ម៉ាក់ថ្មីថ្មោងត្រូវដឹង! រឿងដែលមិនគួរធ្វើក្រោយសម្រាលកូនរួចដើម្បីកុំឪ្យគ្រោះថ្នាក់
ក្រោយសម្រាលអាអូនរួច ម៉ាក់ៗច្រើនតែមានបញ្ហាសុខភាព ដោយសារតមនេះតមនោះ ហើយត្រូវមើលថែទាំកូនទាំងយប់ថ្ងៃ មិនសូវមានពេលសម្រាកគ្រប់គ្រាន់ទៀត។
តើមានកត្តាអ្វីខ្លះដែលស្ត្រីក្រោយសម្រាលមិនគួរធ្វើ?
យើងនឹងណែនាំរឿងដែលស្ត្រីក្រោយសម្រាលគួរធ្វើ និងមិនគួរធ្វើ ដើម្បីចៀសវាងមានបញ្ហាដល់សុខភាព។
- អាហារក្រៀមក្រោះ-ហឹរ៖ អាហារប្រភេទនេះមិនមានជីវជាតិគ្រប់គ្រាន់សម្រាប់ម៉ាក់ៗនោះទេ ថែមទាំងធ្វើឲ្យអត់ទឹកដោះឲ្យកូនម៉ឹមទៀត។ ជំនួសឲ្យអាហារទាំងនោះ ស្រ្តីក្រោយសម្រាលត្រូវញ៉ាំអាហារចម្រុះមុខ មានទាំងបន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត។
- បន្លែ ឬសាច់ឆៅ៖ បន្លែ និងសាច់ឆៅ មិនមានសុវត្ថិភាពចំពោះសុខភាពយើង និងកូននោះទេ អាចនឹងឆ្លងពពួកប៉ារ៉ាស៊ីត ងាយនឹងរាករូស។
- ស្រា ឬស្រាថ្នាំ៖ ចាស់ៗជឿថាញ៉ាំថ្នាំខ្មែរ ស្រា ឬស្រាថ្នាំ ដែលផ្សំពីរុក្ខជាតិ ឫសរុក្ខជាតិ សត្វព្រៃផ្សេងៗ ក្រោយសម្រាលកូន ជួយឲ្យស្ត្រីឆាប់រឹងសរសៃខ្ចី និងបំបាត់អាការៈទាស់សរសៃ ដូចជាស្ពឹកដៃជើង ចុករួយចង្កេះខ្នង ស្រវាំងភ្នែក ព្រឺរងា។ តែការពិតញ៉ាំស្រា មិនអាចបំបាត់អាការៈទាំងប៉ុន្មានខាងលើនោះទេ តែវាធ្វើឲ្យប៉ះពាល់ទាំងសុខភាពភាពម្តាយ និងកូនធ្ងន់ធ្ងរ ប្រសិនបើម៉ាក់ៗបំបៅកូនដោយទឹកដោះ។
- អាំងភ្លើង ឬស្អំថ្មក្តៅលើពោះ៖ ស្ត្រីនៅជនបទមួយចំនួននៅបន្តទម្លាប់អាំងភ្លើង ដើម្បីឲ្យឆាប់រឹងសរសៃខ្ចី ឯការស្អំថ្មក្តៅលើពោះវិញដើម្បីឲ្យឆាប់ស្រកក្បាលពោះ ដែលទម្លាប់ទាំងនេះគ្រោះថ្នាក់ខ្លាំងចំពោះស្ត្រី។
ក្រោយសម្រាលរួចរយៈ១ខែកន្លះ គ្រូពេទ្យនឹងណាត់ឲ្យស្ត្រីទៅជួបទៅដើម្បីសុខភាព ពិសេសស្បូន តើត្រលប់មកធម្មតាវិញនៅ? បើសិនជាមិនមានបញ្ហាអ្វីចោទនោះទេ ស្ត្រី និងដៃគូអាចរស់នៅជាមួយបានធម្មតាវិញហើយ ប៉ុន្តែក្នុងនោះគ្រូពេទ្យនឹងណែនាំពីវិធីពន្យារកំណើតមួយ ចំនួនដល់ស្ត្រី ដើម្បីបង្ការការមានផ្ទៃពោះកូនបន្ទាប់ដោយចៃដន្យ ឬលឿនពេក ទុកឱកាសឲ្យសុខភាពរឹងមាំ មានពេលវេលាគ្រាប់គ្រាន់មើលថែទាំកូន ធ្វើការងារ ១ ឬ២ឆ្នាំសិនដែរ។
ដកស្រង់ពី៖ Hello Health Group