សំខាន់ណាស់! ដបទឹកដោះគោលាងរួចយកទៅស្ងោរ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ
មានហេតុផលជាច្រើននាំឲ្យម៉ាក់ប៉ាសម្រេចចិត្តឲ្យកូនបៅម្សៅទឹកដោះគោ ជំនួសទឹកដោះម្ដាយ។ ទោះជាទឹកដោះគោអាចជំនួស តែមិនល្អដូចទឹកដោះម្ដាយឡើយ ហើយការជ្រើសរើសកំប៉ុង និងលាងសម្អាតមិនបានត្រឹមត្រូវ រឹតតែផ្ដល់ហានិភ័យដល់កូនទៅវិញ។
ម៉ាក់ប៉ាជាច្រើនបានយល់ច្រឡំថា បន្ទាប់ពីលាងសម្អាតដោយសាប៊ូរួច យកដបទៅស្ងោរសម្លាប់មេរោគ ទើបអាចកម្ចាត់ជាតិកខ្វក់ពីដបបាន។ ប៉ុន្តែទម្លាប់បែបនោះ នាំឲ្យជាតិពុលចេញពីដបទឹកដោះគោ ធ្វើឲ្យកូនមានគ្រោះថ្នាក់ទៅវិញ។
ការស្រុះ ឬស្ងោរដបទឹកដោះគោកូន ដោយដាំទឹកលើភ្លើងចង្ក្រាន គឺប៉ះពាល់ដល់ទារក ព្រោះជាទូទៅដបទឹកដោះគោផលិតពីសារធាតុ Polycarbonate Plastic Material (PP) មើលនៅបាតដប ហើយវាងាយនឹងបម្លែងទៅជា Bisphenol-a (BPA) នៅពេលត្រូវកម្ដៅខ្លាំងក្នុងទឹកពុះ។ សារធាតុនេះប៉ះពាល់លើផ្នែកប្រព័ន្ធភាពសាំ និងសុខភាពកូនធ្ងន់ធ្ងរ។ ដូច្នេះបើម៉ាក់ៗចង់ទិញដបដោះគោឲ្យកូនបៅ ត្រូវជ្រើសរើសរកប្រភេទ #2,#4,#5, BPA Free ហើយជំនួសការសម្អាតពីការស្រុះទឹកក្ដៅលើភ្លើង ទៅជាត្រាំក្នុងទឹកក្ដៅឧណ្ហៗវិញ។
ម៉ាក់ៗខ្លះជឿថាលាងសម្អាតដបទឹកដោះគោ គឺចាំបាច់ត្រូវតែប្រើទឹកក្ដៅដាំពុះ ទើបសម្លាប់មេរោគអស់។ ប៉ុន្តែទឹកក្ដៅខ្លាំង បានធ្វើឲ្យជាតិពុលចេញពីដបទឹកដោះគោនៅពេលត្រាំ នាំឲ្យប៉ះពាល់ដល់សុខភាពកូន ដោយជំងឺផ្សេងៗរួមទាំងជំងឺមហារីក។ សារធាតុ Bisphenol-a មានគ្រោះថ្នាក់បំផុតសម្រាប់រាងកាយកូន ជាពិសេសខូចខាតប្រព័ន្ធប្រសាទ និងប្រព័ន្ធបន្តពូជ។
ដូចនេះជម្រើសល្អបំផុត គឺទឹកដោះម្ដាយ ព្រោះសម្បូរជីវជាតិសព្វបែបយ៉ាង ហើយចំណេញថវិកាលើទឹកដោះគោ ដប សាប៊ូលាងសម្អាត ព្រមទាំងគ្មានភាពហត់នឿយលាងដុសច្រើន ពោលពេលកូនឃ្លានពេលណាលើកមកបំបៅពេលនោះ។
ដកស្រង់ពី៖ Hello Health Group