲ្យទារក ឆាប់បញ្ចេញការញញឹម មានដូចជា ការបីទារក សម្លឹងមើលទារក ញញឹមដាក់ទារក ច្រៀងឲ្យទារកស្ដាប់ និងការលេងជាមួយទារក។
ទោះយ៉ាងណា ស្នាមញញឹមគ្រាន់តែការវិវត្តដំបូងផ្នែកភាសាប៉ុណ្ណោះ នៅមានការវិវត្តជាច្រើនទៀត ដែលធ្វើឲ្យប៉ាម៉ាក់ថ្មីថ្មោង រំភើប សប្បាយរីករាយ ដូចជា ទារកចាប់ផ្ដើមចេះបញ្ចេញសំឡេង នៅអាយុពី ៦-៨ខែ និងចេះសើច នៅអាយុ ១៦សប្ដាហ៍។
សរុបមក យល់យ៉ាងដែរ? ចុះកូនម៉ាក់ចេះញញឹមពេលណា?
ដកស្រង់ពី៖ Hello Health Group