មូលហេតុ 5 នេះហើយ! ទើបអ្នកម្តាយក្រោយសម្រាលកូនរួចមានបញ្ហាផ្លូវចិត្ត
ក្រោយសម្រាលកូនរួច ទន្ទឹមនឹងរីករាយទទួលសមាជិកថ្មី ស្រីៗមួយចំនួនបែរជាមានបញ្ហាផ្លូវចិត្ត អ្នកខ្លះដល់ថ្នាក់ធ្ងន់ធ្ងរទៀតផង
តើអ្វីខ្លះដែលធ្វើឪ្យស្ត្រីក្រោយសម្រាលមានបញ្ហាផ្លូវចិត្ត?
ស្រីៗដែលមានកូនដំបូង ខ្វះបទពិសោធ ជួបវិបត្តិផ្លូវចិត្តច្រើន ដែលបញ្ហាសំខាន់មកពីកត្តាផ្លូវចិត្ត និងជីវសាស្ត្រ។
១. អ័រម៉ូនប្រែប្រួល
អ័រម៉ូនប្រែប្រួល ក៏ធ្វើឲ្យអារម្មណ៍មនុស្សស្រីយើងប្រែប្រួលទៅតាមនោះដែរ ជួនកាលទៅជាមួរម៉ៅខុសធម្មតា ឆាប់ខឹងជាដើម ជាពិសេស Love Hormone (អ័រម៉ូនអុកសុីតូសុីន)។
២. កត្តាជីវភាព
និយាយដល់រឿងជីវភាព នរណាក៏ដូចនរណាដែរបើខ្វះមុខខ្វះក្រោយ ចំពេលដែលយើងមានកូនត្រូវចំណាយច្រើនទៀតនោះ ច្បាស់ជាម៉ាក់ៗពិបាកចិត្ត ទៅជាមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរក៏មាន។
៣. បែកផ្ទះ
ខ្មែរយើងមិនដូចបរទេសនោះទេ ការដែលស្រីៗយើងរស់នៅបែកផ្ទះពីគ្រួសារ ស្របពេលដែលយើងមានកូនទៀតនោះ ច្បាស់ជាឯកោ ទ័លដៃទ័លជើង យូរៗទៅអាចមានវិបត្តិសរសៃប្រសាទ។

៤. ទំនាក់ទំនងប្តីប្រពន្ធលែងដូចមុន
ក្រោយមានកូនប្រាកដណាស់ ទំនាក់ទំនងប្តីប្រពន្ធលែងផ្អែមល្ហែមដូចមុនទៀតហើយ ព្រោះយើងត្រូវចំណាយពេលច្រើនលើសលុបលើការមើលថែទាំកូនតូច ពេលខ្លះៗម៉ាក់រកតែសម្រាក ឬតែងខ្លួនសឹងតែមិនបាន។ កត្តានេះហើយធ្វើឲ្យស្រីៗមួយចំនួនទៅជាមានបញ្ហាផ្លូវចិត្ត បារម្ភខ្លាចជីវិតប្រេះស្រាំ ខ្លះទៀតខ្វល់ខ្លាចប្តីបែកចិត្តទៅមានថ្មី។
៥. កូនធ្វើទុក្ខ សម្រាកមិនគ្រប់គ្រាន់
មានកូនតូចមិនសូវធ្វើទុក្ខអត់បញ្ហាចោទទេ តែបើចំអាអូនធ្វើទុក្ខវិញ ម៉ាក់ៗច្បាស់ជាអត់បានដេកទាំងថ្ងៃទាំងយប់ហើយ ងាកៗយំរករឿង បៅ នោម ជុះ មិនស្វាងទេ។ សរសៃខ្ចីផង ណាកូនរករឿងមិនបានដេក មិនបានញ៉ាំពេញមាត់ ជាមូលហេតុធ្វើឲ្យម៉ាក់ៗមានបញ្ហាផ្លូវចិត្តលឿនបំផុត។
ដកស្រង់ពី៖ Hello Health Group