ក្រោយសម្រាលភ្លាមៗ! អ្នកម៉ាក់មុនសម្រេចចិត្តចាក់ ថ្នាំឲ្យសាច់ស្អាត ត្រូវដឹង ៣ ចំណុចនេះសិន
តាមជំនឿ និងទម្លាប់តៗគ្នាមក ក្រោយសម្រាលរួចម៉ាក់ៗតែងនិយមចាក់ថ្នាំឲ្យឆាប់រឹងសរសៃ ពិសេសធ្វើឲ្យសាច់សស្អាតឡើងវិញ។
មុននឹងសម្រេចចិត្តចាក់ថ្នាំទាំងនោះ ម៉ាក់ៗគួរដឹងរឿងសំខាន់ខាងក្រោមនេះជាមុនសិន៖

១.ចាក់ថ្នាំសាច់ស្អាតចាំបាច់អត់?
មានម៉ាក់ៗដែលសម្រាលកូនរួចជាច្រើន ក្រោយចេញពីពេទ្យពេលទៅដល់ផ្ទះបានហៅពេទ្យដទៃទៀតមកចាក់ថ្នាំជាច្រើនថ្ងៃ ដោយយល់ឃើញថាអាចជួយឲ្យស្បែកស្អាត សរសៃសសូងឆាប់រឹងមាំ។
រឿងចាក់ថ្នាំបន្ទាប់ពីចេញពីពេទ្យមិនមែនជារឿងចាំបាច់នោះទេ ព្រោះវាមិនអាចជួយអ្វីបានច្រើន ឬជួយឲ្យសាច់ស្អាតឡើយ។ ថ្នាំគ្រាប់ជាតិដែកដែលគ្រូពេទ្យចេញវេជ្ជបញ្ជាឲ្យលេបគឺគ្រប់គ្រាន់ហើយ។
២. បើចាក់ថ្នាំ ម៉ាក់ៗអាចបំបៅកូនបានអត់?
ចំពោះម៉ាក់ៗដែលបំបៅដោះកូន គ្រូពេទ្យហាមមិនឲ្យចាក់ថ្នាំនោះទេ ព្រោះថ្នាំប្រភេទខ្លះប៉ះពាល់ដល់ការផលិតទឹកដោះ ជាតិថ្នាំនឹងចូលទៅក្នុងទឹកដោះ កូនម៉ឹមទៅអាចនឹងមានបញ្ហាសុខភាព។ ប៉ុន្តែបើម៉ាក់ៗណាដែលមិនបំបៅដោះកូន ហើយនៅតែចង់ចាក់ថ្នាំ ក៏មិនអីដែរ គ្រាន់តែត្រូវដឹងពីប្រភេទថ្នាំនោះថាវាជំនួយអ្វីចំពោះសុខភាព ឬអត់ ដើម្បីឲ្យច្បាស់ក្នុងចិត្តថាក្រោយចាក់គ្មានបញ្ហា និងមិនចំណាយប្រាក់អត់ប្រយោជន៍។
៣. ជំនួសឲ្យការចាក់ថ្នាំ ម៉ាក់ៗគួរជ្រើសរើសវិធីទាំងនេះ
ក្រៅពីថ្នាំគ្រាប់ជាតិដែកបំបាត់ភាពស្លេកស្លាំងអ្នកម៉ាក់គួរជ្រើសរើសរបបអាហារសម្បូរជីវជាតិ បូករួមការសម្រាកគ្រប់គ្រាន់នឹងជួយឲ្យម៉ាក់ៗស្រស់ថ្លាដោយខ្លួនឯង។
ថ្នាំដែលគ្រូពេទ្យដើរចាក់តាមផ្ទះនោះមិនអាចជួយអ្វីដល់យើងខ្លាំងជាងចំណីចំណុកឡើយ ព្រោះថាអាហារ មានត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ រួមទាំងការផឹកម្សៅទឹកដោះគោ ទើបមានវីតាមីន និងសារធាតុចិញ្ចឹមផ្ដល់ឲ្យរាងកាយបានល្អ សម្បូរទឹកដោះឲ្យបៅ។
ចុះសម្រាប់អ្នកម៉ាក់វិញយល់យ៉ាងណាដែរ?
ដកស្រង់ពី៖ Hello Health Group