ធ្លាប់សម្រាលដោយវះកាត់! តើអាចធ្វើប៉ុន្មានដង ទើបមិនមានហានិភ័យ?
អ្នកម៉ាក់ម្នាក់បានសម្រាលដោយសារកាលពីកូនទី១ និងទី២មានទម្រង់បញ្ច្រាស ហើយត្រូវបានសម្រាលដោយការវះកាត់។ គាត់មានបំណងនឹងយកកូនមួយទៀត ហេតុនេះហើយ គាត់ចង់សួរថា
តើកូនទី៣របស់ខ្ញុំនឹងត្រូវការសម្រាលដោយវះកាត់ទៀត ឬយ៉ាងណា? បើដូច្នេះ តើវានឹងមានផលប៉ះពាល់អ្វីដែរឬទេ?
ការវះកាត់ជាបន្តបន្ទាប់តែងបណ្តាលឲ្យមានហានិភ័យច្រើនជាងការវះកាត់លើកដំបូង។ ការសិក្សាបានបង្ហាញថា ហានិភ័យនឹងកើនឡើងក្រោយសម្រាលដោយវះកាត់លើកទី៣ ហើយការសម្រាលកូនបែបធម្មជាតិក៏មិនត្រូវបានណែនាំផងដែរ បន្ទាប់ពីស្រ្តីទទួលបានការវះកាត់៣លើករួចមកហើយ។
ស្រ្តីដែលធ្លាប់ធ្វើការវះកាត់ពេលសម្រាលច្រើនដង អាចមានការប្រឈមនឹងហានិភ័យដូចជា៖
- មានសម្លាកលើកោសិកាស្បូន និងសរីរាង្គនៅក្បែរ
- បង្កជារបួសនៅប្លោកនោម និងពោះវៀន
- ការហូរឈាមធ្ងន់ធ្ងរ។
- មានបញ្ហាលើសុក អាចជា សុកចាក់ជ្រៅ ក្នុងស្រទាប់ស្បូន (placenta accreta) និងសុកស្ថិតនៅផ្នែកក្រោមខុសធម្មតានៃស្បូន (placenta previa)។
ជារួម ការវះកាត់ពេលសម្រាល និងសម្រាល តាមបែបធម្មជាតិបង្កជាហានិភ័យ ក៏ដូចជាអត្ថប្រយោជន៍រៀងៗខ្លួន។ ការសម្រេចចិត្ត ដើម្បីជ្រើសរើសវិធីសាស្រ្តសម្រាប់ការសម្រាលណាមួយ បន្ទាប់ពីធ្លាប់ធ្វើការវះកាត់រួចមកហើយនោះអាចជារឿងស្មុគស្មាញ ដូចនេះ អ្នកគួរតែប្រឹក្សាជាមួយវេជ្ជបណ្ឌិតមានជំនាញ ដើម្បីកំណត់ឲ្យបានជាក់លាក់ថាអ្នកស័ក្តិសមជាមួយការសម្រាលបែបធម្មជាតិ (VBAC) ឬតាមបែបវះកាត់។
បកស្រាយដោយ ៖ វេជ្ជបណ្ឌិត Anna Roslyakova