នៅពេលសម្រាល! ស្វាមីជាកម្លាំងចិត្ត ធំបំផុតដែលប្រពន្ធត្រូវការមិនអាចខ្វះបាន
ជាទូទៅ ស្រីៗដែលសម្រាលកូនតាមធម្មជាតិច្បាស់ជាត្រូវការការលើកទឹកចិត្ត ដើម្បីជម្នះរាល់ការឈឺចាប់អំឡុងពេលសម្រាលមិនខាន។ ការអង្អែលខ្នង ពាក្យពេចន៍ទន់ភ្លន់ ឬក៏សំឡេងដ៏រឹងមាំពីដៃគូ អាចធ្វើឲ្យយើងទទួលបានបទពិសោធន៍សម្រាលកូនដ៏អស្ចារ្យ។ ពិតណាស់ ដៃគូគាំទ្រនៅពេលសម្រាលដ៏ល្អម្នាក់ អាចជួយស្រីៗយើងបានច្រើនជាងការជូនទៅពេទ្យ ដើម្បីសម្រាលកូនទៅទៀត។
តើមានចំណុចអ្វីខ្លះដែលស្វាមីមិនគួររំលងនោះ?
ទាំងនេះជាអ្វីដែលស្វាមីគ្រប់រូបគួរធ្វើនៅពេលភរិយាសម្រាល៖

១. ផ្ដល់ការគាំទ្រចាំបាច់នៅអំឡុងពេលសម្រាល
ដៃគូនៅអំឡុងពេលសម្រាល នឹងផ្ដល់ការគាំទ្រផ្នែកអារម្មណ៍ និងការលួងលោមផ្នែករាងកាយជាចាំបាច់ដល់ស្រីៗយើង។ ដោយសារតែមនុស្សម្នាក់នេះ គឺជាអ្នកដែលស្គាល់យើងច្បាស់បំផុត គាត់ដឹងពីវិធីសាស្ត្រដែលធ្វើឲ្យអារម្មណ៍របស់យើងបានធូរស្បើយ អ្វីដែលត្រូវនិយាយ ឬជួយយើងឲ្យខិតខំប្រឹងប្រែង រហូតដល់សម្រាលកូនប្រកបដោយសុវត្ថិភាព។
២. ផ្ដល់ទំនុកចិត្ត និងកាត់បន្ថយឱកាសសម្រាលកូនដោយវះកាត់
ម៉ាក់ៗដែលជិតសម្រាលកូន អាចមានអារម្មណ៍មិនសូវស្រ្តេស នៅពេលមានដៃគូនៅក្បែរ ក្នុងអំឡុងពេលសម្រាល។ ជាក់ស្ដែង ដៃគូរូបនោះមានតួនាទីដ៏សំខាន់ក្នុងការជួយជំរុញ និងផ្ដល់ទំនុកចិត្តដល់ស្រីៗដែលជិតសម្រាល ឲ្យអាចគ្រប់គ្រងការសម្រាលកូនប្រកបដោយប្រសិទ្ធភាព

៣. ផ្ដល់ផលវិជ្ជមានដល់ការវិវត្តនៃការយល់ដឹងរបស់ទារក
យោងតាមសិក្សាមួយចំនួន បានបញ្ជាក់ថា វត្តមានរបស់ប៉ាៗ (ជាដៃគូអំឡុងពេលសម្រាល) និងការចូលរួមរបស់ពួកគេនៅអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍការយល់ដឹង និងផ្លូវចិត្តសង្គម របស់ក្មេង។ នៅពេលដែលប៉ាៗ ចូលរួមក្នុងដំណើរការសម្រាលកូន ក៏ដូចជាចាប់ផ្ដើមមានទំនាក់ទំនងដោយការប៉ះស្បែកនិងស្បែកជាមួយនឹងទារក ពួកគេនឹងបង្កើតទំនាក់ទំនងដ៏រឹងមាំជាមួយនឹងកូនរបស់ខ្លួន។
ចូរចងចាំថា ដៃគូអំឡុងពេលសម្រាល គឺជាមនុស្សម្នាក់ដែលមិនត្រឹមតែអាចទ្រាំទ្រជាមួយនឹងសម្ពាធប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏អាចណែនាំយើងបាន នៅអំឡុងពេលដ៏ពិបាកបំផុតនេះដូចគ្នា។
ដកស្រង់ពី៖ Hello Health Group