ពេលពពោះ ស្រីៗច្រើនតូចចិត្ត យំ អារម្មណ៍មិនល្អដោយសាររឿងទាំងនេះ
ស្ត្រីមានផ្ទៃពោះអារម្មណ៍នឹងផ្លាស់ប្ដូរ ដោយសារអ័រម៉ូនប្រែប្រួល ដូចនេះហើយបានជាឆាប់ខឹង ឆេវឆាវ តូចចិត្ត គិតច្រើនតែឯង។ មិនតែប៉ុណ្ណោះ បើស្វាមីមិនយកចិត្តទុកដាក់មើលថែភរិយាទ្វេដងនាពេលនាងមានផ្ទៃពោះ ស្រីៗប្រាកដជាឧស្សាហ៍យំតូចចិត្តម្នាក់ឯងមិនខាន។
នៅពេលពពោះមូលហេតុទាំងនេះដែលបណ្តាលឪ្យតូចចិត្ត យំដូចសាររឿងទាំងនេះ៖
១. ចង់ញ៉ាំ តែមិនបានដូចចិត្ត
មានស្ត្រីពពោះមិនតិចអ្នកទេដែលជួបប្រទះបញ្ហានេះ។ ការញ៉ាំអាហាររបស់ស្រីៗមានកូន គឺមិនកំណត់ឡើយ នឹកឃើញចង់អ្វីភ្លាម ប្រើប្ដីឲ្យទៅទិញភ្លែត ហើយបើប្ដីខ្លះគ្មានចិត្ត និងដឹងពីទុក្ខលំបាករបស់ម៉ាក់ៗប្រាកដជាប្រាប់ឲ្យចាំពេលនេះពេលនោះ បែបនេះហើយទើបម៉ាក់ៗខ្លះដេកយំម្នាក់ឯង ហើយគិតថាប្ដីមិនខ្វល់ពីខ្លួន។
២. គិតថាប្ដីលែងស្រលាញ់
មនុស្សស្រីពេលពពោះអារម្មណ៍មិនមូលឡើយ ច្រើនតែគិតនេះគិតនោះ ជាពិសេសគិតថាប្ដីលែងមានចិត្តស្រលាញ់ដូចដើម ព្រោះតែការមានផ្ទៃពោះអាចផ្លាស់ប្ដូររូបរាងពីមុនទៅជាលែងស្អាត ព្រោះស្បែកខ្មៅស្រអាប់ មុខមុន មាឌធំជាដើម។ នៅពេលឃើញប្ដីមានកាយវិការមិនស្និទ្ធស្នាលដូចមុន ប្រាកដជាគិតថា ព្រោះខ្លួនមិនស្អាតដូចមុន ប្ដីពិតជាលែងស្រលាញ់ដូចមុនហើយ។
៣. គិតថាប្ដីមានស្រី
ការគិតបែបនេះ ព្រោះតែឃើញប្តីមិនសូវចាប់អារម្មណ៍ ហើយថែមទាំងមានឫកពាប្លែកៗទៀតនោះ ម៉ាក់ៗនឹងតាមឃ្លាំមើល ឬតាមចាប់កំហុស។ នៅពេលឃើញអ្វីជាចំណុចសង្ស័យភ្លាម ហើយនឹងទៅសម្ងំដេកយំម្នាក់ឯងជាក់ជាមិនខាន មិនត្រឹមតែប៉ុណ្ណោះឈានដល់ការតាមដានចាប់ឲ្យបានទៀតផង។ ការដែលធ្វើឲ្យខ្លួនឯងស្មុគស្មាញបែបនេះអាចប៉ះពាល់ដល់ខ្លួនឯង និងកូនក្នុងផ្ទៃទៀតផង។
៤. គិតថាខ្លួនហត់តែឯង
ពពោះពិតជាមិនមែនរឿងងាយស្រួលឡើយ ហើយមកត្រូវរ៉ាប់រងការងារផ្ទះហើយ ការងារក្រៅទៀតនោះ ពិតជាហត់នឿយខ្លាំង។ ប្រសិនបើស្វាមីចេះគិត នឹងជួយរំលែកការងារក្នុងផ្ទះខ្លះៗ ដើម្បីឲ្យប្រពន្ធកូនបានសម្រាកយកកម្លាំង តែបុរសខ្លះមិនសូវចេះគិត មកដល់ផ្ទះ ប្រាកដជាដេកលេងទូរស័ព្ទធ្វើហី មិនខ្ចីខ្វល់ពីប្រពន្ធពោះធំ។ ដូចនេះហើយបានជាស្រីៗទៅលួចពួនយំតូចចិត្តម្នាក់ឯង ព្រោះភាពហត់នឿយទាំងពិបាកក្នុងខ្លួនព្រោះកូន និងពិបាកការងារផ្ទះមួយមុខទៀត។
ដកស្រង់ពី៖ Hello Health Group