ពេលឈឺពោះ គ្រាន់តែសាកធ្វើតាមប៉ុន្មានចំណុចនេះ នឹងជួយកាត់បន្ថយការឈឺចាប់ខ្លះៗដែរ
ឈឺពោះសម្រាលកូន មិនមែនឈឺភ្លាម សម្រាលកូនភ្លែតនោះទេ ត្រូវឈឺរាប់ម៉ោង ខ្លះឈឺដល់ ១-២ ថ្ងៃឯណោះ ជាពិសេសស្ត្រីដែលទើបមានកូនដំបូង។ ដូច្នេះអ្នកម៉ាកពពោះក៏ត្រូវដឹងចំណុចទាំងនេះដើម្បីជួយកាត់បន្ថយបានដែរ។
តើមានចំណុចអ្វីខ្លះដែលស្ត្រីពពោះគួរធ្វើនៅពេលជិតសម្រាល?
ស្រីៗដែលត្រៀមសម្រាលកូនធ្វើតាម ៤ ចំណុចខាងក្រោមនេះ ដើម្បីកាត់បន្ថយការឈឺចាប់ទាំងនេះ៖
១. តាំងអារម្មណ៍ឲ្យល្អ
ទោះជាឈឺពោះតិច ឬខ្លាំង ម៉ាក់ៗត្រូវតាំងអារម្មណ៍ឲ្យបានល្អ ដកដង្ហើមវែងៗ កុំស្លន់ស្លោ ឬបាក់ទឹកចិត្តឲ្យសោះ ទើបអាចទប់ទល់នឹងការឈឺចាប់បានយូរ។ ម៉ាក់ៗត្រូវចាំថា ស្រីៗដទៃអាចឆ្លងកាត់វាបាន យើងក៏អាចឆ្លងកាត់បានដូចគ្នា។
២. ងូត ឬត្រាំទឹកក្តៅឧណ្ហៗ
ការងូត ឬត្រាំទឹកក្តៅឧណ្ហៗពេលឈឺពោះពិតជាអាចកាត់បន្ថយអារម្មណ៍តានតឹង និងការឈឺចាប់បានច្រើន ហេតុនេះទើបមានការសម្រាលក្នុងទឹក។ បើពុំអាចងូតទឹកក្តៅឧណ្ហៗបាន យើងអាចត្រាំដៃ-ជើង ឬយកកន្សែងពោះគោជ្រលក់ទឹកក្តៅឧណ្ហៗមកដាក់ត្រង់ចង្កេះដែលឈឺខ្លាំង។
៣. ដើរឲ្យបានច្រើន
ពេលកំពុងតែឈឺពោះល្មមៗអាចទ្រាំទ្របាន ម៉ាក់ៗកុំអង្គុយ ឬដេកនៅមួយកន្លែង ត្រូវព្យាយាមដើរចុះដើរឡើង ធ្វើបែបនេះអាចឲ្យយើងបន្លប់ការឈឺពោះបានមួយចំណែក ឬឯក្បាលកូនកាន់តែចុះក្រោមខ្លាំង ឆាប់សម្រាល។
៤. ម៉ាស្សាចង្កេះ ឬបាតជើង
ពេលឈឺពោះខ្លាំង ឯកូនក្នុងពោះកាន់តែចំកោង ស្រីៗគ្នាយើង ច្បាស់ជាចុករួយចង្កេះដែលពេលខ្លះចង់ដាច់ចង្កេះក៏មាន។ ការម៉ាស្សា ឬច្របាច់ចង្កេះ និងបាតជើងថ្នមៗដោយពេទ្យឆ្មប ឬប៉ាៗដែលទៅកំដរម៉ាក់ៗ អាចជួយសម្រាលការឈឺចុកចាប់បានខ្លះ។
៥. ផឹកទឹកផ្លែឈើផ្អែមៗ
ទឹកផ្លែឈើផ្អែមៗ ដូចជាទឹកត្រឡាច ទឹកសណ្តែក ម៉ាក់ៗអាចផឹកពេលកំពុងឈឺពោះ ដើម្បីជាជំនួយឲ្យមានកម្លាំងប្រឹងកើតអាអូន។
ដកស្រង់ពី៖ Hello Health Group