ក្រោយសម្រាលកូនរួច! អាហារបំប៉នល្អៗទាំងនេះ ជួយឪ្យម៉ាក់ៗមានសុខភាពល្អ មិនស្លេកស្លាំង
ស្ត្រីសម្រាលកូនរួច ត្រូវការជីវជាតិបំប៉នច្រើនដូចពេលមានផ្ទៃពោះដែរ ដោយហេតុថាម្តាយត្រូវផលិតទឹកដោះឲ្យកូនបៅ ដើម្បីកូនទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ លូតលាស់បានល្អ។
តើមានអាហារបំប៉នអ្វីខ្លះជួយអ្នកម៉ាក់ក្រោយសម្រាល?
សារធាតុបំប៉នចាំបាច់ដែលស្ត្រីបំបៅដោះកូនត្រូវការរួមមាន៖

១. ប្រូតេអ៊ីន
ប្រូតេអ៊ីនមានប្រភពពីត្រី សាច់ ស៊ុត គ្រឿងសមុទ្រ សណ្តែកគ្រប់ប្រភេទ និងគ្រាប់ធញ្ញជាតិ ហើយវាមានតួនាទីទ្រទ្រង់ការលូតលាស់ ថែរក្សា ជួសជុលជាលិការាងកាយ និងជួយបង្កើតប្រព័ន្ធសាច់ដុំ ឈាម និងឆ្អឹង។
២. កាល់ស្យូម
កាល់ស្យូមគឺជាសារធាតុរ៉ែ ដែលជួយឲ្យរាងកាយកូនលូតលាស់បានល្អ ពិសេសជួយដល់ឆ្អឹង និងធ្មេញកូនរឹងមាំ។ ប្រភពនៃកាល់ស្យូម មាននៅក្នុងទឹកដោះគោ ផលិតផលពីទឹកដោះគោ សណ្តែកសៀង ផលិតផលពីសណ្តែកសៀង ត្រីល្អិតៗជាដើម។
៣. ជាតិដែក
អំឡុងពេលសម្រាលកូន ស្ត្រីបាត់បង់ឈាមច្រើនណាស់ ធ្វើឲ្យរាងកាយស្លេកស្លាំង ដូចនេះដើម្បីអាចបំពេញគ្រាប់ឈាមក្រហមឲ្យបានច្រើនវិញ យើងត្រូវការញ៉ាំបរិមាណជាតិដែកឲ្យបានច្រើន។ ជាតិដែកមានតួនាទីបង្កើតគ្រាប់ឈាមក្រហម បំបាត់ភាពស្លេកស្លាំងបាន ដោយស្ត្រីក្រោយសម្រាលកូនហើយត្រូវញ៉ាំថ្នាំជាតិដែកឲ្យបាន ៤២ គ្រាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬញ៉ាំថ្នាំវីតាមីនផ្សេងៗទៀតដែលមានជាតិដែក ឬញ៉ាំអាហារដែលសម្បូរជាតិដែក ក្នុងនោះមានសាច់ក្រហម ថ្លើមសត្វ សណ្តែក ស៊ុត បន្លែបៃតងចាស់។

ក្រៅពីបំប៉នអាហារទាំងប៉ុន្មានមុខខាងលើ ស្ត្រីក្រោយសម្រាលកូនរួច ដែលបំបៅដោះកូន ត្រូវចៀសវាងគ្រឿងស្រវឹង ពិសេសស្រាថ្នាំបុរាណ ឬចិនសែ ហើយអាហារក្រៀមក្រោះក៏គួរចៀសវាងដែរ។ ឯកាហ្វេអាចញ៉ាំបាន តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ ហើយត្រូវញ៉ាំទឹកឲ្យបានច្រើន និងត្រូវហាត់ប្រាណនៅពេលរាងកាយយើងត្រលប់មកសភាពធម្មតា ក្នុងរយៈពេល ១ ខែកន្លះ ទៅ ២ ខែ។
ដកស្រង់ពី៖ Hello Health Group