ឈប់យល់ច្រឡំទៀតទៅ! ញ៉ាំទឹកដោះគោពេលពពោះ កូនកើតមកស្បែកសស្អាតនោះ
ពេលពពោះ ម៉ាក់ៗមួយចំនួនធំខិតខំញ៉ាំអាហារប៉ូវច្រើនមុខ ដើម្បីឲ្យកូនកើតមកមានសុខភាពល្អ ពេញលក្ខណៈ ជាពិសេសចង់ឲ្យកូនកើតមកស្អាតតែម្ដង។
ក្នុងចំណោមស្ត្រីពពោះ មានការលើកឡើងមួយថា ចង់បានកូនកើតមកស្បែកសស្អាត ម៉ាក់ៗគួរញ៉ាំទឹកដោះគោឲ្យច្រើន។

ការញ៉ាំទឹកដោះគោ ឬទឹកសណ្ដែក មិនអាចកំណត់ពណ៌សម្បុរកូនបានទេ។ តាមពិតទៅ ការដែលកូនកើតមកមានសម្បុរស គឺអាស្រ័យទៅលើពូជសាសន៍ និងហ្សែនរបស់ឪពុកម្ដាយតែប៉ុណ្ណោះ អាហារមិនអាចកំណត់ពណ៌សម្បុររបស់កូនយើងបានឡើយ។
ការញ៉ាំទឹកដោះគោមិនអាចកំណត់ពណ៌សម្បុរកូនបានក៏ពិតមែន តែទឹកដោះគោមានអត្ថប្រយោជន៍ដល់សុខភាពម្ដាយ និងកូននៅក្នុងផ្ទៃ។
ម៉ាក់ៗពពោះនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីសារធាតុចិញ្ចឹមនៅក្នុងទឹកដោះគោមានដូចជា៖

- ប្រូតេអ៊ីន៖ ជាសារធាតុចិញ្ចឹមចាំបាច់ចំពោះមនុស្សគ្រប់វ័យ ពិសេសចំពោះស្ត្រីពពោះ។ ម្យ៉ាងវិញទៀត គភ៌ត្រូវការប្រូតេអ៊ីន ដើម្បីលូតលាស់ និងបង្កើតជាលិកាល្អថ្មីៗច្រើន។
- កាល់ស្យូម៖ ទឹកដោះគោផ្ដល់កាល់ស្យូមគ្រប់គ្រាន់សម្រាប់ស្ត្រីពពោះ ព្រោះរាងកាយម្ដាយត្រូវការជាតិកាល់ស្យូម សម្រាប់ជួយដល់ការអភិវឌ្ឍឆ្អឹង សាច់ដុំ បេះដូង និងសរសៃប្រសាទរបស់គភ៌។ លើសពីនេះ ទឹកដោះគោជួយកាត់បន្ថយហានិភ័យក្នុងការកើតជំងឺពុកឆ្អឹងទៅថ្ងៃខាងមុខ។
- វីតាមីន D៖ វីតាមីន D និងកាល់ស្យូម ជួយរក្សាឆ្អឹងរបស់ម៉ាក់ៗឲ្យមានសុខភាពល្អ ហើយវាក៏សំខាន់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង ជាហេតុជួយកម្ចាត់រាល់មេរោគ ការពារទាំងម៉ាក់ និងអាអូនក្នុងផ្ទៃពីការឆ្លងជំងឺ។ ក្រៅពីនេះ ការទទួលបានវីតាមីន D គ្រប់គ្រាន់ក្នុងពេលពពោះ ជួយរក្សាទម្ងន់ទារកឲ្យមានសុខភាពល្អ។
ដកស្រង់ពី៖ Hello Health Group