ម៉ាក់ៗប្រយ័ត្នផង! ផលវិបាកប៉ុន្មាននេះ បណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃ
កូនស្លាប់ក្នុងផ្ទៃ ជាធម្មតាត្រូវបានកំណត់ថា ជាការស្លាប់របស់ទារកនៅ ឬបន្ទាប់ពី២៤ សប្ដាហ៍នៃការមានផ្ទៃពោះ។
តើមានមូលហេតុអ្វីខ្លះដែលអាចបណ្តាលឪ្យកូនស្លាប់ក្នុងផ្ទៃ?
មូលហេតុចម្បងៗ ដែលបណ្ដាលឲ្យបង់បាត់ទារកក្នុងផ្ទៃ ទាំងមិនទាន់ឃើញពន្លឺថ្ងៃ អាចមកកត្តាខាងក្រោមនេះ៖
១. មូលហេតុដែលបណ្ដាលឲ្យមានបញ្ហាកូនស្លាប់ក្នុងផ្ទៃ
បញ្ហានេះអាចបណ្ដាលពីផលវិបាកផ្សេងៗកើតមានអំឡុងពេលពពោះដូចជា៖
- ជំងឺបម្រុងក្រឡាភ្លើង ឬជំងឺក្រឡាភ្លើង
- បញ្ហាទាក់ទងនឹងសុក ឬទងសុក កំណើតមិនធម្មតា
- ការបង្ករោគដូចជាជំងឺគ្រុនចាញ់ និងជំងឺកាមរោគ
- សុខភាពមិនសូវល្អរបស់ម្ដាយ។
២. ស្ត្រីដែលប្រឈមនឹងហានិភ័យបញ្ហាកូនស្លាប់ក្នុងផ្ទៃ
ការស្លាប់របស់ទារកក្នុងផ្ទៃអាចកើតឡើងលើស្ត្រីពពោះគ្រប់វ័យ ហើយវាអាចកើតឡើងដោយមិនអាចទាយទុកមុនបាន ពិសេសបើស្ត្រីមានកត្តាប៉ុន្មានខាងក្រោមនេះ ហានិភ័យកូនស្លាប់ក្នុងផ្ទៃខ្ពស់ដូចជា៖
- ម៉ាក់ពពោះអាយុលើស ៣៥ឆ្នាំឡើង
- ជក់បារី ផឹកគ្រឿងស្រវឹង ឬប្រើគ្រឿងញៀន
- ថែទាំសុខភាពមុនសម្រាលមិនបានល្អ
- ខ្វះអាហារូបត្ថម្ភ
- ពពោះកូនភ្លោះ (២ឬច្រើន)
- ធាត់លើសទម្ងន់
- ប្រើប្រាស់បច្ចេកវិទ្យាជំនួយការបន្តពូជ
- ការមានផ្ទៃពោះដំបូង។
ចំណាំ៖ ការបញ្ជាក់ពីការស្លាប់ទារកធ្វើឡើងតាមរយៈការមើលអេកូសាស្ត្រ។ ការពិនិត្យអេកូសាស្ត្រជាប្រចាំតាមការណាត់ជួបរបស់វេជ្ជបណ្ឌិត ក៏អាចផ្ដល់ផលល្អក្នុងការរកឃើញបញ្ហាមួយចំនួនក្នុងការមានផ្ទៃពោះដែលអាចព្យាបាល ដើម្បីចៀសវាងការស្លាប់របស់ទារក។
ដកស្រង់ពី៖ Hello Health Group